Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាកំប្លែង នាយ ក្តឹប ទទួលមរណភាពដោយជំងឺច្រើនមុខ

ភ្នំពេញ ៖ តារាកំប្លែងនាយ ក្តឹប បានទទួលមរណភាពហើយ ក្នុងជន្មាយុ៦២ឆ្នាំ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩ និង៤៥នាទី បន្ទាប់ពីលោកបានពើប្រទះនូវជំងឺជាច្រើនមុខអស់រយ:៤ឆ្នាំមកនេះ
បច្ចុប្បន្នសពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រុមគ្រួសារ លោក ឃុន ចាន់ក្តឹប ហៅនាយ ក្តឹប បានអះអាងថា សពរបស់លោកនឹងត្រូវរៀបចំពិធីបូជានៅក្នុងវត្តពោធិ៍ព្រឹកហៅវត្តខ្ទរ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣។ នាយ ក្តឹប បានទទួលមរណភាពក្នុងអាយុ៦២ឆ្នាំ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺប្រមាណ៤ឆ្នាំ ហើយចាប់ផ្តើមធ្ងន់ក្នុងរយៈពេលប្រមាណកន្លះខែចុងក្រោយនេះ។

ក្រុមគ្រួសារបានអះអាងបន្ថែមថា ក្រៅពីអាជីពសិល្បៈនាយ ក្តឹបមានមុខរបរអ្វីផ្សេងឡើយ ក្រៅពីទំនេរពីការសម្តែងគាត់តែងតែទៅដាក់ម៉ងរកត្រីនៅទន្លេប៉ុណ្ណោះ។ យ៉ាងណាដំណឹងមរណភាពរបស់នាយ ក្តឹប នាពេលនេះបានធ្វើអោយមហាជន ជាពិសេសអ្នកសិល្បៈបានសម្តែងការសោកស្តាយ និងបានបង្ហោះសារតាមបណ្តាញសង្គមដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាយ ក្តឹប នាពេលនេះផងដែរ។

តារាកំប្លែង នាយ ក្តឹប បានពើបប្រទះនូវជំងឺជាច្រើនមុខដូចជា ទឹកក្នុងសួត បេះដូង លើសជាតិស្ករ និងស្ពតសសៃឈាម រហូតធ្វើអោយលោកស្លាប់មួយចំហៀងខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារស្ថានភាពកាន់តែដុនដាបនាយ ក្តឹប បានត្រឹមសម្រាកព្យាបាលជំងឺតែនៅលើកន្ទេល ដោយមិនអាចធ្វើអ្វីបានឡើយ។

កន្លងមកអំឡុងសម្រាកព្យាបាលជំងឺគេសង្កេតឃើញមានសប្បុរសជន និងសមាគមសិល្បៈបានចូលរួមជួយឧបត្ថម្ភរូបលោកជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាដោយសារស្ថានភាពជំងឺត្រូវការថវិកាច្រើនសម្រាប់ព្យាបាលនោះកន្លងមកក្រុមគ្រួសារនាយ ក្តឹប ក៏បានប្រកាសលក់ផ្ទះ ដើម្បីយកលុយសងគេដែលបានខ្ចីមើលជំងឺ។
នាយ ក្តឹប ត្រូវបានចាត់ទុកជាតារាកំប្លែងជើងចាស់មួយរូបផងដែរ ដោយលោកតែងតែផ្តល់សំណើចសើចក្អាកក្អាយសម្រាប់ទស្សនិកជនទស្សនា។
តារាកំប្លែងរូបនេះក៏ជាសមាជិកនៅក្នុងក្រុម នាយ ក្រឹម ដែលតែងតែបង្ហាញវត្តមានសម្តែងនៅលើឆាកតន្ត្រីស្រុកស្រែ និងសំណើចចុងសប្តាហ៍នៅស្ថានីយ៍ទូរទស្សន៍បាយ័ន៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×