Friday, July 8, 2022

អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកអន្តោប្រវេសន៍ រួមគ្នាប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង វត្តមានជនបរទេស​ FPCS ជាពិសេស​ការបញ្ចូលទិន្នន័យ របស់ជនបរទេស នៅក្នុងមូលដ្ឋានរបស់ខ្លួន​

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដកពិសោធការងារគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានមានប្រសាសន៍ពីគោលបំណង ពីកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីឲ្យតាមបណ្ដាល ស្នងការដ្ឋាននគរបាលរាជធានី​ ខេត្ត យល់ច្បាស់ពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង វត្តមានជនបរទេស​ FPCS ជាពិសេស​ការបញ្ចូលទិន្នន័យ របស់ជនបរទេស នៅក្នុងមូលដ្ឋានរបស់ខ្លួន​ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងមន្ត្រីជំនាញដែលបានរៀបចំកម្មវិធីបែបទំនើបកម្មមួយសម្រាប់ការងារគ្រប់គ្រងជនបរទេស ដែលជាបច្ចេកទេសមួយល្អប្រសើរ។

ឯកឧត្តម បញ្ជាក់ថា ចំពោះប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជណាចក្រកម្ពុជា(FPCS) មានការពាក់ព័ន្ធចំនួន២ចំណុច៖ ទី១គឺការអប់រំ និងផ្សព្វផ្សាយបន្តទៀតចំពោះម្ចាស់គោលដៅ គិតទាំងអាជីវកម្ម និងការស្នាក់នៅរបស់ជនបរទេស ដែលត្រូវគៀរគរឲ្យអ្នកទាំងអស់នោះចូលរួមដើម្បីអនុវត្តជាពិសេសគឺការស្ម័គ្រចិត្តបំពេញ ក្នុងលក្ខខណ្ឌរបស់មន្ត្រីយើង។ ទី២នៅលើសមត្ថកិច្ច ដែលកិច្ចការនេះជាកិច្ចការរបស់ស្នងការនគរបាលរាជធានី-ខេត្ត ដែលមានមន្ត្រីជំនាញឯកទេសគឺស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ មានប្រធានការិយាល័យ និងអធិការរងគ្រប់គ្រងជនប្រទេស នៅខណ្ឌ ស្រុក ក្រុង អនុវត្ត។

ឯកឧត្តម ក៏បានជំរុញឲ្យស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីពេលនេះ ដើម្បីអោយនាយរងប៉ុស្តិ៍បានទទួលភារកិច្ចនេះ ទាំងការបង្រៀនបច្ចេកទេស ដឹងពីរបៀប និងប្រមូលផ្តុំគ្នាដើម្បីធ្វើការងារនេះដែលមានអ្នកទទួលបន្ទុក។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បន្ថែមអោយដឹងថា បទពិសោធក្នុងការគ្របគ្រងកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងប្រទេសមួយ ទៅបានអាស្រ័យទៅលើការគ្រប់គ្រងលើបញ្ហាមួយចំនួនដែល ទី១ការគ្របគ្រងមនុស្សបានល្អ គឺជាដើមចមនៃសន្តិសុខជាតិ ទី២គ្រប់គ្រងមធ្យោបាយយាន្តយន្តធ្វើដំណើរ ទី៣ការគ្រប់គ្រងមុខរបរនិងទី៤គឺកាគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាសង្គម។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្តថា កិច្ចការគ្រប់គ្រងអន្តោប្រវេសន៍ គឺជាកិច្ចការមួយផ្នែកដែលគ្រប់គ្រងមនុស្សក្នុងនោះមានពលរដ្ឋ និងជនបរទេស។

