Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាដែលបង្កឡើងដោយគ្រឿងស្រវឹង

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងថាក្រុមហ៊ុនចំនួន១០ ជាសមាជិក ​​បានរួមគ្នាចុះហត្ថលេខាលើក្រមប្រតិបត្តិ ក្នុងនាមជាឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក​​ គឺជាការរីកចម្រើននៃឧស្សាហកម្មគ្រឿងស្រវឹង និងកិច្ចប្រតិបត្តិការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវដើម្បីតម្កល់ផលប្រយោជន៍រួម និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ។

ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អញ្ជើញជាអធិបតីក្នុង «ពិធីចុះហត្ថលេខាក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា» ដែលបានសហការរៀបចំឡើងដោយ ក្រុមហ៊ុន​​ហ៊ិននិគែន ​(ខេមបូឌា)​​​​​ ឯ.ក ក្រុមហ៊ុនខេមប្រូវ ​(Carisberg Cambodia) សមាគម​ APISWA និងសមាគម WSBIDA ដែលមានក្រុមហ៊ុនចំនួន១០ ជាសមាជិក ​​បានរួមគ្នាចុះហត្ថលេខាលើក្រមប្រតិបត្តិ ក្នុងនាមជាឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក​​ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការគាំទ្រឱ្យមានឧស្សាហកម្មគ្រឿងស្រវឹងមួយដែលមានការទទួលខុសត្រូវខ្ពស់​​ និងការបង្កើតស្តង់ដារួមមួយសម្រាប់អនុវត្តក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារ ប្រកបដោយការទទួលខុសត្រូវ​​ដែលអាចរក្សាបាននូវដំណើរការលូតលាស់នៃសេដ្ឋកិច្ចជាតិផង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនថែមទៀត​ ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ ​​និងសុខដុមនីយកម្មនៅក្នុងសង្គមកម្ពុជា និងចូលរួមគិតគូរពីសុខភាពសាធារណៈ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាដែលបង្កឡើងដោយគ្រឿងស្រវឹង,ការប្រើប្រាស់គ្រឿងស្រវឹងនាំឱ្យកើតចេញជាបញ្ហាផ្សេងៗដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជំរុញដល់ការសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចុះហត្ថលេខានាឱកាសនេះ គឺជាការបង្កើតបាននូវកាលានុវត្តភាពថ្មីមួយក្នុងបរិបទការរីកលូតលាស់យ៉ាងឆាប់រហ័សសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែកការរីកចម្រើននៃឧស្សាហកម្មគ្រឿងស្រវឹង និងកិច្ចប្រតិបត្តិការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវដើម្បីតម្កល់ផលប្រយោជន៍រួម និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនផលិតគ្រឿងស្រវឹង ក្រុមហ៊ុននាំចូល ចែកចាយ និងក្រុមហ៊ុនផ្សព្វផ្សាយគ្រឿងស្រវឹង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការ ទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា និងវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាបានផលប្រយោជន៍រួម ការលូតលាស់សេដ្ឋកិច្ចជាតិ និរន្តរភាពការងារជូនប្រជាពលរដ្ឋកម្ពុជា និងធានាប្រព័ន្ធផ្សព្វផ្សាយឱ្យមានដំណើរការល្អ ដែលជាកម្លាំងចលករជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានការរីកចម្រើនថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកសាង ប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

បទប្បញ្ញត្តិនៃក្រមប្រត្តិបត្តិនេះ ថ្មីត្បិតតែមិនមានលក្ខណៈចាប់បង្ខំ និងចងកាតព្វកិច្ចផ្លូវច្បាប់ ប៉ុន្តែជាបទប្បញ្ញត្តិខាងផ្នែកសីលធម៌ ដែលមានដាក់ចេញនូវគោលការណ៍អនុវត្តល្អបំផុតមួយ សម្រាប់ក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងភាគីពាក់ព័ន្ធទាំងអស់អាចយក ទៅអនុវត្តនៅក្នុងកិច្ចការធុរកិច្ចរបស់ខ្លួនប្រកបដោយភាពថ្លៃថ្នូរ និងការទទួលខុសត្រូវចំពោះសង្គម ដូចជាគោលការណ៍៖ លើកកម្ពស់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ការទិញផលិតផលគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ មិនត្រូវផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយការជំរុញ ឬញុះញង់ឱ្យទទួលគ្រឿងស្រវឹងច្រើនលើសលប់ ឬការប្រើប្រាស់គ្រឿងស្រវឹងមិនសមស្របណាមួយដែលអាចបង្កហានិភ័យដល់សង្គម។

ក្រមប្រតិបត្តិនេះ ស្របនឹងបរិបទនៃការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអន្តរជាតិ រួមមាន សម្ព័ន្ធអន្តរជាតិដើម្បីការទទួលគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ដែលស្របជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញនាពេលកន្លងមក ដើម្បីលើកកម្ពស់ការការពារអនីតិជន សេចក្តីថ្លៃថ្នូររបស់ស្ត្រី សិទ្ធិបុគ្គលឯកជន វប្បធម៌ សីលធម៌ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនៃការពង្រឹងការធ្វើធុរកិច្ចរបស់ឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក ជំរុញ និងគាំទ្រដល់ការប្រកួតប្រជែងដោយ ស្មើភាពក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្ម កុំឱ្យជ្រុលហួសហេតុ និងថ្លឹងថ្លែងអំពីការធានានិរន្តរភាព នៃដំណើរការលូតលាស់សេដ្ឋកិច្ច និរន្តរភាពទីផ្សារការងាររបស់ប្រជាពលរដ្ឋ និងធានាចំណូលសម្រាប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយបុរាណ ដែលកំពុងប្រឈមទៅនឹងស្ថានភាពបិទទ្វារជាបណ្តើរៗ ដោយសារការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយ ទំនើប និងវិបត្តិសេដ្ឋកិច្ចដែលពិភពលោកកំពុងជួបប្រទះ។

ចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំដាក់ចេញនូវយន្តការ នីតិវិធី បទដ្ឋានគតិយុត្ត និងការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលមានក្រសួងព័ត៌មានជាប្រធាន និងមានសមាសភាពពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ហើយក្រុមការងារ មានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេស លើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, កំណត់វិធានការបច្ចេកទេស សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត ។ រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាពនិងសុវត្ថិភាព។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន ក៏បានអញ្ចើញម្ចាស់ក្រុមហ៊ុនទូរទស្សន៍ចំនួន១៦ និងក្រុមហ៊ុនផ្សាយពាណិជ្ចកម្មចំនួន៧ ដែលកំពុងប្រតិបត្តិការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា មកប្រជុំពិភាក្សា និងធ្វើការណែនាំដោយបានដាក់ចេញនូវគោលការណ៍ ៤ចំណុចសំខាន់ៗសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្សាយពាណិជ្ចកម្មត្រូវអនុវត្ត៖ ទី១ .

ហាមអនុញ្ញាតឱ្យមនុស្សឡើងលើឆាកប្រកួត ឬឆាកសម្តែងនានាទទួល ទានគ្រឿងស្រវឹង ។ ទី២. ហាមពិធីករ ពិធីការិនី និងសិល្បៈករ សិល្បៈការិនី ឬជនដែលមានឥទ្ធិពលនៅក្នុង បណ្តាញទំនាក់ទំនងសង្គមគាស់ក្រវឹលកំប៉ុង និងជំរុញឱ្យគេទទួលទានគ្រឿងស្រវឹង ។ ទី៣. រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងត្រូវតែដាក់សារព្រមាន “ទទួលទានគ្រឿងស្រវឹង សូមកុំបើកបរ” ឬ “ ទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ”។ ទី៤. តម្រូវឱ្យពិធីករ ពិធីការិនីផ្សព្វផ្សាយសារអប់រំឱ្យបានញឹកញាប់អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ព្រមទាំងអនុវត្តតាមបទបញ្ជា សារាចរណែនាំស្តីពីការផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន ដែលមានដាក់ចេញនាពេលកន្លងមក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×