Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី​ បានផ្តល់នូវក្តីសង្ឃឹមនិងភាពជឿជាក់ជូនប្រជាពលរដ្ឋប្រមាណ២.៦៦៧គ្រួសារ​ នៅស្រុកលេីកដែក ដែលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីជាមួយក្រុមហ៊ុនភឺន ផល្លា

កណ្តាល៖ នៅរសៀលថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយទទួលបានអនុសាសន៍និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី , ឯកឧត្តមហេងរតនា អគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម ប៉ាន់ ខែមប៊ុនថន រួមជាមួយក្រុមការងារចុះមូលដ្ឋានស្រុកលើកដែក បានចុះជួបភ្លាមជាមួយប្រជាពលរដ្ឋដែលដីធ្លីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុន ភឺន ផល្លា បំពានលើដីពួកគាត់ ដែលប៉ះពាល់ដល់គ្រួសារប្រជាពលរដ្ឋចំនួនប្រមាណ២.៦៦៧គ្រួសារ​ ស្ថិតក្នុងស្រុកលើកដែក​ ខេត្តកណ្តាល។

ឯកឧត្តមហេងរតនា បានថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “ឯកឧត្តមប៉ាន់​ ខែមប៊ុនថន​ និងខ្ញុំ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចធិបតី​ ដោយបានជម្រាបប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់​ នូវការគិតគូរ​របស់សម្តេចទាំងទ្វេ បានយកចិត្តទុកដាក់និងដោះស្រាយបញ្ហានេះជូនប្រជាលរដ្ឋ​! ប្រជាពលរដ្ឋលោកបានផ្តល់ស្នាមញញឹមសប្បាយរីករាយ​និងក្តីសង្ឃឹមព្រមទាំងភាពជឿជាក់ត្រេតអរឥតឧបមា!!”។

សូមរំលឹកថា កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ដល់​ថ្ងៃ​ទី១ ខែ​មិថុនា ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ គឺ​ភូមិ​ស្ពានដែក ព្រែកបាក់ និង​ភូមិ​ព្រែកតូច បាន​ប្រមូលគ្នា​តវ៉ា​បណ្ដេញ​ក្រុមហ៊ុន​មួយ មិន​ឲ្យ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​ដី​បឹង​ឡូ​លេខ​៦ ដែល​ពួកគេ​កំពុង​អាស្រ័យ​ផល​សម្រាប់​ចិញ្ចឹមជីវិត។
បឹង​ឡូ​លេខ​៦ មាន​ទំហំ​ទទឹង ៥​គីឡូម៉ែត្រ និង​បណ្ដោយ ៨​គីឡូម៉ែត្រ ហើយ​បឹង​មួយ​នេះ​ត្រូវ​រដ្ឋាភិបាល​ចាស់​កាត់​ឆ្វៀល​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល ចាប់តាំងពី​ឆ្នាំ​២០១២​មក និង​មាន​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ ក្នុង​នោះ​មាន ឃុំ​ព្រែកទម្លាប់ និង​ឃុំ​កំពង់ភ្នំ កំពុង​អាស្រ័យ​ផល​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

ប៉ុន្តែរយ:ពេល៤-៥ថ្ងៃនេះ ប្រជាពលរដ្ឋបានសង្កេតឃើញមានគ្រឿងចក្រជាច្រើនគ្រឿងដែលគេស្គាល់ថា ជារបស់​ឧកញ៉ាល្បីឈ្មោះ​ម្នាក់ និង​ជានាយទាហាន​ផង បានដឹកយកទៅចតទុកចោលនៅក្នុងព្រៃត្រង់ចំណុចអូរលោកយាយ ស្ថិតក្នុងភូមិព្រែកបាក់ ​ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីត្រៀមបម្រុងឈូសឆាយរុញបំផ្លិចបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូន និងលើកទំនប់ហ៊ុំព័ទ្ធក្រវ៉ាត់ព្រំដីអតីតឡូត៍នេសាទលេខ៦ ទើបនៅវេលាម៉ោងជាង១២រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រុស-ស្រីចាស់ក្មេងប្រមាណប្រហែលជា១០០នាក់ បន្តផ្ទុះការតវ៉ាមិនឲ្យគ្រឿងចក្រឈប់ចតនៅកន្លែងពួកគាត់អាស្រ័យផលនោះទេ។

ពលរដ្ឋបន្តថា ក្រៅពីមុខរប​របង្កបង្កើនផលដំណាំ គឺពួកគាត់បានប្រកបមុខរបរនេសាទត្រី កាប់អុស ដកព្រលិត ក្រអៅឈូក បេះត្រកួនលក់ចិញ្ចឹមជីវិតតាំងពី​ដូនតាមកម្ល៉េះ ។ ចុះបើមានក្រុម​ហ៊ុនដាក់គ្រឿងចក្រមកជីកលើកក្រវ៉ាត់ព័ទ្ធយកដីអតីតឡូត៍នេសាទសម្បត្តិសាធារណ:របស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនទៅថ្ងៃមុខ​កុំថាឡើយចូលទៅអាស្រ័យផល សូម្បីតែដើរឆ្លងកាត់ប្រហែលជាមិនបានផងមើលទៅ។

ដូច្នេះពលរដ្ឋសូមសំណូមពរឲ្យថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ផង ព្រោះបឹងអតីតឡូត៍នេ​សាទលេខ៦​នេះ មិនមែនមានតែពលរដ្ឋក្នុងស្រុកលើកដែកអាស្រ័យផលចិញ្ចឹមជី​វិតនោះទេ គឺប្រជាពលរដ្ឋរស់នៅស្រុកស្អាង និងស្រុកកោះធំក៏​ចូលមកអាស្រ័យផលក្នុងបឹងនេះដែរ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល អះអាង​ថា អាជ្ញាធរ​ភូមិ​ឃុំ មិន​បាន​រក​ដំណោះស្រាយ​ដូចដែល​ពលរដ្ឋ​ចង់បាន​នោះ​ទេ ផ្ទុយទៅវិញ អាជ្ញាធរ​គ្រាន់តែ​និយាយ​លួងលោម​ប្រជាពលរដ្ឋ​ឲ្យ​ឈប់​ធ្វើ​ការ​តវ៉ា និង​ចោទ​ពលរដ្ឋ​ថា​បាន​ផ្ដិតមេដៃ​លក់​ដី​បឹង​ឡូ​លេខ​៦ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន។

ប្រជាពលរដ្ឋ​ប្រកាន់​គោលជំហរ​បន្ត​ការ​តវ៉ា​ទៀត ប្រសិនបើ​ក្រុមហ៊ុន​ឯកជន​បន្ត​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​ដី​បឹង​ឡូ​លេខ​៦ យក​ធ្វើជា​កម្មសិទ្ធិ បើ​ទោះបី​អាជ្ញាធរ​លួងលោម និង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​យ៉ាងណាក្ដី ពីព្រោះ​បឹង​ធម្មជាតិ​មួយ​នេះ បាន​ចិញ្ចឹម​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នៅក្នុង​ឃុំ​ព្រែកទម្លាប់ និង​ឃុំ​កំពង់​ភ្នំ។ ប្រជាពលរដ្ឋបានស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ និង​មិន​ត្រូវ​ប្រគល់​ដី​បឹង​ឡូ​លេខ​៦ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ជា​ដាច់ខាត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×