ភ្នំពេញ ៖ ដោយមិនលាក់លៀមដូចមុន រឿន ណាត និងគូស្នេហ៍កាន់តែបើកចំហពីទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត ក្នុងពេលដែលអ្នកទាំងពីរបានរក្សាទំនាក់ទំនងគ្នាបានកាន់តែល្អ និងមើលចិត្តគ្នាអស់រយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្វីដែលគេកត់សម្គាល់នោះ កាលពីពេលថ្មីៗនេះ ពោលនៅក្នុងថ្ងៃខួបនៃក្តីស្រឡាញ់ទាំង រឿន ណាត និងគូស្នេហ៍ជា ឌីជេ នៅភោជនីយដ្ឋានមួយកន្លែង បានបង្ហាញនូវក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះគ្នា ជាមួយនឹងការបង្ហាញពាក្យពេចន៍យ៉ាងចាក់ដោត។

គូស្នេហ៍ រឿន ណាត ដែលមានឈ្មោះក្នុងគណនីហ្វេសប៊ុក Em kompheak បានបង្ហោះសារថា រីករាយថ្ងៃគម្រប់ខួបនៃក្តីស្រលាញ់មួយជីវិតរបស់ខ្ញុំ ចាប់តាំងពីអ្នកនៅក្បែរខ្ញុំ ខ្ញុំតែងតែសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំ មានអំណរគុណ ក្នុងការចែករំលែក ក្ដីស្រឡាញ់នេះ ជាមួយមនុស្សដូចអ្នក ។ ស្រលាញ់អ្នកជានិច្ច។
ដោយឡែកសម្រាប់ រឿន ណាត វិញ ក៏បានចែករំលែកពាក្យពេចន៍ខាងលើនេះដោយភ្ជាប់ជាមួយនឹងសំណេរយ៉ាងខ្លី តែមានន័យថា Love you (ស្រឡាញ់អ្នក)។ ជាការកត់សម្គាល់ ក្រៅពីការបង្ហាញសកម្មភាពស្និតស្នាល និងផ្អែមល្ហែមជាសាធារណះ រឿន ណាត ក៏បង្ហើបពីគម្រោងនឹងដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះផងដែរ ។

កញ្ញាឯកចក្រវាទ្បកម្ពុជាឆ្នាំ២០១៨ រឿន ណាត បានធ្លាប់បរាជ័យស្នេហ៍ម្តងរួចមកហើយជាមួយតារាសម្តែងប្រុសវ័យក្មេងមួយរូប នៅមុនពេលផ្តើមទំនាក់ទំនងគូស្នេហ៍ថ្មីនាពេលនេះ។
ចំណងស្នេហ៍ថ្មីនេះកន្លងមក នាងក៏មិនបានបើកចំហរជាសាធារណះខ្លាំងឡើយ ទើបតែមួយរយះចុងក្រោយនេះប៉ុណ្ណោះ ដែលនាងហ៊ានបើកចំហរមិនលាក់លៀម ក្នុងពេលដែលស្នេហារបស់ពួកគេកាន់តែយល់ចិត្តគ្នា។
កន្លងមក រឿន ណាត ធ្លាប់បានលើកឡើងថា នាង និងគូស្នេហ៍ថ្មីរបស់នាងនាពេលនេះបានចាប់ផ្តើមទាក់ទង និងមើលចិត្តគ្នាទៅវិញទៅមក អស់ពេលប្រមាណ៤ឆ្នាំមកហើយ។ យ៉ាងណា គេរំពឹងថា ចំណងស្នេហ៍រវាងនាង និងគូស្នេហ៍ថ្មីនាពេលនេះ នឹងបន្តភាពផ្អែមល្ហែម និងរឹងមាំបន្ថែមទៀត ហើយអាចសម្រេចក្តីស្រមៃដឹកដៃគ្នាចូលរោងការជាផ្លូវការនាពេលខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv





