ស្ទឹងត្រែង ៖ លោក ទុំ នីរ៉ូ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង (លើកទី ៣) ស្តីពី វិធានការទប់ស្កាត់ និងដកហូតដីដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានទន្ទ្រានយ៉ាងអនាធិបតេយ្យយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រ ភូមិបានប៊ុង និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សូមជម្រាបជូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១ ៩១៤,២៣៦៧ហិកតា (មួយពាន់ប្រាំបួនរយដប់បួនក្បៀសពីពាន់បីរយហុកសិបប្រាំពីរ) ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង (តាមបណ្តោយផ្លូវចូលវារីអគ្គិសនីសេសានក្រោម២)។
កន្លងមក ក្នុងកំឡុងពេលមានការឆ្លងរាលដាលជម្ងឺកូវីដ១៩ ក្រុមជនខិលខូច និងមេខ្យល់បានគៀរគរបង ប្អូនប្រជាពលរដ្ឋជាច្រើននាក់សម្រុកចូលមករំលោភទន្ទ្រានកាន់កាប់ដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ស្ថានីយស្តារព្រៃឈើ និងភូតគាម) យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យដោយគ្មានញញើតច្បាប់បន្តិចសោះឡើយ។ ជាច្រើនលើកច្រើនសារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តធ្លាប់បានសហការ ជាមួយអាជ្ញាធររដ្ឋបាលឃុំភ្លុក និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសាន ចុះទៅពន្យល់ អប់រំណែនាំ និងធ្វើ កិច្ចសន្យាជាបន្តបន្ទាប់ក៏បងប្អូននៅតែរឹងទទឹងមិនព្រមចាកចេញ។ ជាងនេះទៅទៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះ អនុវត្តរុះរើនូវសំណង់អាណាធិបតេយ្យចេញពីទីតាំងខាងលើ តែត្រូវបានក្រុមជនអាណាធិបតេយ្យទាំងនោះបង្កនូវភាព រារាំង និងប្រទូសារ៉ាយជាមួយនឹងសមត្ថកិច្ច។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សូមដាក់ឱសានវាទជាលើក ចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋឆ្លៀតឱកាសទាំងអស់ដែលបានចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ដោយខុសច្បាប់ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ត្រូវរុះរើ និងចាកចេញពីទីតាំងនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិត។
ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលើ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងចាត់វិធានការអនុវត្តស្របតាមនីតិវិធីច្បាប់ រួមមាន៖ -នាំខ្លួនអ្នកពាក់ព័ន្ធជាក់ស្តែងដែលបានកាប់រានទន្ទ្រានដី និងតាំងលំនៅដ្ឋានខុសច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។ -បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដែលគៀងគរឲ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំងខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។ – ក្នុងករណីមិនព្រមរុះរើ ចាកចេញ និងបញ្ឈប់នូវការចូលរស់នៅ និងកាន់កាប់ខុសច្បាប់ កម្លាំងគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងចាត់វិធានការស្របតាមច្បាប់ដោយមិនទទួល ខុសត្រូវលើការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិឡើយ។
ជាថ្មីម្តងទៀត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សង្ឃឹមយ៉ាងមុតមាំ និងមានជំនឿលើស្មារតីទទួល ខុសត្រូវខ្ពស់របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការល្អក្នុងការអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ដោយបញ្ចៀសបាននូវការខូចខាតទ្រព្យសម្បត្តិ និងប្រឈមមុខនឹងការអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






