ភ្នំពេញ ៖ លោកហ្វៃ សំអាង បាន សម្រិតសម្រាំង នូវស្នាដៃថ្មីមួយទៀត ដោយត្រៀមសហការជាមួយ ទូរទស្សន៍ហង្សមាស និងចំណាយដើមទុន រាប់ម៉ឺនដុល្លារ ដើម្បីថតភាពយន្តបុរាណដ៏មានសារៈសំខាន់មួយបែបប្រវត្តិសាស្ត្រ។ ក្រៅពីរំលេចដោយ បច្ចេកទេសថ្មីៗ ក៏ត្រូវបាន ទម្លាយឲ្យដឹងថា តួសម្តែង ទាំងប្រុសស្រី ប្រមូលផ្តុំគ្នា គ្រប់ជំនាន់មកថត ហើយគាស់បានទាំងតារាបាត់មុខ រស់នៅស្រុកគេ យូរមកហើយនោះ ក៏ទប់ចិត្តមិនបាន ហើយស្ម័គ្រមករួមសហការ ឲ្យកាន់តែកក្រើកឡើងទៀត។

កាលពីចុងឆ្នាំ២០២២ សារ៉ាយ សក្ខណា បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅអាមេរិកវិញ ក្រោយពេល ចំណាយវេលាពេញ១ឆ្នាំ២០២២ មកថតសម្តែង និងមើលមុខរបរ។ មកដល់អាមេរិក មិនទាន់បានប៉ុន្មានផង នាងក៍ត្រូវ ត្រឡប់មកស្រុកវិញភ្លាមៗ ។ ដំណើរវិលមកវិញ ព្រោះតែនាង ជាប់សំណើសំខាន់មួយ របស់កវីនិពន្ឋ និង ដឹកនាំរឿង លោក ហ្វៃ សំអាង ដែលបានបន្តបេសកកម្មថ្មី ត្រៀមថតខ្សែភាពយន្តបុរាណ បែបប្រវត្តិសាស្ត្រ ផ្តុំគ្នាដោយ តារាគ្រប់ជំនាន់ប៉ះគ្នា។

ទំនង មិនអាចចោល ពេលវេលា ល្អនេះបាន សក្ខណា ត្រូវតែចូលរួមថតសម្តែង នៅក្នុងខ្សែភាពយន្តបុរាណបែប ប្រវត្តិសាស្ត្រឈ្មោះ «អប្សរ៉ាមហាអង្គរ» ដែលលោកហ្វៃ សំអាង បានចេញមុខផលិតឡើង ក្រោមការចំណាយដើមទុន សម្រិតសម្រាំងខ្លាំងយកគុណភាព ផលិតដោយទូរទស្សន៍ហង្សមាស។ បែបនេះហើយទើបរុញឲ្យ សក្ខណា ចោលការងារនៅអាមេរិកមួយឡែកសិន មកស្រុកវិញ បានជួបក្រុមការងារ និងសិល្បករចាស់ថ្មី រួមគ្នាថតសម្តែង ដើម្បីបានទុកស្នាដៃ ហើយទុកនូវអនុស្សាវរីយ៍ល្អៗបន្តទៀតក្នុងជីវិតសិល្បៈ។

រឿង «អប្សរាមហាអង្គរ »មានជំហរយ៉ាងមោះមុត ដើម្បីគុណភាពភាពយន្តខ្មែរ ដោយសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ លើគ្រប់ផ្នែក ទាំងការជ្រើសរើសទីតាំងថត ការកែច្នៃម៉ូត សម្លៀកបំពាក់ កំរិតរូបភាព ជាពិសេសការជ្រើសរើសតួសម្តែងដែល មានទេពកោសល្យខ្ពស់ និងរូបសម្បត្តិសក្តិសមជាមួយតួអង្គ ក្នុងរឿង ។ លើសពីនោះ ក៏ដឹងថា តារាជំនាន់ឆ្នាំ៨០ និង៩០ មួយចំនួន មានវត្តមានសម្តែងដែរ ដូចជា លោកទេព រិនដារ៉ូ អម្ពរ ទេវី នារី រត្ន័គន្ឋា ចន ច័ន្ទលក្ខិណា ស្វែង សុជាតា លី ម៉ារីណា ហើយក៏មាន សារ៉ាយ សក្ខិណា និង ក្រុមបវរកញ្ញាម្ចាស់មកុដល្បីៗរបស់កម្ពុជា ជាច្រើនរូបមករួមសហការសម្តែងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















