Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតតារាសម្ដែង ឌី លីណា នឹករលឹកអាជីពសិល្ប: ប៉ុន្តែថាជាប់នៅប៉ុស្តិ៍ TV កូនៗមានតម្លៃខ្ពស់ណាស់ មិនអាចចូលសិល្បៈបានទៀតទេ

ភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង ឌី លីណា បានសម្តែងការនឹករលឹកទៅដល់អាជីពសិល្ប:របស់នាងយ៉ាងខ្លាំង បន្ទាប់ពីនាងបានរសាត់ខ្លួនផ្ញើវាសនាថ្មីលើទឹកដីអាមេរិក ជាមួយគ្រួសារអស់ពេលច្រើនឆ្នាំមកនេះ ដ្បិតនាងធ្លាប់តស៊ូលើវិថីសិល្ប: នេះអស់ពេលមួយរយៈធំផងដែរ, ពេលនេះ គឺគ្រាន់តែនឹក ប៉ុន្តែមិនទំនងថានឹងអាចវិលមកសាជាថ្មីនោះឡើយ ដោយសារតែពេលនេះនាងមានធុរ:មើលថែគ្រួសារនៅឯនាយសមុទ្រ។

ជាមួយនឹងរូបភាពចាស់ៗនៃការសម្ដែងនាពេលកន្លងមក ឌី លីណា បានភ្ជាប់ជាមួយនឹងសារដែលបានបង្ហោះតាមគណនីហ្វេសប៊ុករបស់នាង ដោយសួរខ្លួនឯងថា ឆ្លើយមក ថានឹក ឬមិននឹក? ឆ្លើយក៏បាន នឹកបំផុតព្រោះជាក្តីស្រម៉ៃ និងស្រលាញ់តាំងតែពីតូចមក ហើយសិល្ប: ទោះជា Mc ឬជាតារាសម្តែង គឺខ្ញុំខំកសាងដោយសមត្ថភាពខ្លួនឯងផ្ទាល់អស់ពេលច្រើនឆ្នាំមកហើយ។

នាងបញ្ជាក់ថា ជំនាន់នោះ គ្មានទេភាពងាយៗ តស៊ូតាំងពីចំណុច 0 ទម្រាំមានឈ្មោះជាពិធីករ ឬ MCម្នាក់ ដែលប៉ុស្តិ៍ទូរទស្សន៍គេទទួលស្គាល់ជាពិធីករ ឬ MC ប្រចាំ TV ម្នាក់ មិនមែនឲ្យតែយើងស្អាត គឺបាននោះទេ គឺត្រូវតែមានជំនាញ និងចំណេះដឹងថែមទៀត ទើបបាន។ នាងថា តែពេលនេះបានត្រឹមតែនឹករលឹកទេ ឌី លីណា អើយ ហើយពេលនេះ ក៏បានមកកាន់កាងារមួយដ៏ជាប់លាប់ហើយ មិនអាចប្តូរផ្លាស់ទៅណាបានទេ គឺនៅជាប់នឹងTVប៉ុស្តិ៍របស់កូនៗហើយ, ចង់មានអ្នកអោយថ្លៃឈ្នួលខ្ពស់កប់យ៉ាងណា ក៏មិនអាចដូរដែរ ព្រោះប៉ុស្តិ៍TVរបស់កូនៗមានតម្លៃណាស់ គ្មានតម្លៃណាអាចប្រៀបបានឡើយ។

អតីតតារាសម្តែងអ្នកនាង ឌី លីណា គឺជាតារាសម្តែង និងពិធីករមានឈ្មោះបោះសំឡេងម្នាក់ផងដែរ កាលពីអំឡុងឆ្នាំ២០០០ ប៉ុន្តែអ្នកនាងបានសម្រេចផ្អាកការងារសិល្ប: ក្រោយពីនាងបានសម្រេចចូលរោងការជាមួយនឹងស្វាមី ដែលជាអាណិកជនខ្មែរ រស់នៅអាមេរិកកាលពីអំឡុងឆ្នាំ២០១៦។

ក្រោយមានគ្រួសារនោះ អ្នកនាងក៏បានចេញទៅរស់នៅ ទឹកដីសហរដ្ឋអាមេរិកតាមស្វាមី ដែលរហូតមកទល់នាពេលនេះ នាងមានកូនចំនួន៣នាក់ហើយ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×