ភ្នំពេញ ៖ បន្ទាប់មានការសង្ស័យ និងការសន្និដ្ឋានពីមហាជនដែលជាអ្នកតាមដានព័ត៌មានសិល្បះអំពីកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត នឹងចូលរួមជាមួយផលិតកម្ម Galaxy Navatra នោះ ពេលនេះមានភស្តុភាងមួយថ្មីហាក់បញ្ជាក់ថា ការសង្ស័យអាចជាការពិត។
រយះពេលចុងក្រោយនេះមហាជន ជាពិសេសបណ្តាអ្នកគាំទ្រតារាចម្រៀងលោក ខេមរៈ សិរីមន្ត បាននឹងកំពុងទន្ទឹងរងចាំមើលតារារូបនេះ នឹងបញ្ចេញបទថ្មីៗបន្ថែមទៀត ក្រោយខកខានបន្ទាប់ពីឡើងងារជាឧកញ៉ា។

លើសពីនេះទៀតគេក៏កំពុងតែអ៊ុតមើលផងដែរថា តារាចម្រៀងនេះនឹងចូលរួមជាមួយផលិតកម្មហង្សមាសដដែលឬក៏ផលិតកម្មថ្មី បន្ទាប់ពីកុងត្រារបស់លោកនៅហង្សមាសបានបញ្ចប់កាលពីបំណាច់ឆ្នាំ២០២២កន្លងទៅ។
យ៉ាងណាម្នាក់ៗបានដាក់ការសង្ស័យថា ខេមរៈ សិរីមន្ត ទំនងជាចាកចេញពីផលិតកម្មហង្សមាស ហើយទៅចូលរួមជាមួយផលិតកម្ម Galaxy Navatra ព្រោះលោកគឺជាមិត្តភក្តិ និងជាដៃគូរកស៊ីដូចជាគ្នាជាមួយម្ចាស់ផលិតកម្មដែលជាឧកញ៉ាវ័យក្មេងម្នាក់ផងដែរ។
រិតតែច្បាស់ថែមទៀតកាលពីពេលថ្មីៗនេះ ក៏មានការបែកធ្លាយនូវលិខិតអញ្ជើញមួយរបស់ផលិតកម្ម Galaxy Navatra ចំពោះលោក ខេមរៈ សិរីមន្ត ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក។

ដោយឡែកតាមប្រភពក្រៅផ្លូបការផ្សេងទៀតបានក៏បានអះអាងថា បច្ចុប្បន្នលោក ខេមរៈ សិរីមន្ត កំពុងសម្ងំថតបទចម្រៀងថ្មីៗនៅក្នុងផលិតកម្ម Galaxy Navatra ដែលនឹងត្រៀមចេញឆាប់ៗនេះ។
ទោះជាយ៉ាងណាគេគិតថា តាមរយៈលិខិតអញ្ជើញលោក ខេមរៈ សិរីមន្ត ដើម្បីចូលរួមញាំអាហារសាមគ្គីជាមួយបុគ្កលិក និងថ្នាក់ដឹកនាំរបស់ផលិតកម្មខាងលើនេះ គឺអាចជាឪកាសដែលនឹងត្រូវប្រកាសពីតារាចម្រៀងរូបនេះ នឹងចូលរួមជាមួយផលិតកម្មតែម្តង។
លោក ខេមរៈ សិរីមន្ត បានប្រកាសចូលអុកឡុកអាជីពសិល្បៈចម្រៀងរបស់លោកឲ្យពេញលេញជាថ្មីឡើងវិញ បន្ទាប់ពីខកខានមួយរយៈ ក្រោយទទួលបានងារជាឧកញ៉ាពីព្រះមហាក្សត្រ។

ខេមរៈ សិរីមន្ត បានចាប់ផ្តើមងាកចេញពីអាជីពសិល្បៈអស់រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយលោកខនខានមិនបានចេញបទចម្រៀងថ្មី និងឡើងច្រៀងតាមបណ្តាខុនសឺតនានា ដូចជាពេលមុនឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV







