សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ខែមិថុនានេះ បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្តោះអាសន្នលោកអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីបើកការស្រាវជ្រាវ ស៊ើបអង្កេត ដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា និងឲ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ។
សូមរំលឹកថា តាមវីដេអូដែលបង្ហោះលើបណ្តាញសង្គមនាពេលថ្មីៗនេះ លោកអនុសេនីយទោ រឿន សារ៉ាវុធ បានចុះល្បាតក្នុងមូលដ្ឋាននាពេលយប់ ហើយបានសួរ និងវាយបុរសម្នាក់។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Meas Saborn បានលើកឡើងថា មានអំណាចណាស់…ណ៎..លោកឪសមត្ថកិច្ច ហេតុដូចម្តេចបានជាសួរហើយវ៉ៃ សួរហើយវ៉ៃ បែបនេះ ។ មើលសភាពគាត់ដូចជាមនុស្សស្លូតត្រង់ល្អធម្មតាទេ និងមើលទៅគាត់ដូចមិនបានលួចឆក់ប្លន់អ្នកណាអីដែរ គួរតែសួរនាំគាត់ធម្មតាៗទៅវាថី បើគាត់វង្វេងផ្លូវយើងជាសមត្ថកិច្ចត្រូវជូនគាត់ទៅផ្ទះ ។
អស់លោកអ្នកធំៗខាងលើជួយមើលលោកធំជាកូនចៅខាងក្រោមផង ទង្វើបែបនេះងាប់ប្រជាជនស្លូតត្រង់អស់ ។ ខុសត្រូវមិនត្រូវប្រើហិង្សារំលោភសិទ្ធរស់រានរបស់គេឡើយ ។ ទីតាំងដូចអ្នករស់នៅរង្វង់មូលភ្នំកូលេន ខេត្តសៀមរាប៕រក្សាសិទ្ធដោយ ៖ សុទ្ធលី






