ភ្នំពេញ ៖ ចាងហ្វាងផលិតកម្មភិ អ ( R ) និងជាអតីត តារាសម្តែង ព្រំ រដ្ឋា បាននិងកំពុងផ្ទុះឡើងការជាប់វាក់វិនជាមួយ រឿងលុយកាក់ និងកញ្ញា ជេស៊ីកា ជាតារាសម្តែងដូចគ្នា។ អ្នកទាំង២ បានបន្តការលើកហេតុផលរៀងៗខ្លួន ដោយសារតែ យល់ថាម្ខាងៗ សុទ្ឋតែ ត្រូវហើយឈានទៅរក ការរត់រកផ្លូវច្បាប់អោយវែកញែក។ ឯតារាស្រគត់ស្រគំព្រំ រដ្ឋាវិញបានចាកចេញទៅ ប្រទេសកម្ពុជា ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ក្រោយមានហេតុផលផ្ទាល់ខ្លួនចាំបាច់។
តាមព័ត៌មានថាអ្នកនាងព្រំ រដ្ឋា ដែលត្រូវបានគេស្គាល់ថាជាតួអង្គខារ៉ាអូខេ ល្បីឈ្មោះក្នុងបទចម្រៀងម៉ាក់ថើង នោះនាងមិនមែនជំពាក់លុយតែលើតារាស្រីជេស៊ីកាម្នាក់ប៉ុ ណ្ណោះទេ គឺមានអ្នកផ្សេងៗទៀតដែលនាងបានខ្ចីគេ យកមកប្រើក្នុងការផលិតភាពយន្ដដែរ ប៉ុន្ដែយ៉ាងណា អតីតតារាសម្ដែងក្លាយទៅជាថៅកែផលិតកម្មរូបនេះមិនមានបំណងគេចវែសមិនសង នោះម្ចាស់បំណុលគេនោះទេដោយសារនាងមានមេធាវី ធ្វើកិច្ចការនោះជំនួសពោល គឺអ្វីៗនឹងចាត់ការទៅតាមផ្លូវច្បាប់ទាំងអស់។

ដោយឡែកសម្រាប់ដំណើរទៅអាមេរិករបស់អ្នកនាងរដ្ឋា នៅពេល នេះគេមិនទាន់ ដឹងច្បាស់ថាតើនាងទៅកម្សាន្ដឬទៅរកលុយសង កូនបំណុល ឡើយ។ ប៉ុន្ដែបើតាមហ្វេសបុកឈ្មោះព្រំ លីណា ដែលជាបងស្រីរបស់ព្រំ រដ្ឋា បានចេញសារការ ទៅអាមេរិករបស់អ្នក នាង រដ្ឋា គឺដើម្បីព្យាបាលសុខភាព ដោយតម្រូវញាំថ្នាំទៀងទាត់ ខណៈដែលការងារទាំងឡាយរបស់អ្នកនាងរដ្ឋា នៅក្នុងស្រុកលោកស្រីជាអ្នករ៉ាប់រងជំនួស ប្អូនស្រី។ តែអ្នកស្រីលីណា មិនបញ្ជាក់ថាអ្នកនាងរដ្ឋា មានជំងឺអ្វីបានជាត្រូវ បំប៉នថ្នាំយ៉ាងយកចិត្តទុកដាក់បំផុតឡើយ។ ចំណែកនៅលើហ្វេសបុករបស់ស្រីស្រស់ជេស៊ីកាវិញ មិនមានប្រតិកម្មណាមួយ ជុំវិញអ្នកនាងរដ្ឋាចេញទៅអាមេរិក ទាំងមិនទាន់បានសងលុយនាងឡើយ។
ប្រភពបានឲ្យដឹងថាអ្នកនាងរដ្ឋា ប្រគល់រឿងក្ដីក្ដាំទាំងអស់ របស់នាងជាមួយជេស៊ីកា ទៅមេធាវីរបស់នាងដើម្បីតទល់គ្នា តាមផ្លូវច្បាប់នៅតុលាការរួចហើយ មុននាងហោះទៅអាមេរិកនេះ៕រក្សាសិទ្ធិដោយ ៖ ឧត្តម