ឯកឧត្តម បញ្ជាក់ថា បញ្ហាប្រឈមក្នុងការងារគ្រប់គ្រងជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា មាន៤សំខាន់ ក្នុងនោះប្រឈមទី១គឺអ្នកដឹកនាំតាមថ្នាក់ខ្វះការទទួលខុសត្រូវ ខ្វះការយកចិត្តទុកដាក់ ដូច្នេះក្រោយទទួលបានអនុសាសន៍ណែនាំស្នងការនគរបាលទាំង២៥រាជធានី ខេត្ត ត្រូវតែទទួលអនុវត្ត និងបែងចែកភារកិច្ចបន្តដើម្បីយកទៅអនុវត្ត។ រីឯបញ្ហាប្រឈមទី២គឺ មន្ត្រីជំនាញឯកទេសប្រើប្រាស់ប្រូក្រាម ឧបករណ៍ទំនើបដែលទាមទារអោយអ្នកប្រាស់ចាំបាច់ទំនើបដែរ ដែលចាំបាច់ត្រូវទទួលការហ្វឹកហាត់បន្ថែមចំនុចដែលខ្វះខាត។ ចំណុចទី៣ ជនបរទេសដែលមានគំនិតមិនស្មោះត្រង់ដែលអាជ្ញាធរចាំបាច់ត្រូវធ្វើការអប់រំហើយបើមិនស្តាប់ ត្រូវចាត់វិធានការរដ្ឋបាល និងផាកពិន័យ បើនៅតែមិនស្តាប់ទៀតត្រូវចងក្រងឯកសាទៅតាមច្បាប់។ ឯកឧត្តម បានបញ្ជាក់ថា ប្រឈមទី៤ គឺពាក់ព័ន្ធទៅនឹងអាជ្ញាធរមានសមត្ថកិច្ចដែលឃុបឃិតជាមួយគោលដៅ ជាមួយទីតាំងដែលជនបរទេសប្រព្រឹត្តបទល្មើសប្រឈម បើរកឃើញមានបែបនេះគឺអនុវត្តតាមច្បាប់។

ក្នុងនោះដែរឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ បានបញ្ជាក់ថា​ កិច្ចការនេះជាកិច្ចការរបស់ស្នងការរាជធានី ខេត្តដែលមានមន្ត្រីជំនាញឯកទេស​ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ មាននាយការិយាល័យ​ និងអធិការរងគ្រប់គ្រងជនបរទេស នៅខណ្ឌ ស្រុក ក្រុង សម្រាប់អនុវត្ត​ ឯកឧត្តម​ សន្តិបណ្ឌិត​ ក៏បានជំរុញឲ្យស្នងការនគរបាលរាជធានីខេត្តទាំង២៥​ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីពេលនេះ ដើម្បីឲ្យនាយរងប៉ុស្តិ៍បានទទួលភារកិច្ចនេះ ទាំងការបង្រៀនបច្ចេកទេស ដើម្បីធ្វើការងារនេះដែលមានអ្នកទទួលបន្ទុក។

បើតាមរបាយការណ៍ស្តីពីលទ្ធផល នៃការងារគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្រោយពីទទួលបានការបណ្តុះបណ្តាលរួចហើយ ស្នងការនគរបាលរាជធានីខេត្តទាំងអស់បានស្នើសុំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបង្កើតគណនីជូនមន្ត្រីជំនាញ និងមន្ត្រីនគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៤១០០ករណី ដើម្បីប្រើប្រាស់ក្នុងការតាមដានគ្រប់គ្រងជនបរទេសនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានោះមន្ត្រីនគរបាលបានចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងលំនៅដ្ឋាន ដែលមានជនបរទេសស្នាក់នៅឲ្យចុះឈ្មោះ បង្កើតគណនីដើម្បីរាយការណ៍ ពីវត្តមានជនបរទេសស្នាក់នៅទីតាំងរបស់ខ្លួន។ ជាលទ្ធផលមកដល់ខែមករា ឆ្នាំ២០២២នេះ មានម្ចាស់អ្នកកាន់កាប់លំនៅដ្ឋានបានស្នើបង្កើតគណនីសរុបចំនួន៧១,៩៥៥គណនី ហើយបានរាយការណ៍ពីវត្តមានជនបរទេសក្នុងប្រព័ន្ធសរុបចំនួន៣៨ម៉ឺន២ពាន់៨៣១នាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី