ភ្នំពេញ ៖ បវរកញ្ញាកម្ពុជា មកពីកម្មវិធីប្រកួតផ្សេងៗគ្នាបាន បង្ហាញវត្តមានព្រមគ្នា ក្នុងពិធីក្រុងពលីដ៍ធំមួយ ក្រោមការចំណាយដើមទុនច្រើនពាន់ដុល្លារ នាវេទិការបស់ឆាកតន្ត្រីរបស់ទូរទស្សន៍ហង្សមាស។នោះជាពិធីក្រុងពលី ថតភាពយន្តភាគរឿង «អប្សរាមហាអង្គរ » ជាខ្សែភាពយន្តភាគខ្នាតធំមិនធ្លាប់មានពីមុនមក ដែលសាច់រឿងត្រូវបាននិពន្ធឡើងនៅក្នុងលំនាំប្រវត្តិសាស្ត្រខ្មែរ នៃអាណាចក្រដ៏សែនរុងរឿងនាចុងសតវត្សទី១២ និងសតវត្សទី១៣។

ព្រឹត្តិការណ៍សំខាន់នេះ បានរៀបចំឡើង កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៣ ក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាសព្រែកឯង។ ស្នាដៃនេះ និពន្ធដោយលោក ហ្វៃ សំអាង និងលោក យូ សុភា ដឹកនាំរឿងដោយលោកហ្វៃ សំអាង ជំនួយការដឹកនាំដោយលោក ផាន់ សុភៈ ផលិតនិងរក្សាសិទ្ធិគ្រប់យ៉ាងដោយស្ថានីយទូរទស្សន៍ ហង្សមាស HDTV។ អ្វីដែលគេមើលឃើញ នោះក្រុមនារីស្រស់ស្អាតជារាជនីសម្រស់ និងជាម្ចាស់មកុដ នៅក្នុងប្រទេសកម្ពុជា បានមកប្រមូលផ្តុំគ្នាថតសម្តែង។ បវរកញ្ញាទាំងនោះ ដ្បិតតែមានចំនុចសម្តែងខ្លះ មិនទាន់ទំនង ត្រូវបានលោកផលិតករ និងអ្នកដឹកនាំរឿង ហ្វៃ សំអាង សន្យាដុះខាត់ និងបំពេញតាក់តិចសម្តែងឲ្យមើលទៅស័ក្តិសម។

បវរកញ្ញាទាំងនោះត្រូវបាន គេស្គាល់ រួមមាន កញ្ញា លីវ ជីលី Miss Grand Cambodia 2020 កញ្ញា ប៉ូគីមថេង សុតធីតា Miss Grand Cambodia 2021 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី MGI 2022 កញ្ញា ប៊ី សុធារី Miss Cham Cambodia 2022 និងកញ្ញា អ៊ិន ម៉ូលីកា ម្ចាស់មកុដធីតាឯក សង្រ្កាន្ត២០២៣។ បើទោះបីជាការសម្តែងរបស់ស្រីស្អាតទាំង នៅមានចំនុចខ្លះខ្វះចន្លោះ ក៏មិនត្រូវបាន បារម្ភនោះទេ ព្រោះបវរកញ្ញាទាំងនោះបានតាំងចិត្ត តស៊ូ រួមគ្នាខិតខំសម្តែង អោយល្អ ហើយសប្បាយចិត្តព្រោះមាន លោក ហ្វៃ សំអាង ព្រមជួយនិងពន្យល់របៀបសម្តែងរួចជាស្រេច។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា លោកហ្វៃ សំអាង បានទាក់ទងខលទូរស័ព្ទ មកណាត់ជួបនាង ចង់អោយសម្តែងរឿង«អប្សរាមហាអង្គរ»នេះ។ ៦ដងលោកពូហ្វៃ សំអាងទាក់ទងមក ហើយនាងមមាញឹករហូត។ លុះហេតុតែនិស្ស័យ ក៍មានឱកាសជួបលោកផ្ទាល់គឺនាង ក៍ប្រញាប់ព្រមជាមួយយ៉ាងលឿន ទោះមមាញឹកតួនាទីជាបវរកញ្ញាក្រៅប្រទេសបែបណា។ នាងសន្យាហើយថា ក្នុងនាមជាបវរកញ្ញាកម្ពុជា នាងធ្លាប់និយាយហើយថា នឹងពាំនាំវប្បធម៌ ខ្មែរសិល្បៈខ្មែរលើឆាកអន្តរជាតិ ហើយពេលនេះនាងបានបំពេញមែន។ កញ្ញាប៊ី សុធារី កញ្ញាឯកម្នាក់ដែរ បានលើកឡើងថា នាងដើរតួ២ ជានារីរូបស្អាត និងនារីឡិឡក់ លាបខ្លួនពណ៌ខ្មៅ។ មុនទទួលតួអង្គនេះ ត្រូវបាន លោកហ្វៃ សំអាង ឲ្យនាងទៅមើលឯកសារចាស់ៗ ជាភាពយន្តរៀមច្បងមើលហាត់តាម។ អ្នកដែលនាងរៀនមើលតាម គឺរៀមច្បង អម្ពរ ទេវី មើលពីស្ទីលក្រមិចក្រមើម មកដាក់ក្នុងចិត្ត។

