Friday, July 8, 2022

ឯកឧត្តម ឃួង ស្រេង ៖ ចំណុចអវិជ្ជមាន ត្រូវតែបំពេញបន្ថែម ល្បែងស៊ីសង និងគ្រឿងញៀន ត្រូវបង្ក្រាបឲ្យអស់ពីមូលដ្ឋាន

ភ្នំពេញ៖ ដើម្បីទទួលបានជ័យជំនះ នៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខនេះ លោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្វះស្វែងរកចំណុចអវិជ្ជមានមួយចំនួន យកមកធ្វើការកែលម្អ ឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ឈានទៅដល់ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់នាពេលដ៏ខ្លីខាងមុខនេះ។

ការស្វែងរកចំណុចអវិជ្ជមាននេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

ក្នុងពិធីសំណេះសំណាលនេះ ប្រធានគណបក្សសង្កាត់ទាំង១១ បានលើកឡើងពីភាពជោគជ័យ នៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ចំនួន ៤អាណត្តិកន្លងមក ហើយក៏សង្ឃឹមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥នេះ នឹងទទួលបានជោគជ័យ ។
ការរំពឹងទុកបែបនេះ ដោយសារតែយើងមានគោល នយោបាយរបស់បក្សល្អត្រឹមត្រូវ ពិសេសថែមទៀត មានសម្ដេចតេជោ ហ៊ុនសែន ជាប្រធានគណបក្ប្រជាជនកម្ពុជាសនិងជានាយករដ្ឋមន្ត្រី ដ៏ល្អដែលបានបំរើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋដោយ ភាពស្រលាញ់និងស្មោះត្រង់ ។ អ្វីដែលយើងមើលឃើញកាន់តែច្បាស់ទៀតនោះ គឺនៅក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបំពេញការងារ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដែលធ្វើអោយកិត្តិនាម របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជន គោរព ស្រលាញ់និងមានការជឿទុកចិត្ត ។

បន្ថែមពីលើនេះទៀត ប្រធានគណបក្សសង្កាត់ទាំង១១ ក៏បានលើកឡើងពីការខ្វះខាតមួយចំនួន លើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន ដូចជាការសុំដាក់បណ្តាញលូ សុំដាក់ភ្លើងបំភ្លឺសាធារណៈ ការសុំធ្វើជណ្តើរឡើងរួម និងការខិតខំផ្ដល់សេវាជូន ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖ រាល់សំណូមពរនិងសំណើរឡើង របស់ប្រធានគណបក្សសង្កាត់ទាំង១១ ត្រូវតែធ្វើឡើងឲ្យបានលឿន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដោយសារពេលនេះ ប្រជាពលរដ្ឋពួកគាត់ស៊ីវីល័យហើយ ដូច្នេះការស្នើសុំរបស់គាត់ ក៏ត្រូវតែស៊ីវីល័យផងដែរ។

ឯកឧត្តមឃួង ស្រេង បន្តទៀតថា៖ រាល់ការងារអសកម្ម ត្រូវតែកាត់បន្ថយឲ្យអស់។ កងកម្លាំងមានសមត្ថកិច្ច ត្រូវតែបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ពោលគឺរក្សាឲ្យបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ។ លោកថា ទាំងអ្នកក្រ អ្នកមាន លោកឧកញ៉ា គឺសុទ្ធតែត្រូវការសន្តិសុខដូចគ្នា។ បន្ថែមពីលើនេះការរៀបចំ សណ្តាប់ធ្នាប់សាធារណៈត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋទាំងអស់។

នៅទីបញ្ចប់នៃពិធីនេះឯកឧត្តមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានឧបត្ថមជាថវិកា ជូនគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញចំនួន ៥លានរៀល និងប្រធានគណបក្សសង្កាត់ទាំង១១ ក្នុងបក្សសង្កាត់ទទួល បាន២លានរៀលផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី