ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើង នៃនគរូបនីយកម្ម, សម្តេចធិបតី បានផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
ទី១. ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង, ក្រសួង-ស្ថាប័នជំនាញនិងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តអនុវត្តដោយឈរលើគោលការណ៍ជាអាទិភាព ២ គឺ ១). បង្កើនល្បឿនការអភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការវិនិយោគស្របតាមប្លង់គោលប្រើប្រាស់ដីធ្លី រាជធានីភ្នំពេញឆ្នាំ២០៣៥, និង២).ផ្ដើមគិតពីកិច្ចការសាងសង់សំណង់នីមួយៗ ឱ្យស្របតាមការវិវត្តនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
ទី២. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប, វ័យឆ្លាត និងសន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ, ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារសាធារណៈដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន។
ទី៣. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ, ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅ ចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោង “ស្ពានអាកាសមរតកតេជោ” ជាដើម។
ទី៤. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងរបស់ យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្ដាញលូ អណ្ដូងលូ និង ប្រឡាយរំដោះទឹក ព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍ចំពោះករណី ជំនន់ទឹកភ្លៀង និងប្រធានសក្ដិនានា ដែលអាចកើតមានជាយថាហេតុ។
ទី៥. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ
(បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និងក្មេងទំនើងទាំងតាមសាលារៀន និងក្នុងសហគមន៍។ ល។) ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ- អន្ដរជាតិ ឱ្យបានល្អប្រសើរ ពោលគឺ ត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំជាប់ មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវលើកលែងឡើយ។
ទី៦. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ សំដៅ, ម្យ៉ាង, កាត់បន្ថយថ្លៃនៃការធ្វើដំណើរ (ចំណេញពេល និង សេដ្ឋកិច្ច), បង្កើនសេវាកម្មជិះរថយន្តក្រុង និងម៉្យាងទៀត កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅក្នុងទីក្រុង ជាមួយនឹងការបង្កើនសម្រស់របស់រាជធានីយើង។ បន្ថែមលើនេះ, ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងទៅ និងចេញពីបម្រើការងារ រដ្ឋបាលរាជធានីភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញទើបដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ចរាចរធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





















