Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញម្ចាស់ជ័យលាភីលេខ១ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២

ភ្នំពេញ ៖ ក្រុមរស្មីវប្បធម៌ខេត្តកែប មកពីខេត្តកែប បានទទួលជ័យលាភីលេខ១ នៅក្នុងមហាស្រពល្ខោនបាសាក់ទូទាំងប្រទេស ដែលបានបិទបញ្ចប់កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។

មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ប្រារព្ធឡើងក្រោមប្រធានបទ វប្បធម៌សន្តិភាព ដែលមានរយះពេល២ថ្ងៃគឺថ្ងៃទី៣និងទី៤ ខែតុលា ឆ្នាំ២០២២។

ព្រឹត្តការណ៍នេះមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួន លើវិធីសាស្ត្រនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។ មានល្ខោនបាសាក់ ១០ក្រុម បានដាក់ពាក្យប្រកួតប្រជែង និងមាន ៥ក្រុម ត្រូវបានជ្រើសរើសឲ្យប្រកួតផ្តាច់ព្រ័ត្រ។
រង្វាន់ជ័យលាភី សម្រាប់ ៥ក្រុមចុងក្រោយនេះ រួមមាន៖
ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់១០លានរៀលនិងថវិកាសប្បុរជនបន្ថែមចំនួន ៣លានរៀល បានទៅលើក្រុមឈ្មោះ ក្រុមរស្មីវប្បធម៌ខេត្តកែប មកពីខេត្តកែប។
ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ ៧លានរៀល និងថវិកាសប្បុរជនបន្ថែមចំនួន២លានរៀល បានទៅលើក្រុមឈ្មោះ នាយប៉េងប៉ោះ មកពីខេត្តកំពង់ចាម។
ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ចំនួន៤លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល បានទៅលើក្រុមឈ្មោះ អុល សំអាង វង់ទី១ មកពីរាជធានីភ្នំពេញ។
ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ក្នុង១ក្រុមទឹកប្រាក់ចំនួន៣លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល។

លោកជំទាវ ម៉ិញ កុសនី ដែលអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពនេះបានសម្តែងនូវការអបអរសាទរដ៏ស្មោះចំពោះ សិល្បករ សិល្បការិនី ល្ខោនបាសាក់ ទាំងអស់ ដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ នាថ្ងៃនេះ។

លោកជំទាវ បានលើកទឹកចិត្តដល់លោក លោកស្រី ជាសិល្បករ សិល្បការិនី ដែលមិនទទួលបានពានរង្វាន់ និងសុំបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព។

លោកជំទាវរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា មហោស្រពល្ខោនបាសាក់មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ និងចំណេះដឹងផងដែរ។ ដូចនេះ គោលដៅសំខាន់នៃការរៀបចំ មហោស្រពល្ខោនបាសាក់ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការដឹកនាំតម្លើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យសិល្បៈទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ»៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×