Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ បញ្ជូនក្មេងទំនើង៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ និងដឹកជញ្ជូនកាំបិតផ្គាក់ ដើរលេងពេលយប់

បន្ទាយមានជ័យ ÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក កែម ចាន់រស្មី ចុះប្រតិបត្តិការ ឃាត់ខ្លួនក្មេងទំនើងសរុប៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ក្នុង២គោលដៅផ្សេងគ្នា ក្នុងខណៈពេលកំពុងល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

លោកអនុសេនីយ៍ឯក កែម ចាន់រស្មី បានឱ្យដឹងថា គោលដៅទី១ នៅវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី០៦ ខែមិថុនា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពេលដល់ចំណុចសាលារៀន០២ជាន់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញក្រុមក្មេងទំនើង១នាក់មានកាន់កាំបិតផ្គាក់១ដើម ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនក្មេងទំនើងនោះ ឈ្មោះចាន់ រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ព្រមទាំងវត្ថុតាង៖ ម៉ូតូម៉ាកវេវ ពណ៌ខៀវ ចំនួន០១គ្រឿងនិងកាំបិតផ្គាក់ដងដែកប្រវែង៨៩ សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្ទាប់មកកម្លាំងបានចុះល្បាតបន្តពេលដល់ចំណុចកន្លែងលក់កូនឈើ ក្បែរផ្លូវចូលវត្តស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក៏បានជួបនឹងក្រុមក្មេងទំនើងចំនួន០៤នាក់ទៀត កាន់កាំបិតផ្គាក់ចំនួន០២ដើម។ ក្មេងទំនើងទាំង០៤នាក់៖ ១.ឈ្មោះ គិន ពីឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកន្លែងលក់ដើមឈើ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២.ឈ្មោះ សុខ សាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហើន ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ៣.ឈ្មោះ គិន ឆៃយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហើន ឃុំទួលពង្រ ស្រុកម៉ាឡៃ , ៤.ឈ្មោះ នួន សុធាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកសំរាម ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហឺន ឃុំទូលពង្រ ស្រុកម៉ាឡៃ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្មេងទំនើងទាំង០៥នាក់ ក្រោយពីឃាត់ខ្លួន និងសួរចម្លើយ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិតផ្គាក់ដើម្បីការពារខ្លួននៅយប់ពិតប្រាកដមែន ពីព្រោះពួកខ្លួនដើរលេងពេលយប់តែងតែមានជម្លោះជាមួយក្មេងទំនើងដទៃទៀត។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×