រុស្ស៊ី ៖ វិមានក្រឹមឡាំង បានប្រកាសឱ្យដឹងថា លោក ពូទីន សម្ដែងការសប្បាយរីករាយដែលអាចនឹងបន្តកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយលោក ស៊ី ជិនពីង ដែលត្រូវបានជាប់ឆ្នោតក្នុងបក្សកាន់តំណែងជាប្រធានាធិបតីចិនបន្តមួយអាណត្តិទៀត គឺអាណត្តិទី៣។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យម្សិលមិញ បានផ្ញើសារអបអរសាទរប្រកបដោយភាពកក់ក្ដៅ ទៅកាន់ លោកប្រធានាធិបតី ស៊ី ជិនពីង ដែលត្រូវបានជ្រើសតាំងឱ្យបន្តកាន់តំណែងជាប្រមុខគណបក្សកុម្មុយនិស្ដចិនជាប្រវត្តិសាស្ត្រ សម្រាប់អាណត្តិទី៣។ លោក ពូទីន បានជូនពរ លោក ស៊ី ជិនពីង ឱ្យជួបតែវិបុលភាព និងជ័យជម្នះជាបន្តទៀត។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន សម្រាប់ អាណត្តិទី៣ នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពល ធំបំផុត ចាប់តាំងពីសម័យ លោក ម៉ៅ សេទុង មក, ហើយថា លោកស៊ី ជិនពីង បានស្វែងរកផលប្រយោជន៍ធំៗគាប់ចិត្តប្រជាជនចិនជាច្រើន។
សូមបញ្ជាក់ថា ការបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស របស់ លោក ស៊ី ជិនពីង មានន័យថា លោកក៏នឹងត្រូវបន្តកាន់តំណែងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ ឬអាចអស់មួយជីវិត ក្រោយការលុបចោលការកំណត់អាណត្តិប្រធានាធិបតីត្រឹម ២អាណត្តិ។ ប៉ុន្តែ ការប្រកាសជាផ្លូវការនេះទៀតសោត នឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំសភាប្រជាជនចិន នៅខែមីនា ឆ្នាំ២០២៣ ដើម្បីតាំងស៊ប់ជាផ្លូវការ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















