Saturday, April 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងសាងសង់រួចរាល់នៅខែមីនា ឆ្នាំ២០២៣

សៀមរាប ៖ បើតាមការប៉ាន់ប្រមាណរបស់ប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា អាចថាប្រហែល៦ខែទៀតប៉ុណ្ណោះ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ នឹងត្រូវរួចរាល់ទាំងស្រុង ខណ:ពេលនេះ សម្រេចការសាងសង់បានប្រមាណ៤០% និងឈានទៅសម្រេចការសាងសង់ទាំងស្រុងនៅក្នុងខែមីនា ឆ្នាំ២០២៣ ហើយត្រៀមដាក់ឱ្យដំណើរការជាផ្លូវការ នៅខែតុលាឆ្នាំក្រោយ។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានថ្មីមួយនេះ បានឱ្យដឹងថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មិនមានអ្វីចោទជាបញ្ហានោះទេ ដោយគ្រាន់តែយឺតជាងផែនតិចតួចប៉ុណ្ណោះ ដោយសារតែសម្ភារៈ និងឧបករណ៍ ដែលបញ្ជាទិញពីចិនមិនទាន់មកដល់កម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពេលនេះសាងសង់សម្រេចបានប្រមាណ៤០% ហើយនឹងឈានទៅសម្រេចការសាងសង់បាន៧០% នៅដំណាច់ឆ្នាំនេះ និងសម្រេច ១០០% នៅខែមីនា ឆ្នាំ២០២៣ និងរៀបចំប្រតិបត្តិការ ត្រៀមដាក់ដំណើរការជាផ្លូវការ នៅតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតក្នុង ភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ ហើយធ្វើឱ្យប្រាង្គប្រាសាទមានសុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×