Saturday, April 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន ប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ដណ្ដើមពីអ៊ុយក្រែន

រដ្ឋធានីកៀវ៖ ស្របពេលមេទ័ពកំពូលរបស់រុស្ស៊ី ទើបនឹងតែងតាំង ឲ្យទទួលបន្ទុកសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានសារភាព អំពីស្ថានការណ៍ប្រយុទ្ធ កាន់តែមានការលំបាកខ្លាំងបំផុតនោះ ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចេញក្រឹត្យមួយ ដាក់តំបន់ចំនួន៤ ដែលរឹបអូសបាន ពីប្រទេសអ៊ុយក្រែន ឲ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក ហើយក៏មធ្យោបាយរឹតបន្ដឹងដល់សកម្មភាពរបស់ប្រជាជន និង បង្កើនសន្ដិសុខ នៅលើដែនដីទាំងនោះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខា លើក្រឹត្យមួយ ដាក់តំបន់ចំនួន៤របស់អ៊ុយក្រែន ដែលក្រុងមូស្គូ បានប្រកាស ដាក់ជាទឹកដីរបស់រុស្ស៊ី ឲ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក។ តំបន់ទាំងនោះ រួមមាន ដូណែតស្ក៍ (Donetsk), លូហានស្ក៍ (Luhansk), ហ្សាប៉ូរីសហ្សា (Zaporizhia) និង ឃើរសុន (Kherson)។

ក្រឹត្យរបស់មេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន បានប្រកាស កាលពីថ្ងៃពុធ ក៏នឹងផ្ដល់អំណាចបន្ថែមទៀត ដល់អាជ្ញាធរ នៅក្នុងតំបន់ព្រំដែនរបស់រុស្ស៊ី។ ច្បាប់អាជ្ញាសឹកនេះ បានកើតឡើង ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានទទួលរងបរាជ័យជាបន្ដបន្ទាប់ នៅក្នុងតំបន់ទាំង៤របស់អ៊ុយក្រែន ដែលរុស្ស៊ី បានរឹបអូស យកមកធ្វើជាទឹកដីរបស់ខ្លួន។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ ថា «យើងកំពុងតែដោះស្រាយ លើកិច្ចការទ្រង់ទ្រាយធំ ដ៏ស្មុគស្មាញបំផុត ដើម្បីធានាសន្តិសុខ និង ការពារអនាគតរបស់រុស្ស៊ី»។

ក្រឹត្យនេះ បានអនុញ្ញាតឱ្យមានលទ្ធភាព កាន់តែច្រើនឡើង នៅក្នុងការកំណត់សកម្មភាពរបស់ប្រជាជន នៅក្នុងតំបន់ និង អនុញ្ញាតឱ្យប្រជាជន នៅលើទឹកដីទាំងនោះ ត្រូវបានផ្លាស់ប្តូរ ទៅកាន់«តំបន់មានសុវត្ថិភាព» ។ ក្រៅពីនេះ លោក ពូទីន ក៏បានណែនាំ ដល់រដ្ឋាភិបាលរបស់គាត់ ឱ្យបង្កើតក្រុមប្រឹក្សាសម្របសម្រួលពិសេសមួយ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក មីខែល មីស៊ូស្ទីន (Mikhail Mishustin) ដើម្បីធ្វើការជាមួយតំបន់ជាឧបសម្ព័ន្ធ សម្រាប់បង្កើនកិច្ចខំប្រឹងប្រែងសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

បទបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានកើតឡើង ក្រោយពេលលោកឧត្ដមសេនីយ៍ ស៊ើរហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ជាមេបញ្ជាការកងទ័ពអាកាសរបស់រុស្ស៊ី ទើបនឹងតែងតាំង ជាមេទ័ពកំពូល កាលពីថ្ងៃទី៨ ខែតុលា សម្រាប់ការដឹកនាំ ធ្វើសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ លោកមេទ័ព បានសារភាព ថា ស្ថានការណ៍សមរភូមិ នៅតំបន់ឃើរសុន កាន់តែមានការលំបាកខ្លាំងណាស់ ទាំងកម្លាំងទាហានរុស្ស៊ី និង ជនស៊ីវិល។ ប៉ុន្ដែរុស្ស៊ី ត្រូវតែធានា អំពីការជម្លៀសជនស៊ីវិល ចេញពីតំបន់នោះ ប្រកបដោយសុវត្ថិភាព និង ឆាប់រហ័សតាមអាចធ្វើទៅបាន ក្រោយការប្រមើលមើល ពីការវាយប្រហាររបស់អ៊ុយក្រែន នឹងជិតចូលមកដល់។

អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ ថា ពួកគាត់មានគម្រោងបញ្ជូនជនស៊ីវិល ជាង ៦០ ០០០នាក់ ចេញពីតំបន់ឃើរសុន នៅក្នុងរយៈពេលប្រហែល៦ថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×