Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ បាញ់រះប្រមាណ១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ច ហើយបាញ់សម្លាប់ខ្លួនឯង

ភ្នំពេញ៖ ជនល្មើសដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម បានបើកការបាញ់រះប្រមាណ១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ច ខណៈពេលកម្លាំងសមត្ថកិច្ចកំពុងសម្រុកចូលទៅបង្ក្រាបជនល្មើស តែមិនមានអ្នករងរបួសឡើយ។

នារសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ បានចុះឡោមព័ទ្ធទីតាំង​ផ្ទះមួយកន្លែង នៅខាងកើតផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបង្ក្រាបករណី​បទល្មើសគ្រឿងញៀន ។

បន្ទាប់ពីកងកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើននាក់ប្រដាប់ដោយអាវុធវែង ខ្លីជាច្រើន ឡោមព័ទ្ធជុំជិតរួចមក ធ្វើឲ្យមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ និងធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធ បានបាញ់សម្លាប់ខ្លួនឯង ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ នៅពេលកម្លាំងសមត្ថកិច្ចកំពុងសម្រុកចូលទៅបង្ក្រាប ស្រាប់តែក្រុមជនល្មើសបានបើកការបាញ់រះប្រមាណ១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ចទាំងកម្រោល តែមិនមានអ្នករងរបួសឡើយ។ ដោយឡែក កម្លាំងនគរបាលក៏មិនបានបាញ់តបតវិញនោះដែរ។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ ដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​សហការជាមួយកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន នៅក្នុងខណ្ឌឬស្សីកែវ ក្រោមការបញ្ជាជាប់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

តាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនល្មើសរូបនេះធ្លាប់ជាប់ពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួនពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធ។ ជនល្មើសរូបនេះ ត្រូវបានកម្លាំងនគរបាលជំនាញរបស់មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ធ្វើការតាមដានយូរណាស់មកហើយ រហូតធ្វើការបង្ក្រាបនៅពេលនេះតែម្តង។

ក្រោយធ្វើការឡោមព័ទ្ធ ទំនងមិនអាចមានផ្លូវគេចខ្លួននោះ ជនល្មើសបានបាញ់សម្លាប់ខ្លួនឯងតែម្តង។ បើទោះបីជនល្មើសបាញ់ជាច្រើនគ្រាប់ក៏ដោយ ប្រតិបត្តិការនេះ មិនបណ្តាលឲ្យមន្រ្តីនគរបាល និងពលរដ្ឋរូបណារងរបួស ឬរងគ្រោះថ្នាក់នោះឡើយ ។

រដ្ឋបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបករណី​ខាងលើនេះដែរ ក៏មានការផ្ទុះអាវុធបាញ់តដៃគ្នា​ជាច្រើនគ្រាប់​​ជាមួយសមត្ថកិច្ចផងដែរ,ហើយករណីខាងលើនេះត្រូវបានបញ្ចប់នាវេលាម៉ោង៦:០០នាទីល្ងាច ដោយជនល្មើសបានធ្វើអត្តឃាត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×