ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Patrick Murphy អនុប្រធានប្រតិបត្តិផ្នែកស្រូវ និងធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister និងគណៈប្រតិភូនៃសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់អំពីស្ថានភាពបច្ចុប្បន្ន និងភាពប្រកួតប្រជែងលើការនាំចេញអង្ករកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។
ដោយក្នុងអង្គប្រជុំ លោក Patrick Murphy បានលើកឡើងថាលោកអាចមើលឃើញអំពីសក្ដានុពលរបស់វិស័យស្រូវអង្ករកម្ពុជា ហើយលោកនឹងបន្តចូលរួមនាំយកអង្ករកម្ពុជា និងផលិតផលផ្សេងៗទៀតតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការ ទៅទីផ្សារសហរដ្ឋអាមេរិក។
លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ លោក Patrick Murphy និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបាននាំយកផលិតផលអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ រួមមានសហរដ្ឋអាមរិកជាដើម។ ជាមួយគ្នានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការមើលឃើញពីភាពចាំបាច់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅបង្កើនភាពប្រកួតប្រជែងលើតម្លៃភស្ដុភារកម្មកម្ពុជា ជាចំណែកជំរុញការនាំចេញ និងបង្កើនផលចំណេញ ចំពោះវិនិយោគិនផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យលោក Patrick Murphy ពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មផ្សេងទៀតរួមមានជាអាទិ៍ ម្រេច គ្រាប់ស្វាយចន្ទី និងចេកជាដើម ទៅទីផ្សារសហរដ្ឋអាមេរិក៕រក្សាសិទ្ធដោយ ៖ សុទ្ធលី














