Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាលនឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ “ យើងបានធ្វើទំនើបកម្មការងាររបស់យើង តាមរយៈការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនប្រព័ន្ធសេវាបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរ ”។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកមច្រើន និងដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនធាន មនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិនអាចសម្រេចបាននោះឡើយ។

សម្តេចបានបន្តទៀតថា សាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះ សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាបន្តបន្ទាប់ សម្រាប់ការអនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេលជាង៣០ឆ្នាំមកនេះ ពោល គឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លីសរុប២៣,៨១៨ នាក់ (នារី ៥.០១៧ នាក់)។ ទន្ទឹមនេះ ក្នុងឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមានចំនួនសរុប ៣៩៣ អង្គ/នាក់ (នារី ៨២នាក់)។ បន្ថែមលើចំនួនខាងលើ សាលាភូមិន្ទរដ្ឋបាលបាន និងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៣ មកពីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២,០២៤នាក់ (នារី ៨៧៩នាក់) វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សរុបចំនួន ៦០៣នាក់ (នារី ១៦៦) និងវគ្គផ្សេងៗទៀតក្នុងក្របខណ្ឌជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីឆ្លើយតបនឹងគោលបំណងនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ក្នុងន័យនេះ ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាលនឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាល ឱ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ឈរលើបាវចនា វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាភូមិន្ទរដ្ឋបាល គួរមានស្តង់ដារវិន័យមួយខ្ពស់។ សិស្សសាលាភូមិន្ទរដ្ឋបាល ដែលសុទ្ធតែជាមន្ត្រី មិនគួរចាំបាច់សាលាអនុវត្តន៍វិធានការវិន័យនោះទេ។ សិស្ស គួរតែមានស្មារតីនៃការអនុវត្តវិន័យឱ្យបានខ្ពស់។រាជរដ្ឋាភិបាល មិនចង់អនុវត្តអភិក្រមទី៥នោះទេ តែមន្ត្រីត្រូវប្រឹងប្រែងអនុវត្តអភិក្រម៤ខាងដើមជាចាំបាច់។ រៀ​នមិនមែនដើម្បីទទួលបានការប្រថាប់ត្រានោះទេ គឺរៀនដើម្បីបានចំណេះ។កិត្តិយស វិន័យ និងតម្លៃរបស់សាលា អាស្រ័យលើគុណភាពចំណេះ និងការអនុវត្តរបស់សិស្សនៅពេលបញ្ចប់ការសិក្សា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មាននរណាល្អឥតខ្ចោះនោះទេ តែត្រូវដាក់ចិត្តប្រឹងប្រែងធ្វើឱ្យខ្លួនឯងល្អឥតខ្ចោះ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់រាស្ត្រទេ។បម្រើរាស្ត្រ គឺប្រៀបដូចបម្រើខ្លួនឯង និងគ្រួសារ គឺត្រូវការការផ្តល់សេវាសាធារណៈមួយដែលល្អប្រសើរ។ គ្រប់គ្នាមិនចង់បានការផ្តល់សេវាសាធារណៈ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ឬការចរចានោះទេ។ តួនាទី និងកៅអីមន្ត្រី បានមកដោយសារពលរដ្ឋ។មន្ត្រីត្រូវប្រកាន់ខ្ជាប់នូវអភិក្រមនៃការទទួលខុសត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹងភាព ជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព, ការពង្រឹងប្រព័ន្ធដឹកនាំគ្រប់គ្រង និង ប្រតិបត្តិការការងារ, ការកសាងវប្បធម៌ផ្តល់សេវាល្អ, ការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ, និង ការកែប្រែឥរិយាបទរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្នុងការផ្តល់ សេវាសាធារណៈប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ, មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈល្អ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្ដល់ឱកាស និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ក្នុងការចូលរួមផ្តល់ការបណ្តុះបណ្តាល និង កម្មវិធីចែក រំលែកចំណេះដឹងដល់សិស្សមន្ត្រី កម្មសិក្សាការី និង សិក្ខាកាមរបស់សាលាភូមិន្ទរដ្ឋបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដល់ការរៀបចំក្របខ័ណ្ឌសមត្ថភាពមន្ត្រី ក្នុងមុខតំណែងនីមួយៗជាមូលដ្ឋានក្នុង ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីអនុវត្តមុខងារ និង ភារកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច, គណនេយ្យភាព និង ការទទួលខុសត្រូវ ច្បាស់លាស់ គាំទ្រដល់ដំណើរការនៃការកសាងរដ្ឋបាលសាធារណៈ ឈរលើ ទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបានរៀបចំ និងដាក់ឱ្យ អនុវត្តជាបណ្តើរៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមុខងារសាធារណៈ ត្រូវគិតគូរដល់ការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ ការអភិវឌ្ឍសមត្ថភាពមន្ត្រីក្នុងរដ្ឋបាលសាធារណៈ ដើម្បីប្រើប្រាស់ជាផែនទីចង្អុល ផ្លូវសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ផ្តើមចេញពីការពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ននៃការកសាងសមត្ថភាពមន្តី សាធារណៈ, ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រព័ន្ធដោយឈរលើ គោលការណ៍គុណភាពនៃការបណ្តុះបណ្តាល និងប្រសិទ្ធភាពចំណាយ, ការរៀបចំកម្មវិធីសិក្សាប្រកប ដោយគុណភាពឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្ដែង,
ការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយនឹងប្រសិទ្ធភាពការងារ និង ការអភិវឌ្ឈ អាជីពមន្ត្រី, ការរៀបចំក្របខ័ណ្ឌគុណវុឌ្ឍិគ្រូឧទ្ទេស, ការពង្រឹងកិច្ចសហការរវាង គ្រឹះស្ថានបណ្តុះបណ្តាលជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមុខងារសាធារណៈត្រូវបន្ត ជំរុញការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ត្រីតាមប្រព័ន្ធឌីជីថលឱ្យកាន់តែមាន លក្ខណៈពេញលេញ និងសមស្រប ដើម្បីធានាបាននូវការគ្រប់គ្រង និង ការធ្វើ បច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យ និង គុណវុឌ្ឍិមន្ត្រីជាក់ស្ដែងនៅតាមអង្គភាព របស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់បម្រើដល់គោលដៅន ការគ្រប់គ្រង និង អភិវឌ្ឍសមត្ថភាពមន្រ្តីឱ្យបានពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំសាលាភូមិន្ទរដ្ឋបាល ត្រូវបន្តកែទម្រង់ការដឹកនាំ គ្រប់គ្រង និង ប្រតិបត្តិការឱ្យកាន់ តែមានប្រសិទ្ធភាព ព្រមទាំងបន្តលើកកម្ពស់សមត្ថភាព និង គុណភាពនៃការ បណ្តុះបណ្តាល និង ការសិក្សាស្រាវជ្រាវ ក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះ- បណ្ដាលឱ្យស្របតាមការវិវត្តនៃវិស័យសាធារណៈ ពិសេស តាមរយៈការពិនិត្យ ឡើងវិញ និង ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់ខ្លួន ដើម្បីអភិវឌ្ឍ សមត្ថភាពឱ្យឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការវិវត្តក្នុង
តំបន់ និងពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំសាលាភូមិន្ទរដ្ឋបាល ត្រូវបន្តជំរុញថែមទៀតក្នុងការរៀបចំឱ្យមានកម្មវិធី និង វេទិកានានា ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធឱ្យកាន់តែទូលំទូលាយ ពាក់ព័ន្ធនឹង នវានុវត្តន៍, ឧត្តមានុវត្ត និង ភាពជាអ្នកដឹកនាំគំរូក្នុងរដ្ឋបាលសាធារណៈ, ការចងក្រង និងផ្សព្វផ្សាយករណ៏សិក្សា ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន, ដូចជាការលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាព ការងារក្នុងរដ្ឋបាលសាធារណៈ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញទន់ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំសាលាភូមិន្ទរដ្ឋបាល ត្រូវបន្តអភិវឌ្ឍសមត្ថភាពបណ្ដុះបណ្តាល ដោយការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា, រួមមានការអភិវឌ្ឍថ្នាលបណ្តុះបណ្តាលឌីជីថលសម្រាប់គាំទ្រ និងពង្រីកសមត្ថភាពបណ្ដុះបណ្តាល និងការផ្ដល់កាលានុវត្តភាពថ្មីបន្ថែម ទៀត ដល់មន្ត្រីក្នុងការអភិវឌ្ឍសមត្ថភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិការណ៍នៃបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ គ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ជំរុញ និងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការទទួលយកការសម្របខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីម៉្យាងបង្កើនផលិតភាព និងប្រសិទ្ធការងារ និងម៉្យាងទៀត ធានាបាននូវការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលទទួលបានជោគជ័យ និង ផលជាវិជ្ជមានពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំសាលាភូមិន្ទរដ្ឋបាល ត្រូវបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលដោយរៀបចំវគ្គបណ្តុះបណ្ដាលផ្អែកលើការវាយតម្លៃសេចក្តីត្រូវការច្បាស់លាស់ និងពិតប្រាកដ នៃការងារនៅតាមអង្គភាពនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវមានការពិនិត្យ និងវាយតម្លៃឱ្យបានទៀងទាត់អំពីផលន ការបណ្តុះបណ្តាលលើការអនុវត្តការងារនៅតាមអង្គភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×