ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីតារាសម្តែងនាង ជេស៊ីកា បានធ្វើការបង្ហោះសារស្នើឲ្យផលិតករភាពយន្តអ្នកនាង ព្រំ រដ្ឋា ឲ្យចេញមុចដោះស្រាយលុយដែលជំពាក់ខ្លួននាពេលកន្លងមក។
គេមិនដឹងថា លុយដែលចាងហ្វាងផលិតកម្មPR អ្នកនាង ព្រំ រដ្ឋា បានជំពាក់តារាសម្តែងនាង ជេស៊ីកា នោះមានទំហំទឹកប្រាក់ប៉ុន្មានឡើយ ប៉ុន្តែតារាស្រីរូបនេះស្នើឲ្យអ្នកនាង ព្រំ រដ្ឋា ប្រញ៉ាប់ចេញមុខដោះស្រាយ ព្រោះវាលើសការសន្យានៃការសងនោះហើយ។
តារាសម្តែងក្នុងបទសុំទោសសៀមរាប នាង ជេស៊ីកា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញថា
សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានឲ្យខ្ញុំទៅខ្ចីពីគេចំនួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង។

នាងបញ្ជាក់ថា ពេលបងមកខ្ចីខ្ញុំថាតែ២អាទិត្យទេ តែមកដល់លូវ៥ខែហើយ សូមបងកុំធ្វើបាបខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ។
ដោយឡែកពាក់ព័ន្ធការបង្ហោះសារខាងលើពីនាង ជេស៊ីកា ខាងលើនេះអ្នកនាង ព្រំ រដ្ឋា ក៏បានធ្វើការឆ្លើយតបដោយបានហាក់មិនយល់ស្របនូវការលើកឡើងខាងលើនេះឡើយ ពេលដែលនាងនឹងចាត់ការរឿងនេះទៅតាមផ្លូវច្បាប់។

អ្នកនាង ព្រំ រដ្ឋា បានបង្ហោះសារតាមហ្វេសប៊ុកបកស្រាយវិញថា នាងខ្ញុំឈ្មោះព្រំ រដ្ឋា សួមជំរាបដល់បងប្អូនញាតិមិត្តក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថានាងខ្ញុំ មិនដែលបានគេចវេសពីការពិត ឬបោកប្រាស់បុគ្គលណាទេ។
នាងបញ្ជាក់ថា ការធ្វើការរកស៊ីតែងតែមានការខ្វះខាត និង ដោយសារបញ្ហាកូវីដ១៩ រយៈពេល២ ៣ឆ្នាំនេះធ្វើឲ្យការងារខ្ញុំខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយនាងខ្ញុំមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលត្រូវចាំបាច់សំរាកព្យាបាល ហេតុដូចនេះសូមបងប្អូនកុំមានការយល់ច្រឡំ ដោយមិនដឹងការពិត ហើយសែ ឬ Comment ដែលធ្វើឲ្យពាក់ព័ន្ធដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ដល់នាងខ្ញុំ និង ផលិតកម្មPR។
នាងបន្ថែមថា នាងខ្ញុំនិងប្រគល់សិទ្ធិជូនមេធាវីចាត់វិធានការធ្វើតាមផ្លូវច្បាប់ នាងខ្ញុំសង្ឃឹមថាបងប្អូនមិត្តភត្តិទាំងដែលបានស្គាល់ ឬ មិនស្គាល់សួមមេត្តាយល់ដោយអនុគ្រោះផង ។
ទោះជាយ៉ាងណាមហាជននឹងរងចាំមើលថា រឿងរ៉ាវមួយនេះនឹងទៅជាយ៉ាងណា ក្នុងពេលដែលភាគីទាំងពីរកំពុងតតាំងសម្តីគ្នា និងព្រមានធ្វើការទៅតាមផ្លូវច្បាប់នាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV









