ភ្នំពេញ ៖ ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សម្រាប់ប្រយោជន៍នៃការអនុវត្ត គោលនយោបាយ និងកម្មវិធីកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់ កាន់តែខ្លាំងក្លាលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដោយក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការ និងបំពេញការងារឈរលើអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយត្រូវបំពេញមុខងារ និងភារកិច្ចនៅក្នុង កិច្ចសហការ និងការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក។
សម្តេចធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានគូសបញ្ជាក់នូវចំណុច សំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
១. គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាព មន្ត្រីជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹង ភាពជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព, ការពង្រឹងប្រព័ន្ធដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការការងារ, ការកសាងវប្បធម៌ផ្តល់សេវាល្អ, ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ, និងការកែប្រែឥរិយាបទរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ, មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈល្អ។ លើសពីនេះ, គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់ឱកាស និងលើក ទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការចូលរួមផ្តល់ការបណ្តុះបណ្តាល និងកម្មវិធីចែករំលែកចំណេះដឹងដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម របស់សាលាភូមិន្ទរដ្ឋបាល។
ទី២.គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់បន្ថែម ទៀតដល់ការរៀបចំក្របខ័ណ្ឌសមត្ថភាពមន្ត្រី ក្នុងមុខតំណែងនីមួយៗជាមូលដ្ឋានក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីអនុវត្តមុខងារ និងភារកិច្ច ក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច, គណនេយ្យភាព និងការទទួលខុសត្រូវច្បាស់លាស់ គាំទ្រដល់ដំណើរការនៃការកសាងរដ្ឋបាលសាធារណៈ ឈរលើទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបាន រៀបចំ និងដាក់ឱ្យអនុវត្តជាបណ្តើរៗ។
ទី៣. ក្រសួងមុខងារសាធារណៈ ត្រូវគិតគូរដល់ការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍសមត្ថភាពមន្ត្រីក្នុងរដ្ឋបាលសាធារណៈដើម្បីប្រើប្រាស់ជាផែនទីចង្អុលផ្លូវសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តើមចេញពីការពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ននៃការកសាងសមត្ថភាពមន្ត្រីសាធារណៈ,
ការរៀបចំក្របខណ្ឌអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រព័ន្ធដោយឈរលើគោលការណ៍គុណភាពនៃការបណ្ដុះបណ្តាល និងប្រសិទ្ធភាពចំណាយ, ការរៀបចំកម្មវិធីសិក្សាប្រកបដោយគុណភាពឆ្លើយតបនឹង សេចក្តីត្រូវការជាក់ស្ដែង ការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយនឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍអាជីពមន្ត្រី, ការរៀបចំក្របខ័ណ្ឌគុណវុឌ្ឍគ្រូឧទ្ទេស, ការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាល ជាដើម។
ទី៤. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តកែទម្រង់ការដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តលើកកម្ពស់សមត្ថភាព និងគុណភាព នៃការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ ក៏ដូចជាការធ្វើទំនើបកម្មវគ្គ- បណ្តុះបណ្តាលឱ្យស្របតាមការវិវត្តនៃវិស័យសាធារណៈ ពិសេស តាមរយៈការ ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ដើម្បី
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអភិវឌ្ឍសមត្ថភាពឱ្យឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការវិវត្តក្នុងតំបន់ និងពិភពលោក។
ទី៥. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តជំរុញថែមទៀតក្នុងការរៀបចំឱ្យមានកម្មវិធី និង វេទិកានានា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធឱ្យកាន់តែទូលំទូលាយ ពាក់ព័ន្ធនឹងនវានុវត្ត, ឧត្តមានុវត្ត និងភាពជាអ្នកដឹកនាំគំរូក្នុងរដ្ឋបាលសាធារណៈ។
ទី៦. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាល ដោយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា, រួមមានការអភិវឌ្ឍថ្នាលបណ្តុះបណ្តាលឌីជីថល សម្រាប់គាំទ្រ និងពង្រីកសមត្ថភាពបណ្តុះបណ្តាល និងការផ្តល់កាលានុវត្តភាព ថ្មីបន្ថែមទៀត ដល់មន្ត្រីក្នុងការអភិវឌ្ឍសមត្ថភាព។
ទី៧. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការ បណ្តុះបណ្តាល ដោយរៀបចំវគ្គបណ្តុះបណ្តាលផ្អែកលើការវាយតម្លៃសេចក្តី ត្រូវការច្បាស់លាស់ និងពិតប្រាកដ នៃការងារនៅតាមអង្គភាពនៃក្រសួង-ស្ថាប័ន
និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវមានការពិនិត្យ និងវាយតម្លៃឱ្យបានទៀងទាត់អំពីផល នៃការបណ្តុះបណ្តាល លើការអនុវត្តការងារនៅតាមអង្គភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















