ភ្នំពេញ ៖ ស្រីស្អាត ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បានសន្យាជាមួយឪពុកនាង លោក អ៊ូ ចន្ថា ហៅ អ៊ូ វ៉ាវ ថានាង នឹងលាភាពនៅលីវត្រឹម អាយុ៣០ឆ្នាំ ក្នុងឆ្នាំ២០២៣នេះហើយ ដែលធ្វើឲ្យ លោកវ៉ាវ រីករាយជាខ្លាំង ព្រោះនឹងបានកូនប្រសាជួយដឹកស្រីនាថ ទៅច្រៀងសម្ដែងតាមបណ្ដាខេត្ត-ក្រុងទាំងឡាយជំនួសរូបលោកដែលរ៉ាប់រងការងារ មួយនេះជាង១០ឆ្នាំមកហើយ។

ការតាំងចិត្តរបស់ អ៊ីវ៉ា ថា នឹងយកប្ដីមិនឲ្យលើសពីអាយុ៣០ឆ្នាំនេះ ដោយសារតែឪពុកនាងបានដាស់តឿន ស្រីនាថ ជាបន្ដបន្ទាប់ថា ជីវិតមនុស្សយើងបើទុកភាពនៅលីវយូពេក គឺអត់ប្រយោជន៍ទេ ពិសេសសម្រាប់មនុស្សស្រីវិញ ប្រៀបដូចជាផ្ការីកហើយរោយលម្អងទៅជាក្រៀមស្រពោនវិញ។
តាមពិត លោក ចន្ថា ចង់ឲ្យកូនស្រីរៀបអាពាហ៍ពិពាហ៍តាំងពីមុន ឆ្នាំ២០២២មកម៉្លេះ ប៉ុន្ដែ តារាសាន់ដេរូបនេះ ធ្លាប់ប្រាប់អ្នកយកព័តមានថា តាមនាងគិត គឺមនុស្សស្រីអាយុ៣០ឆ្នាំ រៀបការល្មម គឺមិនក្មេងពេក មិនចាស់ពេក ហេតុនេះនាងសូមជ្រើសយកឆ្នាំមួយនេះចុះ គឺ ២០២៣នេះឯង។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ អ៊ីវ៉ា នៅតែមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់នៅឡើយទេ ហើយថែមទាំងមិនហ៊ានបញ្ចេញមុខគូស្នេហ៍ ជាសាធារណៈទៀតផង ដោយគ្រាន់តែបង្ហើបថា អនាគតស្វាមី ជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡាហេតុនេះ ទើបធ្វើឲ្យទាំង លោក វ៉ាវ និងFan របស់នាង មិនទាន់ជឿជាក់ទាំងស្រុងថា ស្រីនាថ នឹងព្រមគ្រងឈុតកូនក្រមុំមែនទែន នៅឆ្នាំ២០២៣ នេះ ១០០%ឡើយ។
បើតាមការពិនិត្យឃើញថា អ៊ីវ៉ា ហាក់រារែកមិនទាន់ចង់រៀបការនៅឆ្នាំ២០២៣ប្រាកដមែន ព្រោះខ្លាចប៉ៈពាល់ដល់អាជីព ប៉ុន្ដែ តារារួមអាជីពរបស់នាងបង្ហើបថា ស្រីនាថ បើនៅតែមិនព្រមយកប្ដីឆ្នាំនេះទេនោះ នាងប្រាកដជាគ្មានលេសណាមួយ ដើម្បីប្រាប់ហេតុផលទៅលោកចន្ថាទៀតឡើយ ហើយបើនាងនៅតែចចេសមិនព្រមយកប្ដីទៀត ច្បាស់ជាឪពុកនាងឆេះដុំជាមិនខាន ព្រោះក្រៅពីចង់បានកូនប្រសាជំនួសដៃជើងនោះ លោក វ៉ាវ ក៏ចង់បានចៅពផងដែរ។

អ៊ីវ៉ា ត្រូវបានឪពុកផ្ដល់សិទ្ធិពិសេសឱ្យនាងអាចជ្រើសរើសប្ដីដោយខ្លួនឯងដល់ទៅ៦០% ខណៈ លោក រ៉ាវ សុំ ៤០% សម្រេចចិត្តតាមក្រោយ និងថា បុរសណាស្រលាញ់កូនស្រីលោកពិតប្រាកដសូមឱ្យក្លាហានហ៊ានចូលស្ដី ដណ្ដឹងតាមប្រពៃណីខ្មែរក្រុមគ្រួសារ លោកស្វាគម៍ជានិច្ច ប៉ុន្ដែលើកលែងប្រុសដែលជា ”ប្ដីគេ” ទេ គឺកូនស្រីលោកមិនត្រូវការជាដាច់ខាត ទោះជាមហាសេដ្ឋីក៏ដោយ។
ចំពោះ អ៊ីវ៉ាវិញ តាំងពីចែកផ្លូវ លោក ”ប” ជាថៅកែក្លិប និងហាងបញ្ចាំនៅក្រុងសៀមរាមកាលពីឆ្នាំ២០១៣ រួចមក ពេលនេះនាងនៅតែគ្មានសញ្ញាផ្សះផ្សាស្នេហ៍ចាស់ឡើងវិញឡើយ បើទោះជាប្អូនមន្រ្ដីធំផ្កាយ៣រូបនោះ នៅតែស្នេហានាងដូចដើមក្ដី ខណៈដែល លោក វ៉ាវ លើកឡើងថា លោកចង់បានកូនប្រសាជាបុរសវ័យចំណាស់ មិនត្រូវការប្រុសស្ទាវទេ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម









