Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងនិទានមុនគេង ៖ ក្មេងប្រុស “នាំសំណាង”

ភ្នំពេញ ៖ កាលពីយូរលង់ណាស់មកហើយ ក្នុងរាត្រីដែលពោរពេញទៅដោយអំណាចនៃវេទមន្តដ៏ខ្មៅងងឹត មានទារក ១រូប បានចាប់កំណើតឡើង ព្រមគ្នានឹងភ្លៀងផ្គរ និងរន្ទះ ដែលបាញ់ចុះមកចំដើមឈើដ៏ធំមួយ រហូតកើតចេញជាអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ។

មាតារបស់ទារកតូច ដាក់ឈ្មោះឱ្យកូនប្រុសថា “នាំសំណាង” ដោយសារតែនាងជឿថា កូនប្រុសម្នាក់នេះ នឹងនាំភាពភ្លឺស្វាងមកឱ្យជីវិតរបស់នាង ដូចគ្នានឹងអណ្ដាតភ្លើង ក្នុងរាត្រីខែងងឹតដូច្នោះដែរ។ តែគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលម្ដាយរបស់ទារកតូច យល់ច្រឡំ ព្រោះជំនួសឱ្យការដែលទារកតូច នឹងនាំសំណាងល្អមកឱ្យ ទារកដ៏គួរឱ្យអាសូរនេះ បែរជាកើតមក ព្រមជាមួយជតាកម្ម ដែលនឹងក្លាយជាអ្នកនាំសំណាងអាក្រក់ មកកាន់មនុស្សគ្រប់រូប ដែលនៅជុំវិញខ្លួនគេទៅវិញ។

ត្រឹមតែ ១ខែ ក្រោយពីទារកតូចបើកភ្នែកមើលពិភពលោក ទាំងឪពុក និងម្ដាយរបស់គេ ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺឥតល្ហែ ១ថ្ងៃកាត់ ១ថ្ងៃកោរ រហូតដល់អ្នកជិតខាង ត្រូវជួយគ្នា នាំពួកគាត់ឱ្យពេទ្យព្យាបាល។ តែគ្រាន់តែ ឪពុក និងម្ដាយ បានចេញឆ្ងាយពីកូនប្រុស ដែលកើតមកព្រមជាមួយសំណាងដ៏អាក្រក់នោះភ្លាម អាការឈឺថ្កាត់របស់ពួកគាត់ បែរជាធូរស្រាលឡើងវិញ រហូតដល់មនុស្សគ្រប់គ្នា មានអារម្មណ៍ចម្លែកក្នុងចិត្ត។ អ្នកជិតខាងម្នាក់ បានណែនាំឱ្យឪពុកម្ដាយក្មេងតូច យកថ្ងៃខែឆ្នាំកំណើតរបស់កូនដ៏កម្សត់របស់គាត់ ទៅឱ្យបព្វជិតម្នាក់ ជួយពិនិត្យមើលជោគជតារាសី…រួចហើយ ឪពុក និងម្ដាយរបស់ក្មេងតូច ក៏បានដឹងពីគ្រោះកម្មរបស់កូនប្រុស ដែលកើតមកក្នុងអំឡុងពេល ដែលគ្របដណ្ដប់ដោយដុំពពកខ្មៅងងឹត និងមន្តអាគមអាក្រក់នោះ។

ទោះជាឪពុក និងម្ដាយរបស់ក្មេងតូច បានដឹងពីលទ្ធផលដែលខ្លួននឹងបានទទួល បើសិនជានៅតែរស់នៅជិតដិតជាមួយកូនរបស់ពួកគេក៏ដោយ តែទាំង ២នាក់ នៅតែត្រៀមខ្លួនជាស្រេច ក្នុងការចិញ្ចឹមមើលថែទាំកូនប្រុសរបស់ខ្លួន ដោយមិនខ្វល់ថា នឹងមានរឿងហេតុអាក្រក់អ្វីកើតឡើងឡើយ។

រៀងរាល់ឆ្នាំ គ្រួសាររបស់ក្មេងតូច ត្រូវប្រឈមនឹងរឿងរ៉ាវ ដែលកាន់តែអាក្រក់ៗ និងធ្ងន់ធ្ងរឡើងជារឿយៗ…ចាប់ផ្ដើមតាំងពី ១ឆ្នាំដំបូង នៅពេលដែលដំណាំចម្ការ ដែលឪពុក និងម្ដាយ ជួយគ្នាដាំដុះនោះ បានដួលងាប់អស់គ្មានសល់។ លុះក្មេងតូច អាយុឈានចូលវ័យ ៣ខួប ពពួកសត្វពស់អាសិរពិស ចង្កូមវែងៗ ក៏នាំគ្នាចូលមកវារ វិលវល់នៅជុំវិញផ្ទះរបស់ក្មេងតូច ហាក់ដូចជាពួកវាធុំក្លិនភាពអាក្រក់ឃោរឃៅ ដូចគ្នានឹងអ្វីដែលពួកវាកំពុងមានដូច្នោះដែរ។ លុះ សំណាងល្អ អាយុបាន ៨ឆ្នាំ ថាមពលនៃភាពសំណាងអាក្រក់របស់គេ ក៏អូសទាញឱ្យពួកចោរហារយ មកពីតំបន់ផ្សេង សម្រុកចូលមកប្លន់ទ្រព្យសម្បត្តិរបស់មនុស្សម្នានៅក្នុងភូមិ ម្ដងហើយម្ដងទៀត។ ហើយនៅពេលដែលក្មេងតូច ចង់លុបលាងកំហុសឱ្យខ្លួនឯង ដោយការខំប្រឹង ជួយធ្វើការងារ នៅក្នុងស្រែចម្ការរបស់អ្នកស្រុក ភ្លៀងខ្យល់ដែលធ្លាប់តែស្ងប់ស្ងាត់ ក៏ស្រាប់តែក្លាយជាទៅជាព្យុះព្យោមារ បោកបក់យ៉ាងកំណាច រហូតស្រែចម្ការដំណាំលិចលង់ខូចខាតអស់គ្មានសល់ ធ្វើឱ្យមនុស្សម្នារងគ្រោះលំបាកលំបិនគ្រប់ៗគ្នា។

ទោះជាអ្នកស្រុកទាំងអស់ នឹកអាណិតក្មេងតូចប៉ុនណាក៏ដោយ តែពួកគេ ក៏ចាំបាច់ត្រូវតែសូមអង្វរឱ្យឪពុកម្ដាយរបស់ក្មេងតូច ជួយរើផ្ទះ ចាកចេញពីភូមិ ឱ្យបានលឿនបំផុត តាមដែលអាចលឿនបានដែរ។

“នាំសំណាង” នឹកតូចចិត្តនឹងខ្លួនឯងយ៉ាងខ្លាំង ដែលខ្លួនឯង ក្លាយជាដើមហេតុនៃភាពសំណាងអាក្រក់ទាំងអស់នោះ តែដើម្បីកុំឱ្យឪពុកម្ដាយ ត្រូវលំបាកដោយសារខ្លួនទៀតនោះ កុមារតូច ក៏សម្រេចចិត្តធ្វើដំណើរចាកចេញពីភូមិតែម្នាក់ឯង ដើម្បីទៅសុំការជួយសង្គ្រោះ ពីព្រះរាជិនីដ៏ស្លូតបូត និងព្រះរាជាដ៏ឈ្លាសវៃ។

នៅពេលព្រះរាជិនី បានស្ដាប់ និងដឹងពីរឿងរ៉ាវរបស់កុមារា “នាំសំណាង”ហើយ ព្រះអង្គទ្រង់នឹកអាណិតអាសូរក្មេងតូច អស់ពីបេះដូង។ ដោយហេតុនេះហើយ ទើបព្រះរាជិនីសូមអង្វរ ឱ្យព្រះរាជា ទ្រង់រិះរកវិធីជួយសង្គ្រោះក្មេងតូច ឱ្យរួចផុតពីគ្រោះកម្ម ដែលខ្លួនគេមិនមែនជាអ្នកបង្កឡើងនោះ។

ក្រោយពីព្រះរាជា ទ្រង់បានពិភាក្សាជាមួយរាជហោរារួចហើយ ព្រះអង្គ ទ្រង់ក៏បានដឹងថា វិធីកែខៃជតាកម្មរបស់ក្មេងប្រុសម្នាក់នេះ មានតែ ១គត់ គឺ…ក្មេងប្រុសនេះ ត្រូវតែបំពេញវីរកម្មដ៏ធំធេងបំផុត ដែលអាចធ្វើឱ្យមនុស្សម្នាទាំងឡាយកោតសរសើរស្ញប់ស្ញែង ទើបខ្លួនគេបានរួចផុតពីជតាកម្មដ៏អាក្រក់នោះបាន។

តែ ការធ្វើឱ្យកុមារម្នាក់ ដែលនាំមកតែក្ដីសំណាងអាក្រក់ ឱ្យអាចធ្វើរឿងល្អៗដ៏ធំធេងបាននោះ មិនមែនជារឿងងាយឡើយ ព្រោះទោះជាការតាំងចិត្តដ៏ខ្លាំងក្លា ដែលកុមារតូច ត្រូវការចង់ជួយយកអាសាអ្នកដទៃក៏ដោយ តែវាប្រែក្លាយទៅជាភាពហាយនៈ ខូចខាតបាត់បង់ រហូតមកឥតឈប់ឈរ។

ព្រះរាជា ទ្រង់រិះគិតរកវិធី ដល់ទៅ ៣យប់ ៣ថ្ងៃ…រួចហើយ ព្រះអង្គក៏រកឃើញ វិធីជួយសង្គ្រោះក្មេងតូចម្នាក់នេះ ដែលវិសេសបំផុត…។

វិធីរបស់ព្រះរាជាដ៏ឈ្លាសវៃនោះគឺ តែងតាំងឱ្យកុមារតូចម្នាក់នេះ ធ្វើជាឯកអគ្គរាជទូតសំខាន់ ដើម្បីទៅចងសម្ព័ន្ធមេត្រីជាមួយប្រទេស ដែលជាគូប្រជែងទាំងឡាយ និងពេលកុមារតូចធ្វើដំណើរទៅដល់ទីក្រុង នៃប្រទេសទាំងនោះហើយ សំណាងអាក្រក់ និងភាពហាយនៈផ្សេងៗ ក៏ជាប់តាមខ្លួនគេទៅដែរ ធ្វើឱ្យប្រទេសដែលជាគូប្រជែងទាំងនោះ ជ្រួលច្របល់ កើតរឿងអាក្រក់ឡើង ដោយគ្មានអ្នកណាម្នាក់ដឹងពីមូលហេតុឡើយ។

ព្រះរាជា ព្រះរាជិនី និងបណ្ដាប្រជានុរាស្ត្រ បានជួយគ្នា លាក់បាំងរឿងនេះជាការសម្ងាត់ ខណៈពេលជាមួយគ្នា ប្រទេសដែលជាគូប្រជែង បានធ្លាក់ចុះទន់ខ្សោយ ហើយព្រះរាជា ក៏ចាត់ការរៀបចំអភិវឌ្ឍស្រុកទេសរបស់ព្រះអង្គឡើង ទាំងផ្នែកការសិក្សាធិការ សេដ្ឋកិច្ច កិច្ចការយោធា និងកសិកម្ម។ល។ រហូតប្រទេសរីកចម្រើនរុងរឿង ឈានមុខ ឈ្នះប្រទេសគូប្រជែងផ្សេងៗក្នុងពេលវេលាដ៏ឆាប់រហ័ស។

ពេលកុមារកម្សត់យើង ប្រតិបត្តិភារកិច្ច ដែលបានទទួល រហូតចប់សព្វគ្រប់អស់ហើយ ព្រះរាជា បានកោះហៅឱ្យវិលត្រឡប់មកព្រះនគរវិញ។ មហាជន បាននាំគ្នាអបអរសាទរ កោតសរសើរ ស្ញប់ស្ញែងកុមារតូចយើង ដែលធ្វើឱ្យប្រទេសគូប្រជែង ធ្លាក់ចុះទន់ខ្សោយបានសម្រេច។ នៅពេលដែលមនុស្សម្នាទាំងឡាយ នាំគ្នាសរសើរតម្កើងកុមារយើងបែបនេះហើយ ថាមពលនៃភាពសំណាងអាក្រក់ដ៏ចង្រៃ ដែលតាមដិតជាប់នឹងខ្លួនកុមារយើងតាំងពីកំណើតមកនោះ ក៏រលាយបាត់អស់រលីងដែរ។

នៅទីបំផុត កុមារតូច ក៏រួចផុតពីជោគជតាដ៏អាក្រក់នោះ និងពេលគ្រោះកម្មកន្លងផុតអស់ហើយ “នាំសំណាង” ក៏ក្រាបថ្វាយបង្គំព្រះរាជា និងព្រះរាជិនី ដោយក្ដីដឹងពីព្រះករុណាទិគុណ បន្ទាប់ពីនោះ កុមារតូចយើង ក៏ថ្វាយបង្គំលាព្រះរាជា និងព្រះរាជិនីដ៏មានព្រះគុណ ហើយធ្វើដំណើរវិលត្រឡប់ទៅកាន់ភូមិលំនៅរបស់ខ្លួនវិញ។

ទាំងអស់នេះ គឺដើម្បីធ្វើអំពើល្អ លុបលាងកំហុសឆ្គងទាំងឡាយ ដែលបានកើតឡើងដោយសាររូបគេ និងដើម្បីមើលថែទាំឪពុក និងម្ដាយរបស់គេ ដែលស្រឡាញ់រូបគេ ខ្លាំងជាងអ្នកណាទាំងអស់នៅលើពិភពលោកនេះ…៕

×