Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ ប្រកាសថា ដោះស្រាយបញ្ចប់ហើយបញ្ហាចាប់ឃាត់ទូរស័ព្ទនៅមេមត់ ប៉ុន្តែមិនទាន់ឆ្លើយនឹងសំណួរចាក់ដោតរបស់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ÷ អត់ទាន់បានឆ្លើយនឹងសំណួរប្រជាពលរដ្ឋដែលសួរថា ហេតុអ្វីបានជាទូរស័ព្ទអត់ពន្ធចូលលុកលុយដល់កណ្ដាលទីក្រុង ទីប្រជុំជន បានដូចសព្វថ្ងៃនេះ នៅឡើយទេ?! អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បែរជាបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២៤នេះថា ករណីដែលកម្លាំងគយចល័ត ចុះពិនិត្យអនុលោមភាពហាងលក់ទូរស័ព្ទ នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយឃាត់បានទូរស័ព្ទទាំងថ្មី និងប្រើរួចជាង ១ពាន់គ្រឿងនោះ ពេលនេះត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរស័ព្ទ។

រឿងដោះស្រាយបញ្ហាចាប់ឃាត់ទូរស័ព្ទជាង ១ពាន់គ្រឿងនៅនៅក្នុងភូមិសាស្រ្តស្រុកមេមត់នេះ គឺធ្វើតាមការណែនាំរបស់ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយ និងរដ្ឋាករកម្ពុជា, ហើយបន្ទាប់មក លោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស បានប្រជុំមន្ត្រីគយ និងរដ្ឋាករពាក់ព័ន្ធ ដើម្បីពិភាក្សា និងពិនិត្យរកដំណោះស្រាយ ករណីចាប់ឃាត់ទូរស័ព្ទគ្មានពន្ធទាំងថ្មី និងប្រើរួចមួយទឹក សរុបចំនួន ១៣១៤ គ្រឿង ដែលកំពុងរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦។

បន្ទាប់ពីប្រជុំផ្ទៃក្នុងរួច លោកប្រធាននាយកដ្ឋាន ក៏បានចុះជួបប្រជុំផ្ទាល់ជាមួយម្ចាស់ហាងលក់ទូរស័ព្ទទាំង ៣ទីតាំង ដើម្បីស្ដាប់សំណូមពរ និងពិនិត្យរកដំណោះស្រាយសមស្រប។ម្ចាស់ហាងលក់ទូរស័ព្ទទាំង៣ បានយល់ច្បាស់ ពីកាតព្វកិច្ចពន្ធ និងអាករ និងបានយល់ព្រមបង់ពន្ធ និងអាករ តែសំណូមពរបន្ធូរបន្ថយពិន័យ។

បន្ទាប់ពីឆ្លងមតិថ្នាក់ដឹកនាំ, លោកប្រធាននាយកដ្ឋាន បានទទួលយកតាមសំណើរបស់ម្ចាស់ហាងលក់ទូរស័ព្ទទាំង ៣ ទីតាំង ហើយករណីនេះត្រូវបានបិទបញ្ចប់ជាស្ថាពរ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះហើយ។

ការបិទបញ្ចប់រាល់បញ្ហា និងមានដំណោះស្រាយរវាងម្ចាស់ទំនិញ និងមន្ត្រីគយ និងរដ្ឋាករ គឺជាការទទួលខុសត្រូវមួយដ៏គួរឱ្យគោរព និងកោតសរសើរ សម្រាប់សង្គម និងប្រជាពលរដ្ឋ, ប៉ុន្តែ ទោះជាយ៉ាងណា ប្រជាពលរដ្ឋ ចង់ឱ្យថ្នាក់ដឹកនាំគយ និងរដ្ឋាករ ឆ្លើយបកស្រាយនឹងសំណួររបស់ប្រជាពលរដ្ឋ ៣ សំណួរ ដូចខាងក្រោម ÷
១-អីវ៉ាន់ចូលមកគ្មានពន្ធលុកលុយក្នុងទីក្រុង និងទីប្រជុំជន បានដោយសារអ្វី?
២-ទ្រព្យសម្បត្តិដែលមន្ត្រីគយមានសន្ធឹកសន្ធាប់លើសពីមន្ត្រីស៊ីវិលផ្សេងទៀត បានមកពីណា ព្រោះប្រាក់ខែមិនលើសខ្វះគ្នាប៉ុន្មាននោះទេ?
៣-គ្មានហេតុផលត្រឹមត្រូវ នៃប្រភពប្រាក់ចំណូល គឺជាអំពើពុករលួយ គួរត្រូវរឹបអូសដាក់ចូលរដ្ឋ ឬទេ?

សំណួរចាក់ដោត ឬអេះចំរមាស់ខាងលើនេះ មេគយមិនទាន់ឆ្លើយបកស្រាយចំពោះប្រជាពលរដ្ឋនៅឡើយទេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×