ភ្នំពេញ ៖ នៅទីបំផុតគូស្នេហ៍តារាចម្រៀងនាង ទេព បូព្រឹក្ស និងលោក ជី ដេវីដ បានទទួលចំណងដៃកូនជាលើកដំបូងរបស់ពួកគេហើយ ខណះពេលដែលសមាជិកថ្មីរបស់ពួកគេនេះទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន ជាពិសេសបណ្តាលអ្នកសិល្បៈដូចគ្នា។
កូនប្រុសដំបូងដែលជាតំណក់ឈាមរួមគ្នារវាង ជី ដេវីដ និង ទេព បូព្រឹក្ស បានចាប់កំណើតឃើញពន្លឺព្រះអាទិត្យកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងមន្ទីពេទ្យឯកជនមួយ។

ដំណឹងពីការចាប់កំណើតកូនដំបូងនាពេលនេះត្រូវបានតារាចម្រៀងលោក ជី ដេវីដ ផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយរូបភាពសប្បាយរីករាយយ៉ាងខ្លាំង។
អមជាមួយនឹងរូបភាពបីកូនជាប់នឹងដៃលោក ជី ដេវីដ បានភ្ជាប់ជាមួយនឹងសារថា ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជំរាបសួរអ៊ុពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផង
លោកបញ្ជាក់ថា អូនឈ្មោះ ទេព បញ្ចវរាប ហៅក្រៅ ( Albert ) អូនសុខភាពល្អនឹងសង្ហាដូចប៉ាៗអូន ហើយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ ។

ក្រោយការបង្ហាញរូបភាពពីការសម្រាលកូនដំបូងប្រកបដោយភាពជោគជ័យពីសំណាក់លោក ជី ដេវីដ និង ទេព បូព្រឹក្ស នាពេលនេះត្រូវបានទស្សនិកជន អ្នកសិល្បះ ជាពិសេសបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមសម្តែងការអបអរសាទរយ៉ាងខ្លាំង ក្នុងពេលដែលពួកគេបានឃើញតារាចម្រៀងទាំងពីរបានទទួលបានសមាជិកថ្មីតាមបំណងរបស់ខ្លួននាពេលនេះ។

ជាការកត់សម្គាល់តារាចម្រៀងលោក ជី ដេវីដ និងនាង ទេព បូព្រឹក្ស ត្រូវបានគេដឹងថា អ្នកទាំងពីរបានកសាងទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីអ្នកទាំងពីរបានចូលរួមក្នុងផលិតកម្មហង្សមាស។
បើទោះបីជាទំនាក់ទំនងពួកគេកាន់តែស្អិតរមួត និងរស់នៅទ្រនំជាមួយគ្នាអស់ពេលជាច្រើនហើយក្តី ប៉ុន្តែរហូតមកទល់នាពេលនេះ ពួកគេនៅមិនទាន់លិចលឺដំណឹងរៀបចំមង្គលការជាផ្លូវការនៅពេលណាមួយនៅឡើយទេ។
យ៉ាងណាគេរំពឹងថា ចំណងដៃកូនប្រុសជាលើកដំបូងនាពេលនេះ នឹងធ្វើឲ្យចំណងស្នេហ៍របស់ពួកគេកាន់តែមានភាពផ្អែមល្ហែម និងរឹងមាំថែមមួយកម្រិតទៀត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV
















