ភ្នំពេញ ៖ តារាសម្តែងនាង អៀ ម៉េងលិ បានប្រកាសជាសាធារណៈថា នាងនឹងមិនបញ្ចេញរូបភាពស៊ិចស៊ីដូចជាពេលមុនទៀតឡើយ ដើម្បីផ្គាប់ចិត្តគូស្នេហ៍ដែលចង់បាន ក្នុងពេលកន្លងមកនាងតែងតែនិយមបញ្ចេញភាពស៊ិចស៊ីទាំងក្នុងការសម្តែង និងនៅលើបណ្តាញសង្គម។
លើសពីនេះទៀតតារាសម្តែងវ័យក្មេងរូបនេះក៏បានប្រកាសមិនទទួលការសម្តែងឲ្យបានពេញដៃទៀតឡើយ ខណៈពេលដែលការសម្តែងឈុតអោបរិតខ្លាំងក៏នាងមិនទទួលទៀតដែរដោយសាររងគម្រាបពីគូស្នេហ៍។

ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុកកាលពីពេលថ្មីៗនេះ អៀ ម៉េងលិ បានលើកឡើងថា បច្ចុប្បន្នចំណងស្នេហ៍របស់នាងបានអូសបន្លាយជាងកន្លះឆ្នាំហើយ ក្រោមការដឹងលឺពីចាស់ទុំទាំងសងខាង។
នាងបញ្ជាក់ថា ក្រោយពីការទាក់ទងគ្នានោះមកនាង និងគូស្នេហ៍តែងតែផ្តល់ការកែលម្អគ្នាទៅវិញទៅមក ហើយពួកនាងក៏មានការយល់ស្របគ្នាច្រើនដែរ។
នាងថា អ្វីដែលយើងមិនល្អគាត់កែប្រែយើង ហើយអ្វីគាត់មិនល្អគឺយើងកែប្រែគាត់ ហើយនោះគឺជាការស្រឡាញ់គ្នាយ៉ាងពិតប្រាកដ។
អៀ ម៉េងលិ លើកឡើងបន្ថែមថា បច្ចុប្បន្ននាងសម្រេចតាមគូស្នេហ៍ដោយនឹងមិនបញ្ចេញភាពស៊ិចស៊ីដូចដែលនាងធ្លាប់ធ្វើពីមុនមកនោះឡើយ ដោយសារគូស្នេហ៍របស់នាងមិនចូលចិត្ត។
នាងបន្ថែមថា សម្រាប់ការថតវិញក៏នាងមិនទទួលថតឈុតអោបថើបខ្លាំងទៀតដែរ ក្នុងពេលដែលនាងក៏បានរយាលការងារសិល្បៈខ្លះ ដើម្បីងាកមកចាប់ដៃធ្វើជំនួញជាមួយគូស្នេហ៍។

យ៉ាងណាបើតាម អៀ ម៉េងលិ ការងារសិល្បៈដូចជាការថតស្ពតផ្សេងៗនោះគឺនាងនៅតែទទួលថតជាធម្មតា ប៉ុន្តែសម្រាប់ការថតភាពយន្តគឺនាងអាចនឹងដកឃ្លាខ្លះ ដោយសារការថតនោះត្រូវប្រើយូរ ទើបនាងខ្លាចមិនមានពេលគ្រប់គ្រាន។
យ៉ាងណាបើទោះបីបច្ចុប្បន្នចំណងស្នេហ៍របស់ អៀ ម៉េងលិ បានបើកចំហរជាសាធារណៈដោយមិនលាក់លៀមក៏ដោយ ប៉ុន្តែតារាស្រីរូបនេះក៏នៅមិនទាន់កំណត់ពេលច្បាស់លាស់ណាមួយសម្រាប់រៀបចំពិធីមង្គលការជាផ្លូវការនៅឡើយទេ។

អៀ ម៉េងលិ លើកឡើងថា នាងនឹងគូស្នេហ៍នៅមិនទាន់ហ៊ានកំណត់ពេលចូលរោងការនៅឡើយទេ ប៉ុន្តែពួកនាងក៏បានគិតពីរឿងនេះដែរ ដោយសារការស្រឡាញ់គ្នាគឺយើងត្រូវគិតដល់បញ្ហាមួយនេះ។
នាងបញ្ជាក់ថា មង្គលការរបស់នាងអាចកើតឡើងនៅឆ្នាំក្រោយៗបន្ទាប់ទៀត ពោលនៅពេលដែលពួកនាងគិតថាច្បាស់លាស់ជាមួយគ្នា ហើយសម្រាប់អាជីពសិល្បៈនាងអាចនឹងឈប់ឬបន្តទៀតនោះគឺត្រូវរងចាំពេលដែលនាងអាចចូលរោងការជាផ្លូវការសិន៕ រក្សាសិទ្ធិដោយ ៖ សំណាង SV























