ភ្នំពេញ ៖ មានដំណឹងថា សុគន្ធ និសា និង សួស វីសា អាចមានបញ្ហាលែងសូវស្និទ្ធស្នាលគ្នាដូចមុនទៀត ហើយ ព្រោះតែ វីសា មិនសូវសប្បាយចិត្តដែលបាត់បង់តំណែងជាគ្រូបង្វឹក (Coach) The Voice Kids Cambodia រដូវកាលទី៣ ធ្លាក់ទៅនិសា វិញ ខណៈដែលថៅកែហង្សមាស លោកឧកញ៉ា អ៊ឹង ឆៃងួន នៅមិនទាន់ប៉ះប៉ូវឲ្យតារាកូន១ សួស វីសា នេះ កាន់តំណែងធំណាផ្សេងទៀតនៅឡើយទេ, ប៉ុន្ដែថ្មីៗនេះ គេឃើញ និសា និង វីសា បានបង្ហាញសកម្មភាពស្និទ្ធស្នាលគ្នាសាជាថ្មីវិញ ដើម្បីលុបបំបាត់ដំណឹងទាំងឡាយហើយពួកគេនៅ តែបញ្ចេញសកម្មភាពឲ្យគ្រប់គ្នាបានឃើញថា គឺជាមិត្តរួមអាជីពនឹងគ្នាដូចមុនដដែល។
សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងបានត្រៀមចិត្តកាយរួចហើយ សម្រាប់ការធ្វើជាគ្រូបង្វឹក The Voice kids Cambodia រដូវកាលថ្មីនេះ ហើយក្រៅពីតួនាទីមួយនេះនាងក៏អាចនឹងចេញមុខនៅកម្មវិធីថ្មីណាមួយទៀតផ្សេងដែរ អាស្រ័យទៅលើថ្នាក់ដឹកនាំហង្សមាសតម្រូវ។
មិនត្រឹមតែត្រៀមផ្ដល់បទពិសោធន៍របស់ខ្លួនទៅឲ្យយុវជនក្មេងៗជំនាន់ក្រោយ ដែលស្រលាញ់សិល្បៈនោះទេ តែ និសា ក៏សូមអធ្យាស្រ័យពីមហាជនទុកជាមុនទៀតផង ប្រសិនបើនាងមានកំហុសឆ្គងណាមួយពីការជ្រើសរើស និងទម្លាក់កូនក្រុមនោះ ប៉ុន្ដែនាងជាទូទៅ Coach នីមួយៗមាន គោលការណ៍រើសកូនក្រុមមិនដូចគ្នាឡើយ។
សុគន្ធ និសា ធ្លាប់បានផ្ទេរតំណែងThe Voice Kids Cambodia រដូវកាលទី២ ឲ្យទៅ សួស វីសា ម្ដងរួចមកហើយ ដោយនាងអះអាងថាពេលនោះ មកពីនាងមានបញ្ហាសុខភាព តែមជ្ឈដ្ឋានមហាជនមើលឃើញថា និសា កាលនោះឈឺក្បាលរឿងគេរិះគន់ ដោយនាងទម្លាក់កូនក្រុមច្រៀងពីរោះជាងអ្នកជាប់ទៅវគ្គបន្ដ។
ប៉ុន្ដែសម្រាប់ការវិលមកវិញនាពេលនេះ និសា ហាក់មានទំនុកចិត្តខ្ពស់ជាងមុន ហើយ Fan របស់នាងក៏សប្បាយចិត្តផងដែរ ព្រោះតែមុននេះ ពេលបាត់មុខនាង១រដូវកាលនោះ មានអ្នកខ្លះសង្ស័យថា នាងធ្វើការងារនេះមិនកើត ទើបថៅកែដកចេញ។
អ្វីដែលគូរឲ្យកត់សម្គាល់នោះ ក្រៅពីទទួលបានកៅអីរបស់ខ្លួនវិញ អ្នកនាង ប៊ុន សុគន្ធា ហៅសុគន្ធ និសា ក៏បានតាំងចិត្តថា នាងបានសម្រេចចិត្តយកកូនដំបូងនៅឆ្នាំ២០២២នេះ ហើយបន្ទាប់ពីតារាស្រគត់ស្រគំរូបនេះ បានរៀបការជាមួយអាណិកជនខ្មែរមកពីរដ្ឋ Boston សហរដ្ឋអាមេរិកជាង៥ឆ្នាំ តែរកកូន១គ្រាប់បីប្រលែងលេងដូចគេមិនបាន។
គេចាំមើលថា តើ សុគន្ធ និ សា អាចនឹងជោគជ័យនាំកូនក្រុមលើកពានដូចបំណងនៅឆ្នាំនេះដែរឬទេ ឬមួយក៏នាងចង់លើកពានផ្ទាល់ខ្លួនតាមរយៈការយកកូនបានសម្រេចនៅឆ្នាំ២០២២?!៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM












