Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេមរៈ សិរីមន្ត បានងារខ្ពស់ ថៅកែស្ទាក់ស្ទើរក្នុងការឱ្យគ្រងតំណែងគណៈកម្មការ

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ ខេមរៈ សិរីមន្ត នៅតែជាប់ឈ្មោះជាតារាចម្រៀង ឱ្យផលិតកម្មរស្មីហង្សមាសនៅឡើយ ទោះជាក្លាយជាឧកញ៉ាវ័យក្មេងក៏ដោយ ខណ:លោកមិនទាន់ប្រកាសថា ឈប់ច្រៀង ឬដើរចេញពីវិថីសិល្ប:នៅឡើយ, ម៉្យាងរយៈពេលជិតមួយឆ្នាំចុងក្រោយនេះ អ្នកគាំទ្រមិនទាន់បានឃើញលោកឧកញ៉ាវ័យក្មេងផ្ដើមចេញពីតារាចម្រៀងរូបនេះ ចេញច្រៀង ឬសម្ដែង នៅក្នុងកម្មវិធីធំដុំណាមួយនោះទេ ពោលគឺ ហាក់ស្ងាត់ឈឹងតែម្ដង ក្រៅតែពីលោកបញ្ចេញសកម្មភាពនៅលើក្នុងអាខោន ឬផេកហ្វេសប៊ុក របស់លោកតែប៉ុណ្ណោះ។

ខណៈពេលដែលគេឃើញតែឧកញ៉ារូបនេះធ្វើសកម្មភាពផ្សព្វផ្សាយពង្រឹងមុខរបរថ្មី គឺលក់ដូរដីធ្លីអចលនទ្រព្យនោះ ក្រុមអ្នកតាមដានសិល្បៈ បានលើកឡើងថា ប្រសិនបើថៅកែហង្សមាសចង់ឲ្យ លោក ខែម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត ជំនួសតំណែង លោក ព្រាប សុវត្ថិ នៅផលិតកម្មធំនេះមែននោះ គឺកៅអីទំនេរ របស់លោក ស្នាយ ទាំង ៣ ក្នុងនាមជាគ្រូបង្វឹក និងគណៈកម្មការ Cambodian Idol, The Voice Kids Cambodia និង Cambodian Idol Junior នោះ នឹងត្រូវប្រគល់ទៅឲ្យ លោក ប៊ុនថៃ រ៉ាប់រងជំនួសទាំងអស់បាត់ទៅហើយ បន្ទាប់ពីលោក សុវត្ថិ ទៅជ្រកនៅផលិតកម្ម Galaxy, ប៉ុន្តែថៅកែរស្មីហង្សមាស អាចថានៅស្ទាក់ស្ទើរត្រង់ថា លោក ខេមរៈ សិរីមន្ត មានងារជាឧកញ៉ាទៅហើយ មិនដឹងថា លោកអាចរក្សាសកម្មភាពការងារសិល្បៈបានតទៅទៀត ឬយ៉ាងណា?

ទោះជាយ៉ាងណា មកដល់ពេលនេះ ថៅកែរស្មីហង្សមាស បានប្រគល់តំណែងធំ ២ របស់លោក ស្នាយ (ព្រាប សុវត្ថិ) ទៅឲ្យតារាចម្រៀង ២ដួង ផ្សេងទៀតរួចទៅហើយ ដែលមិនមែនជា លោក ប៊ុនថៃ, ក្នុងនោះ គឺតួនាទីជាគណៈកម្មការ Cambodian Idol រដូវកាល ទី៤ ធ្លាក់ទៅលើនាង សុខ សីឡាលីន ទទួលបន្ទុក ខណៈដែលគ្រូបង្វឹក The Voice Kids Cambodia រដូវកាលទី៣ ស្ថិតក្នុងកណ្ដាប់ដៃ លោក កែ សុវណ្ណារ៉េត ហៅ ហ្សូណូ ។

យ៉ាងណា នៅសល់តំណែងមួយទៀតរបស់លោក ព្រាប សុវត្ថិ ដែលមិនទាន់មានអ្នកណាចូលទៅស្នងនៅឡើយនោះ គឺ Cambodian Idol Junior ក្នុងនោះ កំពុងត្រូវបានគេព្យាករណ៍ថា មានតារាចម្រៀងដល់ទៅ ៣ដួង អាចប្រជែងតំណែងធំនោះបាន រួមមាន នាង ពេជ្រ សោភា, នាង សួស វីសា និង លោក ខែម ប៊ុនថៃ នេះឯង។

ថ្មីៗនេះ តារាចម្រៀងសិរីមន្ត បានធ្វើឲ្យអ្នកគាំទ្រ ឬមហាជន កើតការងឿងឆ្ងល់ថា តើលោកពិតជាផ្តាច់ចោលការច្រៀងមួយអន្លើ ឬមួយយ៉ាងណា ព្រោះមើលទៅលោក ហាក់ស្ទាក់ស្ទើរក្នុងការដើរចេញពីវិថីចម្រៀង។

មហាជននៅតែជឿទុកចិត្តថា ខេមរៈ សិរីមន្ត នឹងមិនបោះបង់ទីលានប្រជុំអ្នកចម្រៀង ព្រោះតែងារឧកញ៉ាមួយនេះឡើយ គេសង្ឃឹមថា លោកនឹងយកទេពកោលសល្យច្រៀងបន្តលើវិថីសិល្បៈផង និងខិតខំពង្រឹងមុខរបរថ្មីដីធ្លីអចលនទ្រព្យរបស់លោកផង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×