Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហាឆ្នាំនេះ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ផងដែរថា ការបើកការសាងសង់គ្រោងនេះ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មិនចាំបាច់ដល់មួយឆ្នាំ ខួបបង្កើតរដ្ឋាភិបាលថ្មីនោះទេ។ កន្លែងរៀបចំពិធីយើងបានរៀបចំរួចហើយ យើងត្រូវសម្ភារ ឧបករណ៍ មធ្យោបាយរៀបចំរួចហើយ អីចឹងអ្នកណាដែលខំឃោសនាថាយើងធ្វើមិនរួច យកល្អមិនបាច់ខំទេនាំតែហត់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណពលរដ្ឋនៅទូទាំងពិភពលោក និងអ្នកខេត្តកំពត ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចបញ្ជាក់ថា អ្នកខេត្តកំពតជាអ្នកប្រយោជន៍ផ្ទាល់ ពីគម្រោងព្រែកជីកហ្វូណនតេជោនេះ។ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនវិនិយោគដោយក្រុមហ៊ុនបរទេស ១០០ភាគរយទៀតហើយ គឺក្រុមហ៊ុនខ្មែរជាអ្នកកាន់ទុនភាគច្រើន គឺចាប់ពី៥១ភាគរយឡើងទៅ។

សម្តេចធិបតីបញ្ជាក់ថា ក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគព្រែកជីកហ្វូណនតេជោ រួមមានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនឯកជនមួយទៀត។ គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពីបច្ចុប្បន្នទៅអនាគត មិនមែនដើម្បីប្រយោជន៍បរទេសនោះឡើយ។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×