ភ្នំពេញ ៖ តារាចម្រៀងក្នុងផលិតកម្មថោន នី រ័ត្ន បានវិលមកស្រុកខ្មែរដើម្បីជួបជុំមិត្តភក្តិបងប្អូន បន្ទាប់ពីនាងចេញទៅរស់នៅប្រទេសអូស្ត្រាលី ជាមួយស្វាមីអស់រយ:ពេលជាង៥ឆ្នាំមកនេះ។
ការវិលមកស្រុកខ្មែរនាពេលនេះ នី រ័ត្ន បានឆ្លៀតពេលបញ្ចេញបទចម្រៀងថ្មីបន្ថែមទៀតឆ្លើយតបការចង់បានពីប្រិយមិត្តគាំទ្រ ក្រោយខកខានអស់ពេលជាច្រើនឆ្នាំ។
តាមរយ:រូបភាពនៃសកម្មភាពសម្តែង MV ថ្មី តាមបែបបុរាណខ្មែរ ត្រូវបានតារាចម្រៀងស្រីរូបនេះបង្ហោះលើបណ្តាញសង្គម ជាមួយនឹងសំណេរថា ក្រោយយពីបែកគ្នា5ឆ្នាំ នាងខ្ញុំនឹងមានបទថ្មីសំរាប់អ្នកស្រលាញ់គាំទ្រ នី រត្ន័ ទាំងអស់គ្នា។
តាមរយ:រូបភាពសកម្មភាពដែល នីរ័ត្ន នៃការសម្តែងបទថ្មីនាពេលនេះបានធ្វើអោយមហាជន ជាពិសេសប្រិយមិត្តគាំទ្របាននាំគ្នា សម្តែងការរីករាយយ៉ាងខ្លាំង ក្នុងពេលដែលពួកគេបានឃើញការវិលត្រឡប់ជាថ្មីពីតារាចម្រៀងក្នុងដួងចិត្ត។
យ៉ាងណាគេនៅមិនទាន់ដឹងទេថា នីរ័ត្ន មកស្នាក់នៅស្រុកខ្មែររយៈពេលប៉ុន្មានខែនៅឡើយទេ ហើយការមកនាពេលនេះមានវត្តមានស្វាមីរបស់នាង មកជាមួយឬយ៉ាងណានោះដែរ។
គួររំលឹកផងដែរថា អ្នកនាង ប៊ូ ស្រីរ័ត្ន ហៅ នី រ័ត្ន ទទួលបានឱកាសចូលច្រៀង ក្នុងផលិតកម្ម ថោន ក្រោយពីនាងជាប់ក្នុងការប្រឡងចម្រៀង ក្នុង កម្មវិធី ” សំនៀងអាថ៌កំបាំង ” របស់វិទ្យុថោនកាលពីអំឡុងឆ្នាំ ២០១៤ ។
នាងបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ក្រោយពីបានបង្ហើរសំនៀង ក្នុងបទចម្រៀងមួយចំនួនក្នុងផលិតកម្មនេះ ដូចជា បទ ” វ៉ល់ៗ ” និង បទ ” ប្តី ទៅកូរ៉េ ” ជាដើម ។ តារាស្រីរូបនេះ បានភ្ជាប់ពាក្យជាមួយប្រុសអាណិកជនខ្មែរ មកពីអូស្ត្រាលី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ហើយនាងបានចាកចេញទៅ រស់នៅប្រទេសអូស្រា្ដលីនឹង រៀបអាពាហ៍ពិពាហ៍នៅទីនោះតែម្ដង ។
បច្ចុប្បន្ននាងទទួលបានចំណងដៃកូនប្រុសម្នាក់រួចហើយ ក្រោយរួមរស់ជាមួយស្វាមីលើទឹកដីប្រទេសអូស្ត្រាលីបានប្រមាណជា៥ឆ្នាំមកនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV







