Friday, July 8, 2022

យុវជនម្នាក់បានស្លា.ប់ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ បន្ទប់ពីជិះម៉ូតូឌុបគ្នាទៅប៉ះនឹងម៉ូតូមួយគ្រឿងទៀត ខ្ទាតចូលក្រោមម៉ូតូសណ្តោងរ៉ឺម៉ក

ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាទៅប៉ះដៃចង្កូត និងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលស្របពេលម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រី មកពីក្រោយកិនស្លា.ប់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៥០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនស្គាល់អត្តសញ្ញាណនៅឡើយ ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញ ជនរងគ្រោះ២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1S-5813 ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម , ជិះមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកធ្វើដំណើរស្របគ្នា ពីលិចទៅកើតក្នុងល្បឿនលឿន ក៏ទាក់ដៃម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលស្របពេលម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រី មកពីក្រោយក៏កិនពីលើ បណ្តាលឲ្យយុវជនម្នាក់ស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯភាគីម៉ូតូម្ខាងទៀត បានជិះរត់គេចខ្លួនបាត់ស្រមោល រីឯរ៉ឺម៉កនិងតៃកុង ត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងជំនាញចរាចរណ៍ ចុះមកដល់វាស់វែងយកម៉ូតូនិងរ៉ឺម៉កដឹកត្រី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ បន្ទាប់មកដោយមិនទាន់មានសាច់ញាតិ ក៏ធ្វើកំណត់ហេតុប្រគល់ឲ្យរថយន្តសាមុយ ដឹកសពយកទៅតម្កល់ទុកនៅវត្ត រងចាំសាច់ញាតិមកទទួល៕ រក្សាសិទ្ធិដោយ ៖ សា មេត