កំពង់ធំ៖ ទូកចម្លងមួយគ្រឿងដែលដឹកកូនសិស្ស បានលិចនៅក្នុងស្ទឹងសែន ពេលដែលពួកគេកំពុងឆ្លងចេញពីសាលារៀនទៅផ្ទះ បណ្តាលឲ្យស្លាប់សិស្សស្រីម្នាក់អាយុ១៣ឆ្នាំ និងកូនសិស្សផ្សេងទៀតហែលរួចខ្លួន កាលពីវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅពេលដែលជនរងគ្រោះទាំងអស់ កំពុងជិះទូកចម្លងឆ្លងស្ទឹងសែន ក៏បណ្តាលឲ្យលិច ហើយស្លាប់សិស្សស្រីម្នាក់អាយុ១៣ឆ្នាំ ខណៈសិស្សផ្សេងទៀតបានហែលមកច្រាំងស្ទឹង និងឡើងលើគោករួចផុតពីគ្រោះថ្នាក់។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា កូនសិស្សបានជិះទូកចម្លងរាល់ថ្ងៃទាំងទៅសាលារៀន និងចេញពីសាលាទៅផ្ទះ តែនៅថ្ងៃនេះបែរជាជួបហេតុការណ៍អាក្រក់លិចទូកយ៉ាងដូច្នេះ លោកសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ជីវិតកូនស្រីក្នុងហេតុការណ៍នេះ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី







