ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញតឱ្យ លោក Kelvin K. Mo ប្រធានសភាពាណិជ្ជកម្មក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤។
ប្រទេសកម្ពុជា និងប្រទេសកាណាដា មានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងមកហើយ ចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ ព្រមទាំងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៣ ។ ប្រទេសកាណាដា គឺជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាងសេដ្ឋកិច្ច ដោយប្រទេសកាណាដាគឺជាដៃគូពាណិជ្ជកម្មលេខរៀងទី៨ របស់កម្ពុជា ។ ក្នុងឆ្នាំ២០២២ ទំហំវិនិយោគដោយផ្ទាល់(FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២.០៦២ពាន់លានដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់នូវកូតាក្នុងការលើកលែងពន្ធដល់កម្ពុជា លើមុខទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















