Friday, July 8, 2022

សម្ដេចតេជោ ហ៊ុន សែន ព្រួយបារម្ភថា បើមិនពង្រឹងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់កូវីដ-១៩នោះទេ វាអាចនឹងបង្កមហន្តរាយជាយថាហេតុ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវការព្រួយបារម្ភជាខ្លាំង ទាក់ទងទៅនឹងល្បឿនឆ្លងកូវីដ-១៩ អូមីក្រុង ទៅលើប្រជាពលរដ្ឋទូទាំងប្រទេស ដែលកើនដល់មួយថ្ងៃចំនួនជា២០០នាក់ទៅហើយនោះ ហើយថា បើមិនពង្រឹងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់នោះទេ វាអាចនឹងបង្កមហន្តរាយជាយថាហេតុ នាំឱ្យវឹកវរដល់ប្រទេសជាតិជាថ្មីទៀត។

សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្ញើសារសំឡេងជូនជនរួមជាតិ ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ជាពិសេស ត្រូវអនុវត្ត «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងស្នើឱ្យកាត់បន្ថយការជួបជុំកម្សាន្តសប្បាយ ដូចជា ពិធីមង្គលការ ក្លិបកម្សាន្ត ឬពិធីជួបជុំនានា គួរត្រូវកម្រិត «កាន់តែតិច កាន់តែល្អ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពិតមែនតែជំងឺអូមីក្រុងស្រាល បើប្រៀបជាមួយនឹងអាល់ហ្វា និងដែលតា ប៉ុន្តែការឆ្លងនេះនៅតែកើនឡើងខ្ពស់ វានឹងនាំទៅដល់គ្រោះថ្នាក់ ដែលអាចសាយភាយពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត នានា ដែលឥឡូវនេះខេត្តមួយចំនួនមិនទាន់មានការឆ្លងអូមីក្រុងនៅឡើយទេ ក៏ប៉ុន្តែនៅទីក្រុងភ្នំពេញ បែរជាមានជំងឺនេះឆ្លងច្រើន ដែលត្រូវយកចិត្តទុកដាក់ពង្រឹងនូវស្ថានភាពទាំងឡាយ នៅតាមទីកន្លែងដែលមានការបើកឱ្យធ្វើអាជីវកម្ម ដូចជា រង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៍ពិពាហ៍ ឬការជួបជុំខាងសាសនា ជាដើម គួរត្រូវបានកម្រិតធ្វើឱ្យតិចកាន់តែល្អ។

ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យកាត់បន្ថយការជួបជុំផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាព កាត់ផ្ដាច់ការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជាពុំមានករណីដែលតា និងអាល់ហ្វា ដែលជាជំងឺកាចសាហាវ និងឆក់យកជីវិតមនុស្ស ប៉ុន្តែជំងឺអូមីក្រុងមកជំនួស អង្ករជាក្ដីព្រួយបារម្ភធំផងដែរ។

ការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើសពីចំនួន ២០០ករណីក្នុង១ថ្ងៃ ដែលជាអត្រាខ្ពស់មួយ បន្ទាប់ពីកម្ពុជាទទួលជោគជ័យ ដោយមានអត្រាឆ្លងត្រឹមខ្ទង់រាយប៉ុណ្ណោះ ក្នុងមួយរយៈចុងក្រោយនេះ។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា យើងធ្វើនេះមិនមែនជាការដើរថយក្រោយនោះទេ ប៉ុន្តែប្រជាពលរដ្ឋយើងហាក់ដូចជាភ្លេចខ្លួនដើរថយក្រោយ ដូច្នេះរាជរដ្ឋាភិបាល ត្រូវតែពង្រឹងជំហរទប់ស្កាត់ ការពារ មិនឲ្យផ្ទុះការឆ្លងជាទ្រង់ទ្រាយធំបន្តទៀតនោះទេ, បើមិនដូច្នោះទេ មហន្តរាយអាចនឹងកើតមានឡើងជាយថាហេតុ ហើយវាប៉ះពាល់ខ្លាំងណាស់ ទាំងសេដ្ឋកិច្ចប្រទេសជាតិ សេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជន។ អីចឹងទេ នៅគ្រប់កន្លែងទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវបញ្ហានៃការអនុវត្តវិធានការសុខាភិបាល វិធានការរដ្ឋបាល, ជាពិសេស ៣ កុំ ៣ ការពារ , ការងារសំខាន់មួយទៀត គឺត្រូវយកចិត្តទុកដាក់ទៅលើការពាក់ម៉ាស ការលាងដៃ បាញ់អាកុលសម្លាប់មេរោគ និងការរក្សាគម្លាត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN