ខេត្តកំពង់ចាម: ដោយសារតែដីជាតិល្អនៅបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់បង ប្អូនប្រជាពលរដ្ឋបាននាំគ្នាដាំដុះទុរេនដែលរហូតមកដល់ពេលនេះមានចំនួនជិត៥០០ហិចតា។ ជាមួយនោះក៏មានឈ្មួញធំៗបានចុះប្រមូលទិញដាក់កុងតឺន័រនាំចេញទៅប្រទេសថៃនិងចិនរាប់រយតោនឯណោះ។ ទាំងនេះបានជួយលើកស្ទួយជីវភាពដល់ម្ចាស់ចម្ការបានធូរធារមួយកម្រិតផងដែរ។
លោករស់ វីរ៉េត មេឃុំអារក្សត្នោតមានប្រសាសន៍ឲ្យដឹងអ្នកល្ងាចថ្ងៃទី១៦ មិថុនាឆ្នាំ២០២៤ថា: ចំការទុរេនពេលដែលហុចផលដោយក្នុងមួយហិចតាអាចលក់បានជាមធ្យមរហូតដល់ជាង ១០០លានរៀលឯណោះ។ ដំបូងតំបន់នេះអ្នកភូមិនាំគ្នាដាំដុះតិចតួចតែដោយសារតម្លៃចេះតែកើនឡើងរសជាតិឆ្ងាញ់ទើបចេះតែនាំគ្នាដាំដុះតាមគ្នារហូតមកដល់ពេលនេះមានរយៈពេលប្រហែល២០ឆ្នាំហើយ។ ជាមួយនោះគេក៏បានឃើញអ្នកម៉ៅការទុរេនស្រី មុំ មានលក់ដល់ចំការដោយមួយគីឡូតម្លៃ២៥០០០រៀល គឺគាត់លក់របស់ចម្ការនៅទីនេះសុទ្ធសាធ ពេលណាផុតរដូវកាលទុរេនគឺលែងលក់តែម្ដង។ មិនតែប៉ុណ្ណោះថែមទាំងបាននាំទៅលក់នៅរាជធានីភ្នំពេញទៀតផង។
លោកមេឃុំមានប្រសាសន៍បន្តឲ្យដឹងទៀតថា សម្រាប់ចំការអ្នកផ្សេងនៅបែកអន្លូងគេលក់បោះដុំក្នុងមួយគីឡូក្រាមតម្លៃ១៧០០០៛ទៅ១៨០០០៛ ហើយមានខ្លះទៀតមួយគីឡូ២២០០០៛។
យ៉ាងណាមិញនៅក្នុងឆ្នាំ២០២៤នេះដោយប្រទេសកម្ពុជា រងឥទ្ធិពលអាកាសធាតុអែលណីណូ ក្តៅជាហេតុធ្វើឲ្យទុរេនហុចផលមានការថយចុះជាងឆ្នាំកន្លងទៅខ្លះងាប់ដើមក៏មានដែរ។ អាជ្ញាធរមូលដ្ឋានបានលើកឡើងទៀតថាគ្រាពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជីកនៅព្រែកជីកហ្វូណនរួចរាល់ហើយនោះ ការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់ប្រទេសចិននិងតំបន់ផ្សេងទៀតគឺមានភាពកាន់តែងាយស្រួលហើយចំណាយថវិកាអស់តិចជាងការដឹកតាមរថយន្ត។ ជាមួយនោះក្នុងអំឡុងពេលឯកឧត្តមគួច ចំរើន នៅជាអភិបាលខេត្តកំពង់ចាម គ្រោងបង្កើតសមាគមទុរេនបែកអន្លូង តែម្ចាស់ចំការទាំងអស់មិនបានស្របគំនិតគ្នាតែមួយនោះទេក្នុងនោះមានអ្នកខ្លះគិតបាត់ផលប្រយោជន៍…។មកដល់រាល់ថ្ងៃក៏សមាគមនេះមិនទាន់កើតចេញនៅឡើយទេ។ មានអ្នកដែលស្គាល់រាប់អានរូបលោក មុននឹងមកលេងបែកអន្លូងគឺបានទូរសព្ទសួរនាំជាមុន ពេលទិញទុរេនយកមកពិសារគឺត្រូវចិត្តតែខ្លះទៀតមិនស្គាល់ពេលទិញយកទៅហូបខ្លះថាមិនឆ្ងាញ់ក៏មានដែរ។ ជាមួយនោះក៏មានការលេចឮទុរេននាំមកពីប្រទេសថៃគេថានាំមកពីខាងសំឡូត
ហ្នឹងនាំមកពីប្រទេសវៀតណាមលក់នៅកម្ពុជាគេថាមកពីមណ្ឌលគិរីទៅវិញ។
លោកមេឃុំអារក្សត្នោតបញ្ជាក់ថាក្នុងនាមរូបលោកជាអាជ្ញាធរមូលដ្ឋានពិតជាចង់ឃើញណាស់ដែលថ្នាក់ដឹកនាំចង់បង្កើតសមាគមទុរេនបែកអន្លូង នៅតំបន់ខ្លះទៀតគេបានបង្កើតចេញថែមទាំងបិទតែមQRកូដទៀតផង។សម្រាប់ទុរេននៅតំបន់អារក្សត្នោតនេះចំពោះដើមដែលដាំអាយុ១០ឆ្នាំឡើងអាចហុចផលបានរហូតដល់ជាង១០០ ផ្លែហើយអាយុកាលរបស់វា៣០ទៅ ៤០ឆ្នាំក៏នៅតែទទួលផលឲ្យតែយើងចេះថែទាំបានល្អ។ ជាមួយនោះលោកពេញវិបុល អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ធ្លាប់បានអញ្ជើញមក បែកអន្លូងពិសាទុរេន ដោយសរសើរថាមានរសជាតិឆ្ងាញ់។
ទុរេនត្រូវបានបងប្អូនម្ចាស់ចម្ការនៅតំបន់នេះបានចាប់ផ្ដើមប្រមូលផលនៅដើមខែឧសភារហូតដល់ចុងខែមិថុនានិងអស់ផ្លែហើយ។តែដល់ពាក់កណ្ដាលខែកក្កដា ២០២៤ ខាងមុខហ្នឹងហុចផលចុងរដូវបន្តិចបន្តួចប៉ុណ្ណោះ។
មានការកត់សម្គាល់ថាទុរេនបែកអន្លងផុតរដូវហើយតែអ្នកលក់មួយចំនួនតូចមានចរិតខិលខូចបន្លំលក់ដាក់ថាទុរេនបែកអន្លូងទៅវិញ គំនិតមិនល្អបែបនេះត្រូវបានពលរដ្ឋដឹងជាបណ្ដើរៗហើយ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី













