ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានលើកឡើងថា ខេត្តកំពង់ធំ បានចាត់តាំងអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវការអនុវត្តបានជាប្រចាំនូវគោគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យមុខសញ្ញាចាស់ថយចុះជាបណ្តើរៗ រីឯមុខសញ្ញាថ្មី សមត្ថកិច្ចអាចកំណត់មុខសញ្ញាបាននិងធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ក្រោមអធិបតីឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធទូទាំងខេត្តកំពង់ធំ។
ក្នុងនាមជាតំណាងឱ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចូលរួមក្នុងពិធីប្រកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានប្រាប់ឱ្យដឹងថា តាមរបាយការណ៍ដោយឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ គឺថាខេត្តបានចាត់តាំងអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវការអនុវត្តបានជាប្រចាំនូវគោគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យមុខសញ្ញាចាស់ថយចុះជាបណ្តើរៗ រីឯមុខសញ្ញាថ្មី សមត្ថកិច្ចអាចកំណត់មុខសញ្ញាបាននិងធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ជាក់ស្តែងនៅក្នុងត្រីមាសទី១ ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២៤ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរ បទល្មើសព្រហ្មទណ្ឌនៅទូទាំងខេត្តមានការថយចុះ បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣។ ការចូលរួមអនុវត្តនូវបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តបានចាត់វិធានការធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ ចំពោះមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ។
ថ្លែងក្នុងនាមឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន បានថ្លែងដោយគូសបញ្ជាក់ថា ក្រុមប្រឹក្សាខេត្តកំពង់ធំត្រូវបានតំណាងប្រជាពលរដ្ឋ (សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់) ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ មានភារកិច្ចតាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពរបស់រដ្ឋបាលខេត្ត ដើម្បីជំរុញក្នុងការធានាឱ្យមានសន្តិសុខ ស្ថេរភាព លើកកម្ពស់បាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសណ្តាប់ធ្នាប់ល្អ បន្តថែរក្សាបាននូវសុខសន្តិភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងការអនុវត្តការងារជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














