ភ្នំពេញ ៖ ខិតខំតស៊ូ ឈ្មុសឈ្មុលនឹងសិល្បៈអស់ជាច្រើនឆ្នាំ ស្រីស្អាតបេប៊ី បែរជាទុកសិល្បៈមួយជ្រុងទៅវិញ, ធ្វើឱ្យហ្វេនៗ និងអ្នកសិល្បៈ ព្រមទាំងផលិតករជាច្រើនស្តាយទេពកោសល្យនាង មិនគួរបង្អាក់ដំណើរសិល្ប:កណ្តាលទី។
គេនៅមិនទាន់ជឿថា នាងចាប់យកមុខរបរថ្មី បោះបង់ចោលសិល្បៈនោះទេ ដែលការពិតសិល្ប:កំពុងរកលុយបានពីការថត និងសម្តែងបានច្រើនគួរសមសម្រាប់បេប៊ី។
តារាចម្រៀងរូបសម្រស់សោភាកញ្ញា ជុំ រចនាពេជ្រ ហៅបេប៊ី រូបនេះ ដែលបាត់មុខពីឆាក តន្រ្ដីតាំងពីផ្ទុះកូវីដ១៩មកនោះ ពេលនេះលេចមុខគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ទើបធ្វើឲ្យមានការសង្ស័យថា អ្នកចម្រៀងថោន រូបនេះកំពុងតែត្រៀមធ្វើជាកូនក្រមុំមែនទែនហើយមើលទៅ បានជាស្ងាត់ៗចេញមកគ្រងឈុតអាពាហ៍ពិពាហ៍បែបនេះទៅវិញ។

ប៉ុន្ដែ ក្នុងជំនួបតាមទូរស័ព្ទ អ្នកស្រី ប៊ុន ណារី ម្ដាយរបស់បេប៊ី បានអះអាងកាលពីថ្ងៃទី២០ សីហា ឆ្នាំ២០២២ ថា កូនស្រីសំណព្វចិត្តរបស់គាត់ ថតសម្អាងការឲ្យគេ ទើបបានជាត្រូវតែងខ្លួនជាឈុតកូនក្រមុំបែបនេះ។
ម្ដាយបេប៊ី ប្រាប់ថា ទោះជាកូនស្រីផ្អាកសកម្មភាពសិល្បៈជាច្រើនខែក្ដី តែនាងនៅតែ ទទួលថតស្ពតជាធម្មតា ឲ្យតែមានគេទាក់ទង។ ចំណែកការឡើងឆាកវិញ អ្នកស្រីណារី ថា មិនទាន់កំណត់ពេលវេលា ច្បាស់លាស់នោះទេ ព្រោះថា ពេលនេះបេប៊ី កំពុងតែរៀបចំបើកសាខាថ្មី ហាងកាហ្វេមួយទៀត ខណៈដែលបច្ចុប្បន្ន រចនា ពេជ្រ មានហាងកាហ្វេដល់ទៅ៤កន្លែងផ្សេងគ្នា ដែលកំពុងតំណើរការ។

អ្នកស្រីណារី ក៏បានប្រាប់ពីមូលហេតុដែល បេប៊ី បានពន្យារពេលឡើងច្រៀងសម្ដែងជាច្រើនខែមកហើយនោះ ថា ក្រៅពីមមាញឹករឿង លក់ដូរនៅហាងកាហ្វេ ពេលនេះកូនស្រីក៏ឡើងគីឡូជ្រុលបន្ដិចដែរហើយ មូលហេតុនៃការឡើងទម្ងន់នោះ គឺ ដោយសារតែនាងញាំ អាហារពេលយប់ និងផឹកភេសជ្ជៈនៅហាងជាប្រចាំ ព្រោះតែនាងចូលចិត្តភ្លក្សរសជាតិ , អ៊ីចឹង ១ថ្ងៃ ភ្លក្សតែ៤កែវឯណោះ, ដូច្នេះ ក៏ត្រូវ ឡើងគីឡូស្រឺតៗតែម្ដងទៅ។
បើទោះបីអ៊ីចឹងមែន អ្នកស្រីណារី ថា ក្រោយបេប៊ី ថតសម្អាងការនោះហើយ មានហ្វេនៗរបស់នាងខ្លះថា រចនាពេជ្រ ធាត់បន្ដិចអ៊ីចឹង គឺ ស្អាតប្លែកជាងមុន តែសាមីខ្លួននឹងព្យាយាមសម្រកឲ្យបានថយគីឡូចុះជាងនេះបន្ដិច ទើបឡើងឆាកវិញ។
គូរបញ្ជាក់ថា បេប៊ី បានផ្អាកអាជីពសម្ដែង និងធ្វើ MC នៅ CTN ក្រោយនាងបានក្លាយទៅ ជាតារាចម្រៀងថោន ដែលបទចម្រៀងរបស់នាងបានចេញបុកមួយប្រាវជាមួយ ក្បាច់រាំប្លែកៗ ទើបធ្វើឲ្យនាងរំកិលខ្លួនទៅជាតារាជូរមុខផ្នែកយុវវ័យរបស់ផលិតកម្មមួយនេះ។
ប៉ុន្ដែតាំងពីផ្ទុះកូវីដ១៩មក បេប៊ី បានងាកទៅធ្វើមុខជំនួញផ្ទាល់ខ្លួន ដោយគ្រប់គ្រងហាងកាហ្វេដល់ទៅ៤ទីតាំងផ្សេងគ្នា ទើបធ្វើឲ្យនាងពិបាករើរខ្លួនវិលមករកអាជីពសិល្ប:វិញ ស្ទើរតែលំបាក៕ រក្សាសិទ្ធិដោយ ៖ ឧត្តម










