Saturday, April 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី ពូទីន នឹងប្រឈមមុខកាន់តែខ្លាំងឡើង បើ ចនសុន ត្រឡប់មកធ្វើនាយករដ្ឋមន្រ្ដីអង់គ្លេសវិញ

រាជធានីឡុងដ៍៖ ក្រោយការប្រកាសលាលែង ពីតំណែងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសរបស់លោកស្រី លីស ត្រាស់ ធ្វើឲ្យគេរំពឹងទុក ថា អតីតនាយករដ្ឋមន្ត្រី លោក Boris Johnson អាចនឹងវិលត្រឡប់ មកចាប់ផ្តើមជីវិតនយោបាយឡើងវិញ ហើយប្រសិនបើ គាត់ត្រូវបានជ្រើសរើស ឲ្យក្លាយជានាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ជាថ្មីនោះ នឹងធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) មិនសប្បាយចិត្ត និង ចាប់ផ្ដើមវិលមុខជាថ្មី។

សារព័ត៌មានដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក New York Times បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ថា លោក បូរីស ចនសុន (Boris Johnson) អតីតនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ត្រូវគេរំពឹង ថា គាត់នឹងវិលត្រឡប់ មកចូលរួមប្រឡូក នៅក្នុងការប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្ដីជាថ្មី ក្រោយការប្រកាសលាលែងតំណែងរបស់លោកស្រី លីស ត្រាស់ (Liz Truss)។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស The Times កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ ថា លោក បូរីស ចនសុន កំពុងតែនិយាយ អំពីលទ្ធភាពជាមួយមិត្តភក្តិ ព្រោះគាត់ជឿ ថា គាត់អាចបង្វែរគណបក្សអភិរក្សរបស់គាត់ ដែលមានស្លាកស្នាមនឹងរឿងអាស្រូវ នាពេលកន្លងមក ឲ្យស្ថិតក្នុងស្ថានភាពមួយ គិតពីផលប្រយោជន៍ជាតិ។ សមាជិកសភាជាច្រើន មកពីគណបក្សអភិរក្សនិយម បានលើកឡើងរួចមកហើយ ថា ចនសុន នឹងឡើង កាន់តំណែងជំនួសលោកស្រី លីស ត្រាស់។

លោកស្រី លីស ត្រាស់ ត្រូវបានជ្រើសរើស ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដី បន្ដពីលោក បូរីស ចនសុន ក្រោយពេលគាត់បានប្រកាសលាលែងពីតំណែង។ ប៉ុន្ដែឥឡូវ លោកស្រី បានប្រកាសលាលែងពីតំណែងកំពូលនេះ ក្រោយការកាន់តំណែង ត្រឹមតែរយៈពេល៤៥ថ្ងៃ ដោយសារវិបត្ដិសេដ្ឋកិច្ច និង នយោបាយ។ លោកស្រី ក្លាយជានាយករដ្ឋមន្រ្ដីរបស់ចក្រភពអង់គ្លេស កាន់តំណែង មានរយៈពេលដ៏ខ្លីបំផុត នៅក្នុងប្រវត្ដិសាស្រ្ដ។

នៅក្នុងតំណែង ជានាយករដ្ឋមន្រ្ដីរបស់ចក្រភពអង់គ្លេស លោក បូរីស ចនសុន បានគាំទ្រយ៉ាងខ្លាំងក្លា ដល់ការតស៊ូរបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ជាមួយសកម្មភាពគាំទ្រដល់អធិបតេយ្យភាព ឯករាជភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន នោះ រដ្ឋាភិបាលរបស់លោក ចនសុន បានផ្គត់ផ្គង់គ្រឿងសឹកទំនើបៗ មានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅជួយដល់ប្រទេសអឺរ៉ុបមួយនេះ។ ជាងនេះទៅទៀត លោក ចនសុន ថែមទាំងបានទៅបំពេញទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ជាច្រើនលើកថែមទៀតផង។

ប្រសិនបើលោក បូរីស ចនសុន វិលត្រឡប់ មកធ្វើជានាយករដ្ឋមន្រ្ដីរបស់ចក្រភពអង់គ្លេស វិញ ដូចការរំពឹងរបស់មនុស្សជាច្រើន មែននោះ លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាន់តែប្រឈមមុខនឹងការលំបាកខ្លាំងឡើងបន្ថែមទៀត នៅក្នុងការធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន ព្រោះលោក ចនសុន មានគោលនយោបាយយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងសកម្មភាពរបស់ក្រុងមូស្គូ នៅក្នុងប្រទេសជិតខាត។ លោក បូរីស ចនសុន ធ្លាប់សើចចំអកដាក់ប្រធានាធិបតី ពូទីន ថា ប្រសិនបើមានស្រ្ដី កាន់តែច្រើន ឡើងកាន់តំណែងកំពូល ដូច ពូទីន នឹងមិនមានសង្គ្រាមនោះឡើយ។ ដូច្នេះ គាត់សូមអំពាវនាវដល់ស្រ្ដីទាំងអស់ ត្រូវតែតស៊ូ ប្រកួតប្រជែង សម្រាប់តំណែងកំពូលទាំងនេះ ដើម្បីកុំឲ្យមានសង្គ្រាមឈ្លានពានបន្ដទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×