ភ្នំពេញ ៖ យ៉ាងណា យើងសូមសរសើរដល់ការរៀបចំរបស់ក្រុមហ៊ុន Media Load ថ្វីដ្បិតតែក្រុមហ៊ុនទើបតែបង្កើតឡើងក៏ពិតមែន ប៉ុន្ដែបើនិយាយពីបេក្ខភាពដែលបញ្ចូនទៅប្រកួត Kids & Teens Pageant Global 2023 វិញ ភាគច្រើនគឺបេក្ខនារីមានសម្រស់ស្អាត សុទ្ធតែចេញមកមានគុណភាព និងមានសមត្ថភាព រហូតបានឈ្នះមកុដនៅលើឆាកអន្ដរជាតិដល់ទៅ ៣កម្មវិធី ក្នុងឆ្នាំនេះ។

សញ្ញាល្អនេះហើយ ដែលកំពុងដក់ជាប់ក្នុងចិត្តអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាកំពុងតែតាមដានថា ក្រុមហ៊ុនខាងលើពិតជាធ្វើឱ្យមានការទាក់ទាញកាន់តែសម្បូរ អ្នកមកដាក់ពាក្យ ប្រកួតប្រជែង មិនចាញ់ Miss Grand ឬ Miss universe ឡើយ។
ក្រុមអ្នកតាមដាន ក៏ដូចជាមហាជន បានលើកឡើងថា ក្នុងនាមយើងជាជនរួមជាតិកម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានបេក្ខភាពបវរកញ្ញាយុវតីកម្ពុជាបានឈ្នះមកុដបន្តបន្ទាប់គ្នា ដែលកើតចេញពីសមត្ថភាពពិត ប្រាកដ មិនអាចបន្លំបាននៅលើឆាកអន្ដរជាតិរហូតដល់ទៅ ៣ កម្មវិធីប្រកួតផ្សេងៗគ្នា។

យុវតីបវរកញ្ញាវ័យក្មេងទាំងពីររូបដែលទទួលបានមកុដនោះ គឺឈ្នះមកុដ Kids & Teens Pageant Global 2023 លើឆាកអន្ដរជាតិ នៅឯប្រទេស Malaysia កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន យុវតី គង់ ច័ន្ទទីណារីយ៉ា Miss Teen Global និង យុវតី ឆដា មុនីនាថ Little Miss Global ។ ពួកនាងបានបង្ហាញភាពឆ្លាតវៃ តាំងពីដើមទីនៃការចូលមកប្រកួតដំបូងៗ រហូតឆក់ភ្នែក គណៈកម្មាការតាមឃ្លាំមើល និងច្បិចទុក កត់ចំណាំគ្រប់វគ្គ រហូតផ្ដល់ជ័យលាភី។

ម្ចាស់ជ័យលាភី ទាំង២ រូបនេះ ឆ្លើយសំណួរបានយ៉ាងរហ័សរហួន មានខ្លឹមសារ ហើយជឿជាក់ និងមិនតក់ស្លុតនោះទេ ឆ្លើយដោយម៉ឺងមាត់ ហើយបង្កអោយអ្នកទស្សនាផ្ទាល់នៅមុខវេទិកា នាំគ្នា ស្រែកហ៊ោ ខ្លះទៀតទះដៃសរសើរ ។ ម្ចាស់មកុដទាំង២រូបនេះ ធ្វើឱ្យពលរដ្ឋម៉ាឡេស៊ី យល់ថាពិតជាស័ក្ដិសមក្នុងការគ្រងមកុដរដូវកាលថ្មីនេះ។
សម្រាប់អ្នកគាំទ្រនៅតែបន្តការលើកទឹកចិត្តដល់ បេក្ខភាពក្រោយៗទៀត ដែលបានដាក់ចិត្តប្រកួត ប្រជែងលើវិស័យសម្រស់នេះ មិនថា បុរស នារី នោះទេ ត្រូវយកចិត្តខ្លាំងលើផ្នែកចំណេះដឹងការប្រើប្រាស់ភាសា និងភាពឆ្លាតវៃ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម











