ខេត្តត្បូងឃ្មុំ: គ្រោះអគ្គីភ័យបានឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងសាងសង់អំពីឈើ ដោយភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅមិនអាចឲ្យម្ចាស់ផ្ទះឡើងជញ្ជូនរបស់ទ្រព្យបាននោះទេ។ហេតុការណ៍នេះបានកើតឡើងនៅភូមិជាជើង ឃុំចុងជាច ស្រុកតំបែរ ហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ជាមួយនោះបានបង្កភ្ញាក់ផ្អើលដល់អ្នកភូមិក្បែរខាងផងដែរ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៦មិថុនាថា: ស្របពេលដែលលោកនាយប៉ុស្តិ៍កំពុងតែប្រជុំនៅស្នងការដ្ឋាននគរបាលខេត្ត។ ហើយត្រូវបានកម្លាំងមន្ត្រីប៉ុស្តិ៍ចុងជាច រាយការណ៍ថាមានគ្រោះអគ្គិភ័យមួយបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ មិថុនាឆ្នាំ២០២៤ ភ្លាមៗនោះក៏បានរាយការណ៍ជូនលោកវីរៈសេនីយ៍ឯកប៉េង អេងហាក់ អធិការនគរបាលស្រុក និងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ហើយបានឱ្យរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកមួយគ្រឿង ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងចេញមកអន្តរាគមន៍ជាបន្ទាន់។ តែដោយសារផ្លូវរាងឆ្ងាយហើយផ្ទះឈើគឺភ្លើងឆេះលឿនតែម្ដង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់បន្តហើយដឹងទៀតថា ចំពោះផ្ទះដែលកើតមានអគ្គីភ័យនេះ ដោយបុរសចំណាស់មានមុខរបរជាងផ្ទះឈ្មោះ ប៉ាវ ជា អាយុ៦៣ឆ្នាំ ប្រពន្ធឈ្មោះ ឃីន សុខលាង អាយុ៦៥ឆ្នាំ ។នៅមុនពេលដែលមានអគ្គីភ័យកើតឡើងដំបូង បុរសម្ចាស់ផ្ទះកំពុងតែធ្វើគ្រែនៅក្រោមផ្ទះកំពុងតែធ្វើសុខៗ ក៏ស្រាប់តែឃើញភ្លើងបានឆាតឆេះយ៉ាងសន្ធោសន្ធៅនៅលើផ្ទះឈើ ចេញជាអណ្ដាតភ្លើងយ៉ាងក្មូលខ្មាញ់ដោយមានផ្សែងហូយទ្រលោមទៅលើអាកាស។ គឺបុរសម្ចាស់ផ្ទះនេះមិនអាចឡើង ទៅជញ្ជូនរបស់ទ្រព្យចុះមកក្រោមបាននោះទេ ដោយរត់គេចចេញពីកំដៅភ្លើងព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។
សូមបញ្ជាក់ថា ភ្លើងនេះឆេះលឿនដោយពុំដល់កន្លះម៉ោងផង គឺភ្លើងបានឆេះនៅសល់តែសសរជើងតាងបន្ទាប់មកដោយផ្លូវរាងឆ្ងាយបន្តិចផង រថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកដំបែរ បានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយទ្រព្យដែលបាត់បង់ក្នុងនោះរួមមាន÷ ១.ផ្ទះប្រក់ក្បឿង០២ខ្នង ឆេះខ្ទេចុ។ ២.ម៉ូតូម៉ាកឌ្រីមសង់សេ១២៥ មួយគ្រឿង ។ ៣.កង់០២គ្រឿង ។ ៤.ទូរទស្សន៍០១គ្រឿង។៥.ទូដាក់ខោអាវចំនួន០២ ។ ៦.គ្រែចំនួន០៥ ។៧.ឧបករណ៍ធ្វើគ្រឿងឈើ ១ចំនួន ។ ៨.ធុងបាស់០១ឈុត ។ ៩.អង្ករ០១បេចំនួន៥០គីឡូ
មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង។
ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អធិការនគរបាលស្រុកតំបែរចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត។
ជាមួយនោះសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំក៏ត្រៀមនាំយកអំណោយដើម្បីចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យនេះផងដែរ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី







