រដ្ឋធានីវ៉ាស៊ីនតោន៖ មេដឹកនាំក្រុងមូស្គូ តែងតែគំរាមកំហែងជាញឹកញាប់ ពីការប្រើប្រាស់អាវុធបរមាណូ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយរហូតមកដល់ពេលនេះ កម្លាំងទាហានរុស្ស៊ី ចាប់បផ្ដើមចាញ់សង្គ្រាម នៅតាមតំបន់ជាច្រើន ទើបក្រុមមន្រ្ដីក្រុងមូស្គូ មួយចំនួន បានជំរុញឲ្យមេដឹកនាំវិមានក្រឹមឡាំង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចប់សង្គ្រាមនេះ ទើបធ្វើឲ្យពិភពលោក មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ប៉ុន្ដែសម្រាប់សហរដ្ឋអាមេរិក ក៏មានសេណារីយ៉ូចំនួន៣សម្រាប់ទប់ទល់នឹងការវាយប្រហារ ដោយបរមាណូនេះដែរ។
សារព័ត៌មាន Newsweek បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា នៅក្នុងព្រឹត្តិការណ៍មិនទំនង ប៉ុន្តែវាមិនអាចទៅរួច ដោយសារតែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សម្រេចធ្វើតាមការគំរាមកំហែងរបស់គាត់ កាលពីពេលថ្មីៗ ដើម្បីទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅលើប្រទេសអ៊ុយក្រែន។ ចំណែក សហរដ្ឋអាមេរិក វិញ ក៏នឹងមានជម្រើស អាចធ្វើទៅបាន សម្រាប់ការឆ្លើយតបនឹងសកម្មភាពនេះ។
លោក ម៉ាតធូ ក្រូនីគ (Matthew Kroenig) ជាអ្នកវិទ្យាសាស្រ្ដនយោបាយ និង ជាអតីតមន្រ្ដីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA បានប្រាប់ដល់សារព័ត៌មាន Newsweek ថា «អ្វីដែលសំខាន់បំផុតនោះ សហរដ្ឋអាមេរិក ចង់ព្យាយាមរារាំងដល់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មិនឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ»។
អតីតមន្រ្ដី CIA រូបនេះ បានបញ្ជាក់ ថា «នោះ ជាបញ្ហាដែលរដ្ឋបាលរបស់សហរដ្ឋអាមេរិក បានព្យាយាមធ្វើ នៅក្នុងរយៈពេល១សប្តាហ៍មុន … ប៉ុន្តែប្រសិនបើលោក ពូទីន បន្តប្រើប្រាស់អាវុធមហាប្រល័យលោក ក្រុងវ៉ាស៊ីនតោន ក៏ស្ថិតក្នុងស្ថានភាពមួយដ៏លំបាកផងដែរ»។
ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី កាលពីពេលថ្មីៗនេះ ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ការពារប្រទេសរុស្ស៊ី ប្រឆាំងនឹងការវាយប្រហារ អាចលើសពីការនិយាយបំផ្លើស ដូចអ្វីដែលលោក ពូទីន ធ្លាប់គំរាម កាលពីថ្ងៃទី២១ ខែកញ្ញា នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា ប្រកាស អំពីការចល័តទ័ពបម្រុងមួយផ្នែក នៅក្នុងប្រទេសរបស់គាត់។
ដោយឡែក លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែតុលា បានបញ្ជាក់ ថា មន្ត្រីសហរដ្ឋអាមេរិក កំពុងតែពិចារណា អំពីការឆ្លើយតប នឹងអ្វីដែលអាចនឹងកើតមានឡើង ចំពោះការកើនឡើង នៃសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន រហូតឈានដល់ជម្លោះអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែលោករដ្ឋមន្រ្ដី មិនបានបង្ហាញ អំពីអ្វីដែលអាចកើតមានឡើងនោះឡើយ។
ប្រសិនបើយុទ្ធសាស្ត្ររារាំងរបស់សហរដ្ឋអាមេរិក ទទួលបរាជ័យ ដោយហេតុផលណាមួយ ប្រហែលជា ដោយសារតែលោក ពូទីន មានអារម្មណ៍ ថា មានជ្រុង និង ខ្វះជម្រើសផ្សេងទៀតសម្រាប់ការលេចចេញនូវជ័យជម្នះ នៅក្នុងសង្គ្រាមអ៊ុយក្រែន។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គួរតែអនុវត្តការគំរាមកំហែងរបស់ខ្លួន សម្រាប់រារាំងដល់ការប្រើប្រាស់អាវុធមហាប្រល័យលោក។
លោក ម៉ាតធូ ក្រូនីគ (Matthew Kroenig) បានសង្កត់ធ្ងន់ អំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិក ថា «ខ្ញុំគិតថា រដ្ឋបាលរបស់លោក ចូ បៃដិន ប្រហែលជាមិនទាន់សម្រេចចិត្តនៅឡើយ ហើយប្រហែលជានឹងមិនសម្រេចចិត្តទេ រហូតដល់អាវុធនុយក្លេអ៊ែរ ត្រូវបានប្រើប្រាស់ ជាក់ស្តែង។ ខ្ញុំគិតថា បញ្ហាមួយចំនួន នៅក្នុងរដ្ឋបាលរបស់សហរដ្ឋអាមេរិក នឹងនិយាយ ថា មែនហើយ ចូរយើងធ្វើកំណែទម្រង់ដ៏តឹងរ៉ឹង ចំពោះអ្វីដែលយើងកំពុងធ្វើរួចហើយ។ ការដាក់ទណ្ឌកម្មកាន់តែច្រើន ការផ្ដល់អាវុធកាន់តែច្រើន សម្រាប់ប្រទេសអ៊ុយក្រែន ប្រហែលជាដាក់ពង្រាយកងទ័ពបន្ថែមទៀត នៅក្នុងបណ្តាប្រទេសជាសមាជិករបស់អង្គការណាតូ។ ពួកគេ នឹងប្រកែក ថា នេះជាការឆ្លើយតបយ៉ាងខ្លាំងក្លា ជាងអ្វីដែលយើងកំពុងតែធ្វើ នាពេលឥឡូវនេះ»។
បើតាមលោក ម៉ាតធូ ក្រូនីគ (Matthew Kroenig) បានឲ្យដឹងទៀត ថា នៅក្នុងសេណារីយ៉ូទី១នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបញ្ចៀសសង្គ្រាម ដោយផ្ទាល់ជាមួយនឹងរុស្ស៊ី។ ប៉ុន្ដែគាត់ជឿ ថា មានមនុស្សជាច្រើន ដោយរួមទាំងខ្លួនគាត់ផង នឹងលើកឡើង ថា ប្រតិកម្មបែបនេះ មិនមានកម្លាំងគ្រប់គ្រាន់នោះឡើយ។
អតីតមន្រ្ដី CIA របស់សហរដ្ឋអមេរិក រូបនេះ បានបញ្ជាក់ ថា «យើងបាននិយាយ អំពីផលវិបាក ប្រកបដោយគ្រោះមហន្តរាយ ហើយបន្ទាប់មក យើងឆ្លើយតប ដោយការដាក់ទណ្ឌកម្ម នោះជាការឆ្លើយតបដ៏ទន់ខ្សោយបំផុត។ ចំណែកការឆ្លើយតបនេះ នឹងផ្ញើសារទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ថា គាត់អាចវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរលើកទីពីរ ទីបី និងទីបួន ដោយគ្មានផលវិបាក។ ខ្ញុំ នឹងគាំទ្រដល់ការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក ដោយផ្ទាល់ប្រឆាំងនឹងប្រទេសរុស្ស៊ី។ លើសពីនេះទៀត សហរដ្ឋអាមេរិក អាចប្រឆាំងនឹងមូលដ្ឋានយោធារុស្ស៊ី ផ្សេងៗជាច្រើនទៀត នៅក្នុងអ៊ុយក្រែន ឬនៅក្នុងសមុទ្រខ្មៅ៕រក្សាសិទ្ធិដោយ ៖ សារាយSN





























