Friday, July 8, 2022

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញមហិច្ឆតាធំមួយ ក្នុងនាមបវរកញ្ញាកម្ពុជា

ភ្នំពេញ ៖ ក្នុងនាមជាបវរកញ្ញាអន្តរទ្វីបកម្ពុជា (Miss international Cambodia) នាង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញនូវឆន្ទះ និងមហិច្ឆិតាធំមួយសម្រាប់កម្ពុជា ដើម្បីបង្ហាញជូននៅលើឆាកអន្តរជាតិ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីការខិតខំអភិវឌ្ឈន៍ខ្លួនឲ្យសក្តិសម ជាបវរកញ្ញាតំណាងប្រទេសមួយរូប ប្រកបដោយគុណភាព និងសមត្ថភាព ខណះពេលនាងបានប្រែក្លាយពីក្មេងស្រីសាមញ្ញមួយរូប មកជានារីដែលមានការយល់ដឹងច្រើនគួរសម លើវិស័យបវរកញ្ញានាពេលនេះ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា ពីក្មេងស្រីសមុទ្រម្នាក់ ដែលមិនស្គាល់រសជាតិពាក់ស្បែកជើងកែងខ្ពស់ៗ មិនយល់ដឹងសោះអំពីវិស័យបវរកញ្ញា ក្លាយជាវត្តីនាពេលបច្ចុប្បន្ន។

នាងថា ព្រោះតែមហិច្ឆតាចង់លើកមុខមាត់ប្រទេស ចង់សាងកេរ្តិ៍ឈ្មោះសម្រាប់កម្ពុជា ចង់បញ្ឈប់រាល់ទង្វើមិនល្អគ្រប់យ៉ាងដែលមិនល្អក្នុងសង្គម ជាពិសេសអំពើហិ.ង្សាលើកុមារនិងស្រ្តី
នាងខ្ញុំបានមើលឃើញថាវិស័យបវរកញ្ញាជាវេទិកាមួយ ដែលមានឥទ្ធិពលបំផុតសម្រាប់នាងខ្ញុំ នៅក្នុងការបញ្ចេញនិងប្រើប្រាស់សំឡេង សម្រាប់ជះឥទ្ធិពលដល់មនុស្សទាំងអស់ នៅក្នុងសង្គមមិនថា នៅក្នុងសង្គមកម្ពុជា ឬសង្គមជុំវិញពិភពលោកនោះឡើយ។

នាងខ្ញុំបានប្រើប្រាស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងការហ្វឹកហាត់ខ្លួនឯងដើម្បីឱ្យសក្តិសមបំផុត នៅក្នុងការក្លាយទៅជាបវរកញ្ញាប្រចាំប្រទេសមួយរូប និងខ្ញុំបានប្រើប្រាស់ពេលវេលា ដ៏មានតម្លៃរបស់ខ្ញុំបំផុតនៅក្នុងការពង្រឹងខ្លួនឯង ទៅលើការដើរ ការនិយាយស្ដី ការរៀបអាកប្បកិរិយា។

នាងខ្ញុំបានប្រើប្រាស់ពេលវេលាអានសៀវភៅនានា ដែលទាក់ទងជាមួយ នឹងវិស័យរបស់កញ្ញាជុំវិញពិភពលោក។ ការលះបង់និងប្រើប្រាស់ពេលវេលាទាំងអស់នេះ ខ្ញុំជឿជាក់ថាខ្ញុំបានអភិវឌ្ឍន៍ខ្លួនឯងច្រើនគួរសមដែរ ប៉ុន្តែមិនមែនបានន័យថា ខ្ញុំមិនបន្តអនុវត្តខ្លួនឯងបន្តទៀតនោះទេ។

នាងបញ្ជាក់ថា ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងអាចធ្វើឲ្យប្រទេសកម្ពុជា មានមោទនភាព។ នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាអន្តរទ្វីបកម្ពុជាឆ្នាំ ២០២១!នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
គួរំលឹកថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីបាននិងកំពុងតែធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនឹងរូបសម្រស់អមដោយសម្ថភាពលេចធ្លោរបស់នាងតាមរយះការប្រកួតប្រជែងMISS CAMBODIA 2020 ។គេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយ ពីនាងទទួលបានពានរង្វាន់ កាន់ក្នុងដៃមួយរួចជាស្រេច ក្នុងថ្ងៃប្រកួតបឋមកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅដោយនាង ទទួលបានពានកញ្ញាឯកថតរូបស្អាត ។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានគេស្គាល់ថា ជាតារាសម្តែងស្រីនិងបង្ហាញម៉ូដ ដ៏មានទេពកោសល្យម្នាក់ផងដែរ ហើយនាងបាននឹងកំពុងសាង ភាពលេចធ្លោខ្លាំងក្នុងកម្មវិធីប្រកួត ។
ពេជ្រ វត្តីសារ៉ាវឌ្ឍីមានអាយុ២១ ឆ្នាំ មានកម្ពស់ ១,៧៧ម៉ែត្រ មានស្រុកកំណើតនៅខេត្តព្រះសីហនុ សព្វថ្ងៃនាងជាតារាសម្តែង និងបង្ហាញម៉ូដ។ នាងធ្លាប់ចូលរួមសម្តែងក្នុងភាពយន្តភាគ ភាពយន្តខ្លី និងភាពយន្តអប់រំមួយចំនួន ក្នុងតំណែងតួឯកផងដែរមានដូចជារឿង “ប្តីគេ” “ខ្មោចខ្លឹមត្រាច”ជាដើម៕ រក្សាសិទ្ធិដោយ ៖ សំណាង SV