Friday, July 8, 2022

វិលរកទ្រនំចាស់វិញ : លោក ហេង ចន្ថា ស្ម័គ្រចិត្តដង្ហែតាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ

ភ្នំពេញ ៖ លោក ហេង ចន្ថា អតីតជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានវិលរកទ្រនំចាស់វិញ គឺបានស្ម័គ្រចិត្តមកដង្ហែតាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច។ ការសម្រេចចិត្តរបស់លោក ហេង ចន្ថា និងការចាកចេញពីក្រុមលោកសាយ ហាក់ បានធ្វើឡើងបន្ទាប់ពីបរាជ័យក្នុងការយាងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកហេង ចន្ថា បានធ្វើលិខិតទូលលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ថា លោកបានដង្ហែតាមព្រះកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ដោយស្វាមីភ័ក្ត្រ ស្មោះត្រង់គ្រប់កាលៈទេសៈទាំងកម្លាំង កាយចិត្តនិង ទ្រព្យធន ឥតងាករេជារៀងដរាបមក។
ក្នុងកាលៈទេសៈដ៏មហាសែនលំបាកលោកបានយល់ច្បាស់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាបញ្ញាវ័ន្តមួយអង្គប្រកបដោយ ព្រះបញ្ញាញាណជាទីទំនុកចិត្តរបស់ សមាជិក សមាជិការបស់គណបក្សហ៊្វុនស៊ិនប៉ិច និងសក្តិសមជាអ្នកបន្តវេនពីព្រះអយ្យកោ និងព្រះបិតារបស់ព្រះអង្គដើម្បីគង់ជាព្រះប្រធានដឹកនាំគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ឱ្យ មានប្រជាប្រិយភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រង់នាពេលខាងមុខនេះ ។ ដើម្បីថ្វាយព្រះគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអគ្គមគ្គុទ្ទេសប្រវត្តិសាស្ត្រនៃគណបក្សហ៊្វុនស៊ិនប៉ិច ដូច្នេះលោកព្រមទាំងក្រុមគ្រួសារ និងអ្នកគាំទ្រទាំងអស់ សម្រេចចិត្តថ្វាយការគាំទ្រព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សដែលដាក់ជូន អង្គសមាជបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនាថ្ងៃទី០៩ ឆ្នាំ២០២២ ។

សូមជមក្រាបថា នៅថ្ងៃទី៩ ខែកុម្ភ: ស្អែកនេះ គណបក្សហ៊្វុនស៊ិនប៉ិច នឹងរៀបចំធ្វើសមាជវិសាមញ្ញ នៅព្រះដំណាក់វាលស្បូវ លេខ A២៨៥ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនគណបក្ស និងកំណត់យុទ្ធសាស្ត្រ នយោបាយគណបក្ស៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