Saturday, April 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់ សម្រេចបញ្ជូនគ្រឿងសព្វាវុធទំនើបៗទៅរុស្ស៊ី ធ្វើឲ្យអ៊ុយក្រែនសើចចំអក ពីការទទួលស្គាល់បរាជ័យរបស់ក្រុងមូស្គូ

រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកម្លាំងទាហានរបស់ក្រុងមូស្គូ និង កងទ័ពការពារទឹកដីក្រុងកៀវ កំពុងតែបន្ដ អស់រយៈពេល២៣៩ថ្ងៃ គិតត្រឹមថ្ងៃទី២០ ខែតុលា ក៏មានសេចក្ដីរាយការណ៍ថ្មី ជាបន្ដបន្ទាប់ ថា ក្រុងតេអ៊ីរ៉ង់ បានព្រមព្រៀងដឹកបញ្ជូនមីស៊ីលទំនើបៗ និង ដ្រូនទៅប្រទេសរុស្ស៊ី ហើយថែមទាំងបានបញ្ជូនក្រុមអ្នកជំនាញ ទៅបង្ហាត់បង្រៀន អំពីរបៀបប្រើប្រាស់ដ្រូនបន្ធែមទៀត ទើបមេដឹកនាំក្រុងកៀវ បាននិយាយចំអកទៅកាន់មេដឹកនាំវិមានក្រឹមឡាំង កំពុងតែទទួលស្គាល់ពីបរាជ័យរបស់ក្រុងមូស្គូ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ថា អ៊ីរ៉ង់ បានសន្យា ផ្ដល់មីស៊ីលបាលិស្ទីក រយៈចម្ងាយខ្លី បាញ់ពីលើដីទៅលើដីជាច្រើនគ្រាប់ ទៅឲ្យប្រទេសរុស្ស៊ី ។ បន្ថែមពីលើនេះ ក្រុងតេអ៊ីរ៉ង់ ក៏នឹងផ្គត់ផ្គង់ដ្រូនបន្ថែមទៀត ជួយដល់ក្រុងមូស្គូ ផងដែរ។ ស្របគ្នានេះ ក្រុមមន្រ្ដីជាន់ខ្ពស់អ៊ីរ៉ង់ និង អ្នកការទូតអ៊ីរ៉ង់ បានប្រាប់ដល់ Reuters ថា សកម្មភាពរបស់ក្រុងតេអ៊ីរ៉ង់ ទំនងជានឹងធ្វើឲ្យសហរដ្ឋអាមេរិក និង មហាអំណាចបស្ចិមលោក ខឹងសម្បា កាន់តែខ្លាំងឡើង បន្ថែមទៀត។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែតុលា ខណៈលោក ម៉ូហាមម៉ាត់ ម៉ូកប៊ឺ (Mohammad Mokhber) អនុប្រធានាធិបតីទី១របស់អ៊ីរ៉ង់ អមដំណើរ ដោយមន្រ្ដីជាន់ខ្ពស់ ចំនួន២រូបដ៏មានអំណាច មកពីឆ្មាំបដិវត្ដន៍ និង មន្រ្ដីម្នាក់ទៀត មកពីឧត្ដមក្រុមប្រឹក្សាសន្ដិសុខ របស់អ៊ីរ៉ង់ បានទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីមូស្គូ ដើម្បីចរចាជាមួយនឹងរដ្ឋាភិបាលរបស់លោក វ៉្លាឌីមៀ ពូទីន ជុំវិញការបញ្ជូនគ្រឿងសព្វាវុធរបស់ក្រុងតេអ៊ីរ៉ង ទៅកាន់ប្រទេសរុស្ស៊ី។

មន្រ្ដីការទូតមួយរូបរបស់អ៊ីរ៉ង់ បានថ្លែងយ៉ាងសង្ខេប អំពីដំណើរទស្សនកិច្ចនោះ ថា មន្រ្ដីជាន់ខ្ពស់រុស្ស៊ី បានស្នើសុំដ្រូន និង មីស៊ីលបាលិស្ទិកដ៏ទំនើបរបស់អ៊ីរ៉ង់ ជាច្រើនប្រភេទបន្ថែមទៀត ជាពិសេស ប្រភេទអម្បូរមីស៊ីលហ្វាតាស់ (Fateh) និង ហ្សូលហ្វាហ្កា (Zolfaghar)។

សារព័ត៌មាន CNN បានផ្សាយ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ថា ក្រុងតេអ៊ីរ៉ង់ បានបញ្ជូនក្រុមអ្នកជំនាញយោធា ទៅកាន់តំបន់គ្រីមៀ ដែលគ្រប់គ្រង ដោយក្រុងមូស្គូ ដើម្បីបណ្ដុះបណ្ដាលទាហានរុស្ស៊ី អំពីរៀបប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ឬដ្រូន ផលិត នៅក្នុងប្រទេសអ៊ីរ៉ង់ សម្រាប់វាយប្រហារទៅលើគោលដៅនានា នៅទូទាំងប្រទេសអ៊ុយក្រែន។

បណ្ដាញទូរទស្សន៍ CNN បានដកស្រង់ប្រភពពីមន្ត្រីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ចំនួន២រូប យកមកបញ្ជាក់ ថា កម្លាំងទាហានរុស្ស៉ី បានយកដ្រូន រាប់រយគ្រឿង ចេញពីឃ្លាំងស្ដុក នៅឧបទ្វីបគ្រីមៀ ដែលរឹបអូសបានពីអ៊ុយក្រែន នៅក្នុងអំឡុងឆ្នាំ២០១៤។ ដោយឡែក សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តនៅតំបន់អឺរ៉ុបរបស់ក្រុងវ៉ាស៊ីនតោន បានសន្និដ្ឋាន ថា ឥឡូវនេះ កម្លាំងទាហានរុស្ស៊ី កំពុងតែប្រើប្រាស់ដ្រូនអត្ដឃាត ផលិត នៅក្នុងប្រទេសអ៊ីរ៉ង់ សម្រាប់វាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន។

ថ្វីបើមានការលើកឡើង ពីអ៊ុយក្រែន និង សម្ពន្ធមិត្តបស្ចិមលោក បែបនេះក្ដី ប៉ុន្ដែអ៊ីរ៉ង់ នៅតែបដិសេធការផ្គត់ផ្គង់ដ្រូន ដល់ប្រទេសរុស្ស៊ី។ ចំណែកក្រុងមូស្គូ ក៏បានអះអាង ថា កម្លាំងទាហានរុស្ស៊ី មិនបានប្រើប្រាស់ដ្រូនរបស់អ៊ីរ៉ង់ នោះឡើយ។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានអះអាង ថា រុស្ស៊ី បានប្រើប្រាស់ពេលវេលា ជាច្រើនទសវត្សរ៍ និង ចំណាយលុយជាតិ រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិនិយោគ និង អភិវឌ្ឍ លើវិស័យឧស្សាហកម្មការពារជាតិផ្ទាល់ខ្លួន។ ប៉ុន្ដែផ្ទុយទៅវិញ រុស្ស៊ី កំពុងតែងាកទៅពឹងផ្អែកលើគ្រឿងយុទ្ធោបករណ៍ ក៏ដូចជា ដ្រូនរបស់អ៊ីរ៉ង់ ដើម្បីយកមកធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែន។ សកម្មភាពរបស់ក្រុងមូស្គូ នាពេលនេះ កំពុងតែបង្ហាញ អំពីការទទួលស្គាល់បរាជ័យ ទាំងខាងនយោបាយ និង យោធារួចទៅហើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×