Saturday, October 23, 2021

បុរស​ម្នាក់​បើករថយន្ត​បុក​រះ​អ្នកជិះ​ម៉ូតូ រថយន្ត​ជាច្រើន​នៅ​ភ្លើងស្តុប តែ​ទាល់ច្រក ធ្វើជា​ឆ្កួត​ស្រាត​ដេញ​ចាក់​គេឯង​យ៉ាង​សាហាវ

​នេះ​ជាហេតុ​ការណ៍​ដ៏​ស្លុតរន្ធត់​មួយ ដែល​បុរស​តៃវ៉ាន់​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​វាយប្រហារ​ដូច​កម្រោលចូល នៅ​ភាគ​ខាងជើង​ទីក្រុង Taoyuan កាលពី​ថ្ងៃ​អង្គារ (១៥ ឧសភា​) ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស និង​ព្រមទាំង​បំផ្លិចបំផ្លាញ​រថយន្ត​ចំនួន ៧ គ្រឿង រង​ការខូចខាត ។​

​នៅវេលា​ម៉ោង ២ រសៀល ថ្ងៃកើតហេតុ​ខាងលើ បុរស​ឈ្មោះ Wu អាយុ ២៥ ឆ្នាំ បាន​បើករថយន្ត​របស់ខ្លួន​បុក​ម៉ូតូ​២​គ្រឿង និង​រថយន្ត​១​គ្រឿង​ដែល​កំពុង​ថត​នៅ​ភ្លើងស្តុប​មួយ នៅ​ផ្លូវ Changshou ក្នុងស្រុក Guishan ទីក្រុង Taoyuan ។ អ្នកជិះ​ម៉ូតូ​ទាំងពីរ​បាន​រងរបួស ដោយ​ក្នុងនោះ​បុរស​អាយុ ៦៧ ឆ្នាំ ឈ្មោះ Wu បាន​រងរបួស​ក្បាល​ធ្ងន់ធ្ងរ និង​ម្នាក់ទៀត​ឈ្មោះ Kuo អាយុ ៤៩ ឆ្នាំ រងរបួស​ក្បាល​ស្រាល ។​

​បន្ទាប់​បំផ្លិចបំផ្លាញ​យានយន្ត​ទាំង​៣ Wu បាន​បើករថយន្ត​ចាកចេញ​យ៉ាង​លឿន ប៉ុន្តែ ខណៈ​បើក​បាន​ចម្ងាយ​ប្រហែល ៧៥០ ម៉ែត្រ ក៏បាន​បន្ត​បុក​នឹង​រថយន្ត ៣ គ្រឿង​ផ្សេងទៀត មុនពេល​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​១​គ្រឿង ។ បន្ទាប់​រថយន្ត​របស់​ខ្លួន​ត្រូវ​ជាប់គាំង Wu បាន​លោត​ចេញពី​រថយន្ត និង​ចាប់ផ្តើម​ស្រាត​ខោអាវ ដោយ​នៅសល់តែ​លី​អូ​ពណ៌​ក្រហម និង​វាយប្រហារ​ទៅលើ​អ្នកបើកបរ ដោយ​ប្រើ​ដំបង ។​

​បន្ទាប់មក បុរស​រូបនេះ​ក៏បាន​ស្រាត​លី​អូ​ចោល​ទៀត និង​បន្ត​ប្រើ​អាវុធ​របស់ខ្លួន វាយ​ទៅលើ​អ្នកបើកបរ​ឆ្លងកាត់​ជាច្រើន ។ ដោយ​ពុំ​អាច​ឈរ​មើល​ពី​អំពើ​ដ៏​សាហាវ​របស់​បុរស​រូប​នេះ​តទៅទៀត លែង​បាន មនុស្សម្នា​ដែល​ស្ថិតនៅ​ទីនោះ បាន​នាំ​ចូលចាប់​ផ្តួល Wu ទៅនឹង​ដី​តែម្តង និង​គ្រប់គ្រង​រហូតដល់​ប៉ូលីស​ចាប់ខ្លួន ។​

​ប៉ូលីស​និយាយថា ពួកគេ​ពុំ​រកឃើញ​សារធាតុ​គ្រឿង​ស្រវឹង​ណាមួយ នៅក្នុង​ខ្លួន​របស់​ជនដៃដល់​រូបនេះ​ទេ ប៉ុន្តែ ដោយសារតែ Wu ពុំ​ឆ្លើយតប​នឹង​ការសួរចម្លើយ​របស់​ប៉ូលីសៗ ក៏​បន្ត​ចាប់ផ្តើម​ធ្វើតេស្ត​រកសារ​ធាតុ​គ្រឿងញៀន ។​

​ទោះយ៉ាងណា បន្ទាប់​ទទួល​ការព្យាបាល​របួសស្រាល​នៅ​មន្ទីរពេទ្យ Wu ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ព្រះរាជអាជ្ញា ចំពោះ​អំពើ​បង្ក​សោកនាដកម្ម និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដ៏​ធំធេង​នេះ និង​ព្យាយាម​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បែបនេះ ៕ ចន្ទី​