Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ ការសម្រេចចិត្ត របស់កម្ពុជា មិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការសម្រេចចិត្តមិនចូលរួមសន្និសីទស្តីពីសន្តិភាពអ៊ុយក្រែន វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ ហើយសូមកុំទម្លាក់កំហុសឱ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិន។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃ៧មិថុនា២០២៤នេះ បានថ្លែងសារនៅលើបណ្តាញសង្គមថា “ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយ អំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។

សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ២មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ៤មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយឬកម្ពុជាមានសិទ្ធិនិយាយ?

សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងទៀតថា កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។

សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×