លោក ហ្វៃ សំអាង បានឲ្យដឹងថារឿង”អប្សារ៉ា មហាអង្គរ”បានរំលេចក្បាច់គុណល្បុកតោ, របាំអប្សារា ,កំណាព្យកាបឃ្លោង,អក្សរសាស្រ្ដ ព្រោះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះនគរមានភាពរុងរឿង មានការរីកចម្រើនលើគ្រប់វិស័យ។ តាមរយៈខ្សែភាពយន្ដនេះយើងលើកយកមកបង្ហាញភាពរីកចម្រើននាសម័យកាលនោះ ដើម្បីជាការដឹងគុណដល់មហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ ហើយក្នុងនាមជាកូនខ្មែរ ជាអ្នកផលិតខ្សែភាពយន្ដ លោកត្រូវតែធ្វើការដឹងគុណដល់បុព្វបុរសយើងតាមរយៈការផ្សព្វផ្សាយកេរ្តិ៍មរតកនេះឲ្យបានសុះសាយទាំងនៅលើឆាកជាតិនិងអន្ដរជាតិ។ ហ្វៃ សំអាង មិនបញ្ជាក់ថាភាពយន្ដនេះត្រូវចំណាយទុនអស់ប៉ុន្មាននោះទេ តែលោកបង្ហើបថាគ្រាន់តែចេញបើកកាមេរ៉ាថតចាយអស់ជាង២០ម៉ឺនដុល្លារបាត់ទៅហើយ ខណៈដែលការប្រើគ្រឿងអលង្ការទៅលើតួអង្គនីមួយក្នុងម្នាក់ៗមិនក្រោម៥០០ដុល្លារនោះទេ ហើយរឿងនេះចំណាយលើការនិពន្ធ៣ឆ្នាំ ការសិក្សារស្រាវជ្រាវគ្រឿងអលង្ការរយៈពេល១ឆ្នាំ និងការថតប្រើពេល១ឆ្នាំកន្លះទៀតសរុបគឺ៥ឆ្នាំ និងមាន៥០ភាគ។លោកសំអាង ដែលធ្លាប់ផលិតរឿងភាគបានជាង២០រឿង និងរឿងខ្នាតធំ៤ រឿងមកហើយនិងទើបតែចាប់ផ្ដើមផលិតរឿងបែបប្រវត្តិសាស្រ្ដជាលើកទី១រូបនេះថាលោកនៅមានត្រៀមផលិតរឿង”អ្នកស្នងទាយាទ” និងរឿង”ចៅពស់កេងកង”វគ្គថ្មីទៀតនាពេលខាងមុខនេះផងដែរ បន្ទាប់ពីបញ្ចប់រឿង”អប្សារា មហាអង្គរ”៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

















