ភ្នំពេញ ៖ តារាចម្រៀងនាង វ៉ាន់ នីឡា បានចេញមុខនិយាយចំៗទៅកាន់អ្នកសិល្បៈជំនាន់ក្រោយមួយចំនួនតូច ដែលខ្សោយសីលធម៌ ក្នុងពេលដែលនាងតែងតែបានពើបប្រទះសកម្មភាពនេះជាញឹកញាប់ ដែលធ្វើឲ្យនាងហាក់រង្គាសចិត្តយ៉ាងខ្លាំងចំពោះបញ្ហានេះ។
ដោយមិនសំដៅនិយាយឲ្យចំឈ្មោះអ្នកសិល្បៈរូបណាមួយនោះ វ៉ាន់ នីឡាគ្រាន់តែលើកឡើងពីទង្វើខុសឆ្គងដោយខ្សោយផ្នែកសីលធម៌ ចំពោះអ្នកសិល្បះជំនាន់ក្រោយមួយចំនួន ដែលតែងតែធ្វើនៅពេលជួបមុខអ្នកសិល្បៈដែលមានវ័យចាស់ជាងខ្លួន។

វ៉ាន់ នីឡា បានបញ្ចេញយោបល់របស់ខ្លួននៅលើបណ្តាញសង្គមថា តាមខ្ញុំគិតក្មេងៗសិល្បៈជំនាន់ក្រោយ“ ភាគតូច” គាត់មានសមត្ថភាពតែគាត់ខ្វះការគោរពចំពោះអ្នកដ៏ទៃ ( ខ្សោយសីលធម៌)។
នាងបញ្ជាក់ថា ឧទាហរណ៍ដ៏តូចមួយ ពេលគាត់ចូលរួមការងារជាមួយមនុស្សដែលធំជាងគាត់ មិនថាសិល្បៈរឺក្រុមការងារ គ្រាន់តែជំរាបសួរគេតើធ្ងន់ត្រង់ណា ? ហើយសូម្បីម្តាយរបស់សិល្បករក៏គាត់ និយាយពាក្យ “ សួស្តី “ ដាក់ដែរ ទាំងដែលគេអាយុ 30ជាង 40ជាង 50ជាង ហើយពួកគាត់ទើបតែ 10 ជាងឆ្នាំ រឺ 20 ស្តើងតែប៉ុណ្ណោះ។
នាងថា បើខ្ញុំវិញសូម្បីតែក្នុងចំណោមសិល្បកររាមច្បង និយាយច្រើនក៏ខ្ញុំមិនហ៊ាននិយាយផង កុំថាឡើយងើបដើរអង្គុយដូចក្នុងមួយបន្ទប់មានតែខ្លួនឯងម្នាក់ ។

បើតាម វ៉ាន់ នីឡា បើប្អូនគិតថាប្អូនមានចរឹកចង់កាត់ទៅអ៊ឺរុប គេអត់ប្រើភាសាជំរាបសួរ តែសូមប្អូនក្រលេកមើលប្រទេសជិតខាងផង គេដល់ថ្នាក់កើតនៅបរទេសក៏គេចេះលើកដែសំពះសួរគេដែរ និយាយរួមភាសាទន់ភ្លន់គឺគេនៅតែមាន រៀនមើលគេឯងផងកូន។
តាមរយះការបញ្ចេញមតិខាងលើពី វ៉ាន់ នីឡា នាពេលនេះគេឃើញមានមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានចូលទៅខំមិន ដោយម្នាក់ៗបានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់នាងនាពេលនេះ។
ដោយឡែកមានអ្នកខំមិនខ្លះបានលើកឡើងចូលរួមជាយោបល់ថា ពាក្យថាidolមានន័យធំធេងណាស់ មានសមត្ថភាពតែខ្វះសីលធម៌មិនអាចយកតំណែងជាidolក្នុងចិត្តខ្ញុំបានឡើយ។ មើលបងកញ្ញាជាគំរូ ខ្ញុំហ៊ាននិយាយថាគាត់ជាidolពេញៗមាត់ ព្រោះគាត់ពិតជាសាកសមជាidolពិតមែន។ បងក៏ជាតារាក្នុងចិត្តរបស់ខ្ញុំម្នាក់ដែរ សង្ឃឹមថាបងនឹងដើរតាមគន្លងបងកញ្ញា ធ្វើជាidolម្នាក់ដែលមិននាំfanស្លុយតាមដូចតារាមួយចំនួន។
យ៉ាងណា វ៉ាន់ នីឡា អះអាងបញ្ជាក់ថា អត្ថបទនេះមិនមែនធ្វើឡើងដោយនាងមានការច្រណែននរណាម្នាក់ទេ ពោលគ្រាន់តែនាងឃើញនឹងជួបបញ្ហានេះញយដងពេក ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV










